ពិធីគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់៤ឆ្នាំ


ខេត្តសៀមរាប ៖ ថ្ងៃទី១៥ ខែ តុលា ដែលជាថ្ងៃគម្រប់ខួប០៤ឆ្នាំ របស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងចូលទីវង្គត់ ដែលធ្វើ យើងជាកូន ជាចៅ  ចៅទួត ចៅលួត របស់​ព្រះអង្គ មានក្តីសោកស្តាយ អាឡោះអាល័យរកទីបំផុតគ្មាន ព្រមទាំងឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្ត្រ​របស់ព្រះអង្គ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម នូវស្នាព្រហស្ត៍ របស់ព្រះករុណា ដែលបាន​បន្សល់ទុកនៅសមទ្ធិផលជាច្រើន សម្រាប់ជាតិ មាតុភូមិ ។ ក្នុងមួយព្រះជន្មរបស់ព្រះអង្គ  ព្រះអង្គបានលះបង់ទាំងព្រះកាយពល និង ព្រះបញ្ញាញាណ ដើមី្បបុព្វហេតុជាតិ ក្នុងការទាមទានូវឯករាជ្យជាតិ ពីអាណានិគមបារាំងសេស និង ខេត្តមួយចំនួនពីប្រទេស​សៀម ព្រមទាំងប្រាសាទព្រះវិហារ ក្នុងបូរណភាពទឹកដី ការបង្រួបបង្រួមជាតិ សាសនា សេរីភាព សមភាព សមធម៌ យុត្តិធម៌ មនុស្សធម៌ និង ការអភិវឌ្ឍន៍​ សេដ្ឋកិច្ច សង្គម ។ ជាងនេះទៅទៀត ព្រះវីរៈសកម្មភាពរបស់ព្រះអង្គ ដែលបានធ្វឲ្យព្រះរាជាណា​ចក្រកម្ពុជា ទទួលបាន ឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិ អព្យាក្រឹត្យភាព និង កិត្យានុភាពដ៏ល្បីល្បាញនៅលើសកលលោក​ទៀតផង ។

ក្នុងការតបស្នងចំពោះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តម ចំពោះព្រះបរមរតនកោដ្ឋ ដែលបានបូជាព្រះកាយគ្រប់បែប យ៉ាង ជូនមាតុ​ភូមិ និង ប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គនោះ នាព្រឹកកាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៦នេះដែរ នៅមុខព្រះរាជដំណាក់​ក្រុងសៀមរាប ក៏មានរៀបចំពីធីគោរពព្រះវិញ្ញាណក្ខ័ន្ធថ្វាយ ជូនដល់ព្រះរបរមរតនកោដ្ឋ ក្នុងការរំលឹកនូវគុណុបការៈ របស់ព្រះអង្គ ដែលធ្វើឲ្យប្រជានុរាស្រ្ត ទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និសិ្សត ប្រជាពលរដ្ឋ និង បងប្អូនជនជាតិខ្មែរឥសាម  នៅខេត្តសៀមរាប មិនអាចបំភ្លេចបាននូវព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម របស់សម្តេចព្រះវររាជបិតា​ជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលមួយជីវិតរបស់ ព្រះអង្គទ្រង់បានបំពេញព្រះរាជបូជនីយកិច្ច ដើមី្បឯករាជ្យ បូរណ ភាពទឹកដី និង ឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា គ្រប់កាលៈទេសៈ  ។ ក្នុងពិធីនោះដែរក៏មានវត្តមានរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ស្នងការ​នគរបាល មេបញ្ជាការ បញ្ជាការង  កងកម្លាំងប្រដាប់អាវុធ និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និង សហភាព​សហព័ន្ធ យុវជនកម្ពុជាខេត្ត សភាពាណិជ្ជកម្មខេត្ត និង  ប្រជាពលរដ្ឋផងដែរ ដែលបានចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ធរបស់ព្រះបរម​រតនកោដ្ឋ នាឱកាសនោះផងដែរ ។

បន្ទាប់ពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខព្រះឆ័យ្យលៈរបស់ព្រះបរមរតនកោដ្ឋ និង ការគោរពព្រះវិញ្ញាណក្ខ័ន្ត របស់ព្រះបរម​រតនកោដ្ឋ ដោយបានធ្វើការស្មឹងស្មាត ដើមី្បឧទ្ទិសព្រះវិញ្ញាណក្ខ័ន្ធរបស់ ព្រះអង្គទ្រង់ បានយានទៅកាន់ព្រះបរមសុគតិភព ឲ្យបាន​គ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ផងដែរថា នៅទូទាំងខេត្តសៀមរាប អាជ្ញាធរខេត្ត បានធ្វើការណែនាំដល់បណ្តាគ្រប់ទីវត្តអារាមនិងគ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ក៏បានរៀបចំ ធ្វើពិធីគោរពព្រះវិញ្ញាណក្ខ័ន្តរបស់ព្រះបរមរតនកោដ្ឋផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ

208 210 212 213 214 215 216 217 218 219 220 221 222 223