ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៦នេះ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានធ្វើកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច និង ផែនការការពារសម្រាប់មហាសន្និបាតសភា តំបន់អាស៊ី លើកទី៩ របស់អនុគណៈកម្មការទទួល បន្ទុកផ្នែកសន្តិសុខ នៃគណៈកម្មការរៀបចំមហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ ក្រោមការដឹកនាំកិច្ចប្រជុំរបស់ ឯកឧត្តម ហ៊ុន ណេង ប្រធានអនុគណៈកម្មការទទួលបន្ទុកផ្នែកសន្តិសុខ នៃមហាសន្និបាតសភាតំបន់លើកទី៩ និង ជាសមាជិករដ្ឋសភាជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិកអនុគណៈកម្ម ការ និង អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងផងដែរ ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះ ឯកឧត្តម ហ៊ុន ណេង ក៏បានដាក់នូវរបៀបវារៈនៃកិច្ចប្រជុំនាពេលនោះ ដោយបានផ្តោតទៅលើចំណុចសំខាន់ ចំនួន៣ ក្នុងនោះលើការផ្សព្វផ្សាយអំពីសេចក្តីសម្រេចរបស់គណៈកម្មការ រៀបចំមហាសន្និបាតសភាតំបន់អាស៊ី លើកទី៩ និង សេចក្តីរាយការណ៍ អំពីគម្រោងផែនការ និង វិធានការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពជូនដល់គណៈប្រតិភូចូលរួមកិច្ចប្រជុំ និង ការចុះពិនិត្យមើលទីតាំងក្នុងការ រៀបចំមហាសន្និបាត ព្រមទាំងលើកនូវបទពិសោធន៍ដែលការងារសន្តិសុខយើងបានអនុវត្តកន្លងមកផងដែរ ។
ឆ្លងតាមការផ្សព្វផ្សាយអំពីសេចក្តីសម្រេច នូវសមាសភាពសមាជិកអនុគណៈកម្មការរ និង សេចក្តីរាយការណ៍របស់សមត្ថកិច្ចជំនាញផ្នែកការពារសន្តិសុខ ដែលបានលើកឡើងនូវទីតាំងសំខាន់ៗ ដែលកងកម្លាំងសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ នៅទីតាំងកម្សាន្តនៅពេលរាត្រី ដោយខេត្តសៀមរាបជាមជ្ឈមណ្ឌលប្រមូល ផ្តុំទៅដោយភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ក្នុងនោះអង្គប្រជុំក៏បាន ផ្តោតចំពោះទីតាំងផ្សាររាត្រី និង តំបន់ផាប់ស្ទ្រីប ផ្សារចាស់ ដែលជាទីកណ្តាលក្រុងប្រវត្តិសាស្ត្រ ។ ក្នុងនោះអង្គប្រជុំ ក៏បានលើកនូវផែនការ និង ទិសដៅដែលត្រូវអនុគណៈកម្មការផ្នែកសន្តិសុខត្រូវធ្វើការអនុវត្តជាបណ្តើៗ សំខាន់លើ ការរៀបចំនូវសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាននៅតាមដងផ្លូវ និង ទីប្រជុំជន ក្នុងការសម្រួលដល់ការធ្វើចរាចរណ៍ របស់គណៈប្រតិភូ ក៏ដូចបងប្អូនប្រជាពលរដ្ឋផងដែរ ។
តាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានឲ្យដឹងថា ចំពោះផ្លូវ មួយចំនួនដែលអាជ្ញាធរខេត្តបានកំពុងធ្វើការកែលម្អនេះ អាជ្ញាធរខេត្តនឹងធ្វើការជម្រុញដល់ក្រុមហ៊ុនម៉ៅការធ្វើផ្លូវ ត្រូវពន្លឿនក្នុងការធ្វើផ្លូវឲ្យបានរួចរាល់នៅមុនបុណ្យអុំទូកខាងមុខ ព្រមទាំងធ្វើការដាក់នូវភ្លើងបំភ្លឺផ្លូវពេលរាត្រី និង ធ្វើការតុបតែងភ្លើងពណ៌ នៅតាមដងវិថីនានា ក្នុងការទទួលសាទរព្រះរាជពិធីបុណ្យអុំទូកផង និង ទទួលស្វាគមន៍ គណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ ហើយក៏ជាការលើកនូវសោភណ្ឌភាពក្រុងប្រវត្តិសាស្តផងដែរ ។ ម៉្យាងទៀត លើការងារសន្តិសុខ សណ្តាប់់ធ្នាប់ អនាម័យ បរិស្ថាន អាជ្ញាធរខេត្ត ធ្វើការជម្រុញដល់កងកម្លាំង មន្ទីរជំនាញ បង្កើន ការយកចិត្តទុកដាក់ខ្ពស់ នៅតំបន់កម្សាន្តផាប់ស្ទ្រីប និង ផ្សាររាត្រីអតីតអង្គរឃ្យុងយូរ គឺឲ្យធ្វើអាជីវកម្មនៅដដែល តែចំពោះបញ្ហាការដ្ឋានសំណង់នៅជាប់បរិវេណ នៃ សាលមហាសន្និបាត គឺសុំឲ្យធ្វើការបិទការសាងសង់មួយរយៈខ្លី ផងដែរ ។
បន្ទាប់ពីកិច្ចពិភាក្សាដំណើរការយ៉ាងផុលផុសរួចមក មានប្រសាសន៍បូកសរុបនោះដែរ ឯកឧត្តម ហ៊ុន ណេង ក៏បានលើកផងដែរថា ឆ្លងតាមកិច្ចពិភាក្សានេះ កិច្ចប្រជុំបានទទួលនូវបទពិសោធន៍ និង វិធានការល្អៗ ដែលកង កម្លាំងសមត្ថកិច្ចយើងបានអនុវត្តនាពេលកន្លងមក ក្នុងកិច្ចប្រជុំថ្នាក់កំពូល នៅខេត្តសៀមរាប ដែលជាខេត្តមួយនៃ គោលដៅរបស់ភ្ញៀវទេសចរណ៍ ក៏ដូចថ្នាក់ដឹកនាំកំពូលៗលើពិភពលោក ជ្រើសរើសយកជាទីជួបជុំទៀតផង ។ ឯកឧត្តមបានបន្តទៀតថា បទពិសោធន៍ទាំងនេះ គឺជាប្រទីបសម្រាប់កងកម្លាំងសមត្ថកិច្ច ក៏ដូចអាជ្ញាធរខេត្ត យកទៅ អនុវត្ត ក្នុងការធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនចំពោះគណៈប្រតិភូ ភ្ញៀវជាតិ អន្តរជាតិ ។ ម៉្យាងទៀតកត្តា សំខាន់ គឺការរៀបចំនូវសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និង ជុំវិញសាលសន្និសិទ្ធ នៃអង្គមហាសន្និបាត រួមទាំង អនាម័យ បរិស្ថាន ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ទៅលើ កម្លាំងជំនាញទាំងអស់ ត្រូវបង្កើនយកចិត្តទុកដាក់លើការ គ្រប់គ្រង អំពីសមាសភាព ដែលបានចូលមកស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ និង តាមច្រកទ្វារអន្តរជាតិ ទាំង ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ដើមី្បធ្វើការទប់ស្កាត់នូវរាល់ការប៉ុងប៉ង របស់ក្រុមជនខិលខូចទាំងជាតិ អន្តរជាតិ ក្នុងការធានាសុវត្ថិភាព សន្តិសុខជូនគណៈប្រតិភូ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ