ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៦នេះ គណៈប្រតិភូខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Li Jinzhu អនុប្រធាននៃសភាប្រជាជនខេត្តសានស៊ី រួមនឹង សហការី ចូលជួបសម្តែងការគួរសមជាមួយលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត នៅ រដ្ឋបាលសាលាខេត្តសៀមរាប ។
មានប្រសាសន៍សំណេះសំណាលនោះលោក ពៅ ពិសិដ្ឋ ក៏បានបញ្ជាក់ពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្ត ។ ក្នុងនោះឯកឧត្តម ក៏បានលើកពីសក្តានុពល ភាពរបស់ខេត្តសៀមរាប គឺពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍ ដោយមានប្រជាពលរដ្ឋ ៨០%ជាកសិករ ។ ឯកឧត្តម ក៏បានលើកផងដែរ ពីហេដ្ឋារចនាសម្ព័ន្ធលើវិស័យទេចរណ៍របស់ខេត្ត រួមទាំងកំណើនភ្ញៀវទេស ចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងបានគូសបញ្ជាក់ថា ដោយកត្តាខាងលើនេះហើយ អាជ្ញាធរខេត្តបានធ្វើកិច្ចអភិវឌ្ឍន៍ និង កែលម្អសោភណ្ឌភាពក្នុងក្រុងប្រវត្តិសាស្ត្រមួយនេះ ឲ្យកាន់តែមានភាពស្រស់ត្រកាល ក្នុងការទទួលភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ។ លោក ពៅ ពិសិដ្ឋ បានលើកផងដែរថា កម្ពុជា និង ចិនមានការទំនាក់ទំនងនឹងគ្នាជាច្រើនរាជកាលជាយូរមកហើយ រហូតមកដល់នា ពេលបច្ចុប្បន្នក្រោមព្រះរាជតម្រឹះរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្ត សីហនុ បានធ្វើការពូនផ្តុំ នៃចំណងមិត្ត កម្ពុជា ចិន ហើយបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកថែរក្សាបន្ត ចំពោះ មហាមិត្ត ដោយគាំទ្រគោលនយោបាយចិនតែមួយទៀតផង ។ លោកក៏បានលើកផងដែរ អំពីទីផ្សារ ការនាំចេញភោគផលកសិកម្មរបស់ប្រជាកសិករ កម្ពុជា ក៏ដូចខេត្តសៀមរាប ដែលពួកគាត់ផលិតបានហើយ តែគ្មានទីផ្សារ ដូចជា ស្រូវ ដំឡូងមី និង ល្ពៅជាដើម ។
លោក Li Jinzhu បានមានប្រសាសន៍ថា ខេត្តសៀមរាប ខេត្តសានស៊ី មានសក្តានុពលប្រហាក់ប្រហែល សំខាន់លើវិស័យទេសចរណ៍ និង កសិកម្ម ។ លោកក៏បានលើកផងដែរថា ប្រទេសយើងទាំងពីរ មានការទំនាក់ទំនង ជាមិត្តភាពមានប្រវត្តិដ៏យូរលង់នាសម័យដើម នៃមហាអង្គរមកម្លេះ ។ ម៉្យាងទៀតប្រទេសយើងទាំងពីរ បានរក្សានូវប្រពៃណីទំនាក់ទំនង និង សហប្រតិបត្តិការល្អនឹងគ្នា ដែលធ្វើឲ្យកម្ពុជា ចិន ចាប់ដៃគ្នាកសាងទីផ្សារ នៅក្នុងតំបន់ទៅពេលអនាគត ។ ក្នុងនោះដែរលោកបានផ្តល់នូវបទពិសោធន៍ល្អៗ មួយចំនួន ក្នុងកិច្ចទំនាក់ទំនង សហប្រតិបត្តិការនឹងគ្នា ក្នុងគោលដៅផលប្រយោជន៍របស់ប្រជាពលរដ្ឋប្រទេសទាំងពីរ សំខាន់ខេត្តសៀមរាប និង សានស៊ី ។ លោក Li Jinzhu បានគូសបញ្ជាក់ផងដែរថា ខេត្តសានស៊ី មានសមាគមមួយ ដើមី្បចុះបញ្ជីក្រុមហ៊ុនកសិកម្ម អាស៊ីកម្ពុជា ដែលមាននៅកម្ពុជា ។ ម៉្យាងទៀតប្រជាជនចិនជាច្រើន ដែលមានបំណងធ្វើទេសចរណ៍ចេញក្រៅប្រទេស ហើយ កម្ពុជា ជាប្រទេសមួយកំពុងទាក់ទាញភ្ញៀវទេសចរណ៍ សំខាន់គឺខេត្តសៀមរាប ។ ក្នុងនោះដែរលោកក៏បានបញ្ជាក់ ផងដែរ ពីគោលបំណងរបស់គណៈប្រតិភូខេត្តសានស៊ី ក្នុងកិច្ចធ្វើការផ្តួចផ្តើម ជា សម្ព័ន្ធមេត្រីភាពជាមួយខេត្ត សៀមរាប ជាពិសេសលើកិច្ចសហការលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និង សិប្បកម្ម ហើយលោកនឹង ធ្វើការជម្រុញអ្នកវិនិយោគចិន ដើមី្បមកវិនិយោគនៅកម្ពុជា សំខាន់លើទឹកដីខេត្តសៀមរាប ។ លោកក៏បានធ្វើការ កោតសរសើរពីភាពរីកចម្រើន និង កិច្ចអភិវឌ្ឍន៍របស់ខេត្តផងដែរ ។
មានប្រសាសន៍នោះដែរលោក ពៅ ពិសិដ្ឋ ក៏បានថ្លែងអំណរគុណដល់គណៈប្រតិភូ ដែលបាននឹងធ្វើការ ជម្រុញអ្នកវិនិយោគចិន ចូលមកកម្ពុជា ក្នុងការវិនិយោគវិស័យទេសចរណ៍ និង កសិកម្ម ដោយបច្ចុប្បន្ននៅខេត្ត សៀមរាបក្រៅពីការទស្សនានៅតាមប្រាង្គប្រាសាទ និង រមណីដ្ឋានធម្មជាតិ តែនៅពេលរាត្រីយើងនៅកង្វះទីកន្លែង សម្រាប់ភ្ញៀវទៅទស្សនាកម្សាន្ត ។ ម៉្យាងទៀតខេត្តសៀមរាបក៏មានផ្ទៃដីកសិកម្ម ខេត្តនឹងបំពេញទៅតាមតម្រូវការ របស់ក្រុមហ៊ុន ដែលមានបំណងវិនិយោគលើវិស័យកសិកម្ម ហើយក៏ជាការជួយដល់ប្រជាកសិករកម្ពុជា ក្នុងការរក នូវទីផ្សារ នាំចេញនូវភោគផលកសិកម្ម ហើយចំពោះពន្ធលើការងារកសិកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានលើ លែកលើពន្ធដារសម្ភារៈកសិកម្មទៀតផង ៕ អត្ថបទម៉ី សុខារិទ្ធ