ឯកឧត្តមបណ្ឌិតចុះពិនិត្យនិងធ្វើការរំដោះទឹកជំនន់ចេញពីក្រុង

veary thla | តុលា ៩, ២០១៧ ៨:៥៣ ល្ងាច




ខេត្តសៀមរាប ៖ ដោយខេត្តសៀមរាបបានរងនូវសម្ពាធទាប  ដែលធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាប៉ុន្មានថ្ងៃមកនេះ  បានធ្វើឲ្យតំបន់មួយចំនួនក្នុងខេត្តសៀមរាប បានទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង សំខាន់ក្នុងតំបន់ក្រុងសៀមរាប  ។ ឆ្លងតាមការចុះធ្វើកិច្ចប្រតិបត្តិការ ក្នុងការរំដោះ និង បញ្ចៀសជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃមកនេះ  ស្ថានភាពនៃជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួន បានស្រកជាបន្តបន្ទាប់  ។  ដោយឡែកនៅតំបន់ភូមិវប្បធម៌ ក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ស្ថានភាពទឹកមិនមានការថយចុះឡើយ  ដែលធ្វើឲ្យមានការលិចលើកំណាត់ផ្លូវជាតិលេខ៦ និង ភូមិដ្ឋាន ប្រជាពលរដ្ឋ  ហើយចំណោទបញ្ហាសំខាន់នោះ គឺធ្វើឲ្យមានផលប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ។ ដោយកត្តានេះហើយ នៅរសៀលថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានដឹកនាំកម្លាំង នៃមន្ទីរជំនាញមានការពាក់ព័ន្ធ និង អាជ្ញាធរក្រុង ចុះធ្វើការពិនិត្យ និង ស្តារប្រព័ន្ធលូ  ព្រមទាំងបើកមុខទឹកមួយចំនួន  ដើមី្បបញ្ចៀស និង រំដោះទឹកឲ្យអស់ពីផ្លូវជាតិ និង ភូមិដ្ឋានប្រជាពលរដ្ឋ ។

ក្នុងកិច្ចចុះធ្វើប្រតិបត្តិការបើកផ្លូវទឹកនោះ  កម្លាំងនៃមន្ទីរជំនាញ បានបើកនូវប្រព័ន្ធផ្លូវទឹកមួយចំនួន និង មុខទឹក ចំនួនបីកន្លែងផងដែរ  ។  ម៉្យាងទៀតប្រព័ន្ធផ្លូវទឹកមួយចំនួន ត្រូវរងការចាក់ដីលប់ ហើយត្រូវបានកម្លាំងជំនាញយើង បានធ្វើការបើកឲ្យដំណើរការឡើងវិញផងដែរ ។

ក្នុងការពិនិត្យស្ថានភាពផលប៉ះពាល់នោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានដាក់នូវវិធានការមួយចំនួន ដល់មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការសិក្សាបន្ថែម នៅក្រោយពេលជំនន់ទឹកភ្លៀងបានស្រកអស់ ក្នុងការរៀបចំផែនការ និង គម្រោងមួយចំនួន ដើមី្បក្នុងការស្ថាបនាប្រឡាយផ្លូវទឹក នៅពេលរដូវប្រាំងខាងមុខ សម្រាប់រំដោះទឹក នៅរដូវវស្សា កុំឲ្យមានការលិចលង់ក្នុងក្រុងតទៀត ។  ក្នុងនោះឯកឧត្តមបណ្ឌិតបានកំណត់នៅតំបន់មួយចំនួន ដើមី្បស្ថាបនាប្រព័ន្ធប្រឡាយរំដោះជំនន់ទឹកភ្លៀង ដោយមិនអនុញ្ញាតឲ្យម្ចាស់ដីទាំងឡាយ ធ្វើការចាក់ដីទៅតាមតែអំពើចិត្ត គ្មានច្បាប់ទន្លាប់នោះឡើយ  ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានសូមឲ្យបងប្អូនប្រជាជនចូលរួម ក្នុងការថែរក្សានៅតាមមុខទឹកហូរ ជួយបាកកាយ នូវសម្រាមដែលបានកកស្ទះមុខលូ  ដើមី្បឲ្យចរន្តទឹកហូរទៅបានលឿន  នៅពេលដែលទឹកជនជោនោះ ។ ម៉្យាងទៀតអាជ្ញាធរក្រុង សង្កាត់ត្រូវយកចិត្តទុកដាក់ លើប្រព័ន្ធប្រឡាយមួយចំនួន ដែលខ្វះការថែទាំរបស់អាជ្ញាធរមូលដ្ឋាន និង គ្មានការចូលរួមពីប្រជាពលរដ្ឋ បានធ្វើឲ្យដី និង សម្រាមហូរចូលប្រឡាយ ព្រមទាំងពុំដែលបានធ្វើការស្តារ ឬ កាប់ស្មៅដុះក្នុងប្រឡាយ ក៏ជាបញ្ហាធ្វើឲ្យស្ទះចរន្តទឹកហូរពុំទាន់ផងដែរ  ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានធ្វើការអភ័យទោស ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះ ពាល់ក្នុងពេលបើកមុខទឹក  ក្នុងគោលដៅផលប្រយោជន៍របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា  សំខាន់ដើមី្បបញ្ចៀសកុំ ឲ្យផ្លូវថ្នល់លិចលង់យូ ដែលធ្វើឲ្យខូចខាតផលប្រយោជន៍ជាតិ  ក៏ដូចជីវភាពរបស់ប្រជាពលរដ្ឋផងដែរ  ។  ដូច្នេះការបើក ផ្លូវទឹកនាពេល ជាជម្រើសមួយរបស់អាជ្ញាធរ គឺធ្វើយ៉ាងណាឲ្យទឹកជំនន់ទាំងនេះ ឲ្យចេញផុតពីក្រុងសៀមរាបយើង  ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅតាមលំនៅដ្ឋានរងគ្រោះជំនន់ទឹកភ្លៀង ត្រូវប្រុងប្រយ័ត្នឲ្យបានគ្រប់វិនាទី ចំពោះកូនចៅ ក្រុមគ្រួសារ កុំឲ្យមានកើតនូវប្រការគ្រោះថ្នាក់ណាមួយដល់ក្រុមគ្រួសាររបស់បងប្អូនឡើយ ៕ អត្ថបទ ម៉ី សុខារិទ្ធ សៀមរាប

2766 2767 2768 2769 2770 2771 2772 2773 2774 2775 2776 2777 2778 2780 2781 2782 2783 2784 2785 2786 2787 2788 2789 2790






គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប

ស្ថិតនៅតាមបណ្តោយផ្លូវពោធិ៍កំបោ ភូមិមណ្ឌល1 សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប

សារអេឡិចត្រូនិច cpp_sr@yahoo.com Fax 063760445, គេហទំព័រ :www.siemreap.org.kh