ខេត្តសៀមរាប ៖ យុទ្ធនាការក្នុងការចលនាប្រមូលទិញផលកសិផល របស់បងប្អូនប្រជាកសិករនៅក្នុងខេត្តសៀមរាប បានបន្តមកដល់ថ្ងៃទី០៦ តុលានេះ ដែលសរុបប្រមាណជាង៤០តោន ហើយត្រូវបានឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្ត នៅតែបន្តធ្វើការប្រមូលទិញពីប្រជាកសិករ ដែលបានដឹកជញ្ជូនយកមកលក់ ដល់សាលាខេត្តសៀមរាប ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានអញ្ជើញចុះ ផ្ទាល់ក្នុងការទទួលទិញផ្លែល្ពៅ ពីបងប្អូនប្រជាកសិករ ក្នុងតម្លៃ ៥០០រៀល ក្នុងមួយគីឡូក្រាម ។ ក្នុងឱកាស នោះដែរឯកឧត្តមបណ្ឌិត ក៏បានធ្វើការលក់បន្តនូវផ្លែល្ពៅទាំងនោះ ទៅឲ្យសមាគមពាណិជ្ជកម្មចិន ប្រចាំនៅ ខេត្តសៀមរាប ដែលមានចំនួន ១៣តោន ដោយក្នុងមួយគីឡូក្រាម ៥០០រៀលផងដែរ ។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានមានប្រសាសន៍ថា នេះគឺជាសកម្មភាពប្រពៃណីចែករំលែកក្រោម អនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការជួយដោះស្រាយ នូវទុក្ខកង្វល់របស់បងប្អូនប្រជា កសិករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន ក្នុងដាំដុះដំណាំរបស់ខ្លួន ហើយនៅពេលធ្វើការ ប្រមូលភោគផលបាន បែទៅជាល្ពៅទាំងនោះគ្មានទីផ្សារទៅវិញ ។ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា ដោយទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន ឯកឧត្តមក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុក ដែល ប្រជាពលរដ្ឋមានចំការល្ពៅ ហើយកំពុងប្រមូលផលនោះ ដែលខ្វះកម្លាំងពលកម្ម និង ថវិកា ត្រូវអាជ្ញាធរធ្វើការ ដឹកនាំកងកម្លាំងក្នុងស្រុក ចុះជួយធ្វើការប្រមូលផលរបស់ពួកគាត់ ព្រមទាំងធ្វើការប្រកាសឲ្យបងប្អូនដឹកយក នូវផ្លែល្ពៅទាំងនោះ យកមកលក់ឲ្យសាលាខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានឲ្យដឹងទៀតថា ផ្លែល្ពៅដែលបានទទួលទិញពីបងប្អូនប្រជាកសិករ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ត្រូវបានឯកឧត្តមបណ្ឌិត បានធ្វើចលនាដល់បងប្អូនជាម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន និង សមាគមជាតិ អន្តរជាតិ សំខាន់សភាពាណិជ្ជកម្មខេត្ត រួមទាំងប្រជាពលរដ្ឋ ក្នុងការចូលរួមដោះស្រាយនៅ ពេលដែលប្រជាពលរដ្ឋ ជួបនូវការលំបាក ។ ម៉្យាងទៀតដោយមើលឃើញផលលំបាករបស់ប្រជាកសិករ ដែលមួយចំនួនបានខ្ចីប្រាក់ពីធនាគារ ដើមី្បយកទៅធ្វើចំការ ដាំដុះដំណាំគ្រប់ប្រភេទ ហើយនៅពេលដែល ភោគផលដំណាំទាំងនោះគ្មានទីផ្សារ ដែលធ្វើឲ្យពួកគាត់កាន់តែមានបន្ទុកធ្ងន់ឡើង ហើយការប្រមូលទិញនេះ ក្នុងការទប់ស្កាត់ការបន្ថោកតម្លៃពីឈ្នួញកណ្តាលផងដែរ ។ ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ ប្រជាកសិករនៅក្នុងខេត្តសៀមរាប ដែលបានដាំដុះដំណាំល្ពៅ ហើយគ្មាន ទីផ្សារនោះ សាលាខេត្តសៀមរាប នៅតែបន្តទិញពីបងប្អូនតទៅទៀត ។ សូមបញ្ជាក់ផងដែរថា ដំណាំល្ពៅ នៅខេត្តសៀមរាប មានដាំដុះនៅ ស្រុកស្វាយលើ ស្រុកជីក្រែង ស្រុកវ៉ារិន និង ស្រុកបន្ទាយស្រី នៅពេលដឹកយកមកលក់ឲ្យសាលាខេត្ត ត្រូវ មានលិខិតបញ្ជាក់ពីអាជ្ញាធរស្រុកជាមុនផងដែរ ។
ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ បងប្អូនម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ និង សភាពាណិជ្ជកម្មខេត្ត ព្រមទាំងសមាគមពាណិជ្ជកម្មចិន ប្រចាំខេត្ត ដែលបានចូលរួមក្នុងការជួយដោះស្រាយ នូវបញ្ហារបស់ប្រជាពលរដ្ឋ ក្នុងការលើកនូវទឹកចិត្តរបស់បងប្អូនប្រជាកសិករ ហើយនៅពេលដែលផលល្ពៅទាំង នេះអស់ពីចំការនោះ ស្ថានភាពតម្លៃល្ពៅនឹងមានការស្ទុះឡើងវិញជាក់ជាមិនខានផងដែរ ៕