មន្ត្រីស្រុកបន្ទាយស្រី៤រូបត្រូវបានប្រកាសចូលកាន់មុខតំណែង

veary thla | តុលា ៩, ២០១៧ ៩:៣៨ ល្ងាច




ខេត្តសៀមរាប ៖ លោក សូរ សុន  ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​មុខតំណែង​ជា​អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ព្រមទាំងការប្រកាសផ្ទេរ ភារកិច្ច និង ប្រគល់មុខតំណែងមន្ត្រីរដ្ឋបាលសាលាស្រុកបន្ទាយស្រីមួយចំនួនផងដែរ  ។   ​ពិធី​ប្រកាស​តែងតាំង ​ ផ្ទេរភារកិច្ចនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០១៧នេះ នៅសាលាស្រុកបន្ទាយស្រី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រីអភិបាលស្រុករួចមកលោក ស៊ុន ចំណាន នាយកទីចាត់ការរដ្ឋបាល នៃរដ្ឋបាលសាលាខេត្តសៀមរាប បានអាននូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និង សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ក្នុងការតែងតាំង ផ្ទេរ និង ប្រគល់ភារកិច្ចដល់មន្ត្រីទាំង០៤រូបមក និងបន្ទាប់ពីគណៈអធិបតីធ្វើការប្រគល់​អនុក្រឹត្យ​ និង សេចក្តីប្រកាសរួចមក​ លោក សូរ សុង ​ ក៏បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត បញ្ជាក់ពីការដឹកនាំបន្តនៅក្នុងអាណត្តិទី២របស់ខ្លួនផងដែរ ។

មានមតិសំណេះសំណាលនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងស្រុកបន្ទាយស្រី ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។ សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេច បាននូវសមទ្ធិផលជាច្រើគួរជាទីមោទនភាព ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏លើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែងនេះជូនលោក សូរ សុន អភិបាលស្រុក អាណត្តិទី២ ក្នុងដែនសមត្ថកិច្ច និង លោកស្រី រឿន គីណា និង លោក ភន់ សុខុម ជាអភិបាលរងស្រុក  និង លោក សោម សាមេត ជានាយករដ្ឋបាល ស្រុកបន្ទាយស្រី គឺជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព  ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ។  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ  តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុកត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត  ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់ គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សំខាន់ស្រុកបន្ទាយស្រីគឺជាគោលដៅនៃភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្ត ។  ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ និងកម្លាំងសមត្ថកិច្ច ដោយក៏បានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និង ចរាចរណ៍  សេវារដ្ឋបាលសាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម គឺត្រូវអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសហការលុបបំបាត់នូវ អំពើពុករលួយ និង ការធ្វើចរាចរគ្រឿងញៀន ល្បែងស៊ីសង ក្មេង ទំនើង និង បទល្មើសផ្សេងៗជាដើម ។ ម៉្យាងទៀតក៏ត្រូវយកការទុកដាក់ ទៅលើបញ្ហាកង្វះមន្ត្រីជំនួយការនៅថ្នាក់ឃុំ​ សង្កាត់ ដែលត្រូវបានក្រសួងមហាផ្ទៃធ្វើការណែនាំកន្លង និង យកចិត្តទុកដាក់ចំពោះបញ្ហាការយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវសាធារណៈក្នុងការធ្វើចរាចរណ៍ទៅមក ព្រមទាំងរក្សាឲ្យបាននូវ អនាម័យ និងបរិស្ថាន ផងដែរ ។ ម៉្យាងទៀតនៅស្រុកបន្ទាយស្រី ដោយមានឃុំភូមិមួយចំនួនស្ថិតក្នុងតំបន់អប្សរា សូមឲ្យអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ យកចិត្តទុកដាក់អំពីបញ្ហាដែលប្រជាពលរដ្ឋធ្វើអ្វីដែលផ្ទុយ និង ច្បាប់របស់អង្គការយូនេស្កូ ដែលធ្វើ​ឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ  ។  ដើម្បីបញ្ជាក់ជា​សក្ខីភាព ក្នុងការ​ឆ្លើយតប​ទៅនឹង​ទំនុកចិត្ត​របស់​ថ្នាក់ដឹកនាំ​ក្រសួង គណៈអភិបាលខេត្ត ដែល​បានផ្តល់​នូវ​ជំនឿ​ទុកចិត្ត ចំពោះលោក លោកស្រីដែលបានតែងតាំង និង ផ្ទេរ ភារកិច្ច ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើ ត្រូវខិតខំ​បំពេញការងារ​ទ្វេរ​ដង ដោយ​ស្មារតី​យកចិត្តទុកដាក់ នឹងមាន​ការទទួល​ខុសត្រូវ​ខ្ពស់ ព្រមទាំង​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត បញ្ញាញាណ និង ​ប្រាជ្ញា​ស្មារតី ដើម្បី​បំពេញការងារ​ជូនតម្រូវការរបស់ប្រជាជន​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ។  ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាន​ គតិយុត្ត ​ជា​ធរ មាន របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ចូលរួម អនុវត្ត​កម្មវិធី​នយោបាយ និង​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជ​រដ្ឋាភិបាល និង ​គោលនយោបាយ​ចាត់តាំង នឹង​ដឹកនាំរបស់​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាលខេត្ត និង រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ​ជួរ​គណៈ​អភិបាល ក្រុម​ប្រឹក្សា និង​មន្ត្រី​ក្រោមឱវាទ​ រដ្ឋបាលសាលាស្រុក ​ដោយ​ប្រកាន់ខ្ជាប់ នូវ​គោលការណ៍​គ្រឹះទាំង​៤​សម្រាប់​មន្ត្រី​មុខងារសាធារណៈ​ គឺឆន្ទៈ​​​ ម្ចាស់ការ ភក្ដីភាព មនសិការ​វិជ្ជាជីវៈ និង ​វប្បធម៌​សេវាសាធារណៈ ក្នុងការចូលរួម​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយបណ្តា​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ ខេត្ត ក្រុង​សម្ព័ន្ធ​មេត្រីភាព អង្គការ​សង្គម​ស៊ីវិល ក៏ដូចជាវិស័យ​ឯកជន  ដើម្បី​វឌ្ឍនៈភាព និង​ ការអភិវឌ្ឍន៍​ស្រុករបស់ខ្លួន ឲ្យ​កាន់តែ​មានសោភណ្ឌស្រស់បម្រោង និង រីកចម្រើន​ថែមទៀត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប

2791 2792 2793 2794 2795 2796 2797 2798 2799 2800 2801 2802 2803  2805 2806 2807






គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប

ស្ថិតនៅតាមបណ្តោយផ្លូវពោធិ៍កំបោ ភូមិមណ្ឌល1 សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប

សារអេឡិចត្រូនិច cpp_sr@yahoo.com Fax 063760445, គេហទំព័រ :www.siemreap.org.kh