ពិធីប្រកាសប្តូរឈ្មោះមន្ទីរកសិកម្មរាជធានី ខេត្ត និង ការដាក់បញ្ចូល


ខេត្តសៀមរាប ៖ យោងតាមប្រកាសលេខ ៦០៩ ប្រក.កសក ចុះថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៦ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ស្តីពីការប្តូរឈ្មោះមន្ទីរកសិកម្មរាជធានី ខេត្ត និង ដាក់បញ្ជូលខណ្ឌរដ្ឋបាលព្រៃឈើ និង រដ្ឋបាលជលផល ឲ្យស្ថិតក្រោម​មន្ទីរកសិកម្មរាជធានី ខេត្ត រួមាទាំងធ្វើការប្រកាសមុខតំណែងនាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប ចំនួន ២រូបផងដែរ ។  ពិធី​ប្រកាសនេះ​ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក លី សំរឹទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០១៦នេះ នៅមន្ទីរកសិកម្មខេត្ត​សៀមរាប  ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកប្រធានមន្ទីរកសិកម្មខេត្ត និង ការប្រកាសដាក់បញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ និង រដ្ឋបាលជលផល ឲ្យស្ថិតក្រោមមន្ទីរកសិកម្មរាជធានី ខេត្ត និង ប្រកាសតែងតាំង ប្រគល់ភារកិច្ច ផ្ទេរ និង សម្រួលភារកិច្ចនាយរងខណ្ឌរដ្ឋបាល​ជលផលសៀមរាប ចំនួន​២រូបរួចមក មានប្រសាសន៍នោះដែរ ​ឯ.ឧ លី សំរឹទ្ធ ក៏បានលើកឡើងផងដែរ អំពីរបៀបរបបការងារ នៃការ​គ្រប់គ្រងរដ្ឋបាល ដោយកន្លងមកអង្គភាព ខណ្ឌរដ្ឋបាលព្រៃឈើ និង រដ្ឋបាលជលផល មិនត្រូវបានស្ថិតក្រោមការគ្រប់គ្រង របស់​មន្ទីរកសិកម្មខេត្តឡើយ តែចាប់ពីពេលនេះទៅមុខ អង្គភាពទាំងពីរ ត្រូវបានស្ថិតនៅក្រោមបន្ទុកទទួលខុសត្រូវរបស់មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទខេត្ត ។

មានប្រសាសន៍សំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ណៅ ធួក ក៏បានធ្វើការអបអរសាទរផងដែរ ពីការជួបជុំនៃមហាគ្រួសារ​កសិកម្ម ដែលកន្លងមកអង្គភាពទាំងពីរនេះ ត្រូវបានកាត់ផ្តាច់ចេញពីគ្នា តែស្ថិតក្រោមដំបូលក្រសួងកសិកម្មតែមួយ តែពេលនេះ​យើងត្រូវមករួមរស់ជាមួយគ្នា បំពេញភារកិច្ចជាមួយគ្នា  ក្លាយជាមន្ទីរ តែមួយ ក្រោមការដឹកនាំក្បាលម៉ាស៊ីនតែមួយផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ឲ្យដឹងផងដែរថា ក្រសួងមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបំបែកចេញពីក្រសួង​កសិកម្ម ។ តែដោយការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏បានធ្វើការប្តូរឈ្មោះមន្ទីរកសិកម្មរាជធានី ខេត្ត ឲ្យទៅជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រាជ ធានី ខេត្ត ដោយបានបញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ និង រដ្ឋបាលជលផល ស្ថិតនៅក្រោមការគ្រប់គ្រង ទទួលខុសត្រូវរបស់មន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទរាជធានី ខេត្តវិញ ។ ឯកឧត្តមបណ្ឌិត ណៅ ធួក ក៏បានបន្តទៀតថា នេះជាខេត្តទីមួយហើយ ដែលត្រូវបាន​ធ្វើ​ការប្រកាសប្តូរឈ្មោះមន្ទីរ ព្រមទាំងបានធ្វើការប្រកាសចូល កាន់មុខតំណែងរបស់នាយរងខណ្ឌរដ្ឋបាលជលផល ចំនួនពីររូប​ផង​ដែរ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានធ្វើការណែនាំ និងផ្តល់នូវអនុសាសន៍មួយចំនួន ដល់មន្ត្រីរាជការថ្នាក់ដឹកនាំមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ត្រូវចេះរួមសហការគ្នា ក្នុងការដឹកនាំ និង អនុវត្តបំពេញភារកិច្ចស្នូលរបស់ខ្លួន និង ធ្វើការ​ជម្រុញការ​បណ្តុះបណ្តាលបច្ចេកទេស ជំនាញដល់មន្ត្រីក្រោមឱវាទ ក្នុងការអនុវត្តនូវគោលការណ៍យុទ្ធសាស្ត្រ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ។ ម៉្យាងទៀតចំពោះមន្ត្រីដែលទើបបានចូលកាន់មុខតំណែង នាឱកាសនេះ ក៏ត្រូវបង្កើនការយកចិត្ត​ទុកដាក់លើការដឹកនាំ មន្ត្រីជំនាញក្រោមឱវាទរបស់ខ្លួន ក្នុងអនុវត្តនូវភារ កិច្ចស្នូលរបស់ខ្លួន ។  ឯកឧត្តមបណ្ឌិត ណៅ ធួក ក៏បាន​ធ្វើការផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ ក្រោម    ឱវាទនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបង្កើននូវស្មារតីយក​ចិត្តទុកដាក់ខ្ពស់ ក្នុងការជម្រុញវិស័យ កសិកម្ម ក្នុងការទ្រទ្រង់ស្បៀងអាហារ ក្នុងការនាំចេញនូវស្រូវ អង្ករទៅតាមផែនការរបស់​ប្រមុខរាជរដ្ឋាភិបាល បានកំណត់ ហើយសំខាន់ជាងនេះទៅទៀត ចំពោះខណ្ឌរដ្ឋបាលព្រៃឈើ និង រដ្ឋបាលជលផល ត្រូវបង្កើន​ការ ផ្សព្វផ្សាយ បណ្តុះបណ្តាលដល់សហគមមូលដ្ឋាន លើការដាំដុះកូនឈើ ការបង្កើតវារីវប្បកម្មចិញ្ចឹមត្រី រួមទាំង ធ្វើការទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ ការដឹកជញ្ជូនឈើខុសច្បាប់  បទល្មើសនេសាទ ដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅក្នុងដែរ​សមត្ថកិច្ចរបស់ ក្នុងការថែរក្សាអភិរក្សនូវធនធានធម្មជាតិ និង មច្ចាជាតិ ផងដែរ ។  គ្រប់មន្ត្រីជំនាញទាំងអស់ ដែលបានឃុបឃិត​ជាមួយជនខិលខូច ធ្វើជាខ្នងបង្អែកឲ្យបទល្មើសទាំងនោះ  ត្រូវធ្វើការបញ្ឈប់ជាបន្ទាន់ ។ ម៉្យាងទៀតមន្ទីរក៏ជាសេនាធិការដ៏សំខាន់​របស់ខេត្ត ត្រូវមានការទំនាក់ទំនង សហការឲ្យបានល្អជាមួយបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និង រក្សាការសាមគ្គីផ្ទៃក្នុងឲ្យបានល្អ និង កិច្ចទំនាក់ទំនងល្អជាមួយភ្ញៀវជាតិ អន្តរជាតិផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

2  2836

3 1