ពិធីប្រកាស ផ្ទេរភារកិច្ច និងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការស្រុកវ៉ារិន

veary thla | តុលា ១១, ២០១៧ ៩:១៣ ល្ងាច




ខេត្តសៀមរាប ៖ លោក ភូ សំអាត ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុក ប្រាសាទបាគង ទៅទទួលមុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកវ៉ារិន ជំនួសលោក នាក់ ណេរ៉ុន ដែល បានផ្ទេរភារកិច្ចទៅកាន់អភិបាលស្រុកស្រីស្នំ និង លោកស្រី អ៊ឹង ផល្លី  ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ២ ពីអភិបាល ​រងស្រុកអង្គរជុំ ទៅទទួលមុខតំណែងជាអភិបាលរងស្រុកវ៉ារិន និង លោក កែ ស ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ ទទួលមុខតំណែងជាអភិបាលរងស្រុកវ៉ារិន សម្រាប់អាណត្តិទី២ផងដែរ  ។ ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងកាល ពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត  នៅរដ្ឋបាលសាលាស្រុកវ៉ារិន ខេត្តសៀមរាប ដោយមានការនិមន្ត អញ្ជើញចូលរួមពីព្រះអនុគណស្រុកទាំងពីរ  អស់ លោក លោកស្រី ជាមេបញ្ជាការ បញ្ជាការរងប្រចាំទិស ក្រុមប្រឹក្សា គណៈអភិបាលស្រុក  អាជ្ញាធរឃុំ មន្ត្រី រាជការជុំវិញស្រុកផងដែរ ។

បន្ទាប់ពីការអាននូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និង សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ព្រមទាំងការ​ធ្វើ ​ប្តេជ្ញា​ចិត្តរួចមក  មានមតិនោះលោក ពៅ ពិសិដ្ឋ បានធ្វើការវាយតម្លៃខ្ពស់ដោយបានគូសបញ្ជាក់ថា សមទ្ធិផលដែលស្រុកវ៉ារិន សម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និង  វិសហមជ្ឈការ រាជរដ្ឋាភិបាល សម្រេច បាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព ។ លោកក៏បានលើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែង និង ផ្ទេរភារកិច្ចនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់ តែមានប្រសិទ្ធភាព  ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ។ លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ  តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុក ត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ  បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សំខាន់គឺច្រកចេញចូលតែមួយ ។  លោកក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ និង កម្លាំងសមត្ថកិច្ច ដោយបានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និងចរាចរណ៍ សេវារដ្ឋបាលសាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម ដែលត្រូវអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសហការលុបបំបាត់នូវ អំពើពុករលួយ និងការធ្វើចរាចរគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសផ្សេងៗជាដើម ។ ម៉្យាងទៀតក៏ត្រូវយកការទុកដាក់ ទៅលើរាល់ផលប៉ះពាល់ដល់ផ្លូវសាធារណៈ ក្នុងការធ្វើចរាចរណ៍ និង សណ្តាប់ធ្លាប់នៅទីប្រជុំជន ព្រមទាំងរក្សាឲ្យបាននូវអនាម័យ និង បរិស្ថាន ដោយស្រុកវ៉ារិន ដែលជាតំបន់សម្បូរទៅដោយព្រៃភ្នំ ហើយដែលបានកំពុងប្រែក្លាយទៅជាតំបន់ទេសចរណ៍សហមន៍ធម្មជាតិ ហើយក៏ជាស្រុកជាប់ចំណាត់ថ្នាក់នៅទូទាំងប្រទេស  លើការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាពទៀតផង ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើ អភិបាល អភិបាលរងស្រុក ដែលទើបផ្ទេរភារកិច្ច ត្រូវខិតខំ​បំពេញការងារ​ទ្វេ​ដង ដោយ​ស្មារតី​យកចិត្តទុកដាក់ នឹងមាន​ការទទួល​ខុសត្រូវ​ខ្ពស់ ព្រមទាំង​ប្រឹងប្រែង​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត បញ្ញាញាណ និង​ប្រាជ្ញា​ស្មារតី ដើម្បី​បំពេញការងារ​ជូនតម្រូវការរបស់ប្រជាជន​ឲ្យ​កាន់តែ​សកម្ម​ខ្លាំងក្លា​ថែមទៀត ។  ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ សំខាន់​ចូលរួម អនុវត្ត​កម្មវិធី​នយោបាយ និង​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជ​រដ្ឋាភិបាល និង ​គោលនយោបាយ​ចាត់តាំង នឹង​ដឹកនាំរបស់​ គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាលខេត្ត និង រក្សា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ជួរ​គណៈ​អភិបាល ក្រុម​ប្រឹក្សា និង​ មន្ត្រី​ក្រោមឱវាទ​រដ្ឋបាលសាលាស្រុក ដោយ​ប្រកាន់ខ្ជាប់នូវ​គោលការណ៍​គ្រឹះទាំង​៤​សម្រាប់​មន្ត្រី​មុខងារសាធារណៈ​ គឺ   ឆន្ទៈ​​​ ម្ចាស់ការ ភក្ដីភាព មនសិការ​វិជ្ជាជីវៈ និង ​វប្បធម៌​សេវាសាធា  រណៈ ក្នុងការចូលរួម​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយបណ្តា​ក្រសួង ស្ថាប័ន អង្គភាព​រដ្ឋ ខេត្ត ក្រុង​សម្ព័ន្ធ​មេត្រីភាព អង្គការ​សង្គម​ស៊ីវិល ក៏ដូចជាវិស័យ​ឯកជន ដើម្បី​វឌ្ឍនៈភាព និង​ ការអភិវឌ្ឍន៍​ស្រុករបស់ខ្លួន ឲ្យ​កាន់តែ​មាន  សោភណ្ឌភាពស្រស់បម្រោង និង រីកចម្រើន​ថែមទៀត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប

168 169 170 171 172 173 174 175 176 177 178 179 180 181 182 183






គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប

ស្ថិតនៅតាមបណ្តោយផ្លូវពោធិ៍កំបោ ភូមិមណ្ឌល1 សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប

សារអេឡិចត្រូនិច cpp_sr@yahoo.com Fax 063760445, គេហទំព័រ :www.siemreap.org.kh