ខេត្តសៀមរាប ៖ សមាជិក សមាជិកា ដែលជាបណ្តាញអ្នកផ្តល់សេវាកម្មដល់ស្ត្រីរងគ្រោះដោយអំពើហឹង្សា ទាក់ទងនឹងយេនឌ័រ បានជួបប្រជុំពិភាក្សាស្តីពី យេនឌ័រ និង ផលប៉ះពាល់ ក្រោមអធិបតីភាពរបស់លោកស្រី យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត សៀមរាប នឹងដោយមានការអញ្ជើញចូលរួមពី លោកជំទាវជាថ្នាក់ដឹកនាំ ចំនួន៤ខេត្តរួមមាន ព្រះសីហនុ កំពង់ស្ពឺ ស្ទឹងត្រែង កំពង់ចាម ខេត្តព្រះវិហារ និង មន្ទីរអង្គភាពពាក់ព័ន្ធ តំណាងអង្គការមិនមែនរដ្ឋាភិបាល ដោយមានវត្តមានចូលរួមផងដែររបស់លោកជំទាវ ទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ។
មានប្រសាសន៍នាឳកាសនោះ លោកស្រី យូ សុភា ដោយបានបញ្ជាក់ថា ការដោះស្រាយ សម្របសម្រួលនូវរាល់ បញ្ហានៅក្រៅប្រព័ន្ធតុលាការ គឺកត្តាដ៏សំខាន់ និងផ្តល់អត្ថប្រយោជន៍ ដល់បងប្អូនប្រជាពលរដ្ឋទទួល រងគ្រោះ ដោយការរំលោភបំពានផ្លូវកាយ ផ្លូវចិត្ត និងការរំលោភបំពានផ្លូវភេទលើកុមារជាដើម ។ លោកជំទាវក៏បានថ្លែង ការសរសើរពីភាពយកចិត្តទុកដាក់របស់បណ្តាញដែលជាសមាជិក ទៅលើកការងារស្ត្រី និងកុមារ ហើយទទួលបានលទ្ធផលល្អ ដែលជាគន្លឹះដើមី្បបង្ការទប់ស្កាត់និងឆ្លើយតបនឹងអំពើហិង្សាលើកុមារនៅកម្ពុជា។លោកស្រី យូ សុភា បានបញ្ជាក់ថា ក្នុងការសិក្សាស្រាវជ្រាវនេះ ក៏បានទទួលស្គាល់នូវបញ្ហាប្រឈមសំខាន់បំផុតចំពោះមុខ ដើមី្បឲ្យប្រែក្លាយរបកគំហើញនៃការសិក្សាស្រាវជ្រាវនេះ ទៅជាការឆ្លើយតប ដើមី្បកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃអំពើហិង្សាលើកុមារ ។ ម៉្យាងទៀតការឆ្លើយតបប្រកបដោយប្រសិទ្ធភាព តម្រូវឲ្យមានកិច្ចសហការ សម្របសម្រួល និង ការប្តេជ្ញាចិត្តខ្ពស់ពីដៃគូនៅគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់វិស័យ ចាប់ពីថ្នាក់ ជាតិ ដល់ថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និង ប្រជាពលរដ្ឋផងដែរ ។ ដើមី្បបញ្ចប់នូវអំពើហិង្សានេះបាន មន្ត្រីអង្គភាពមានការពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការពង្រឹងនូវយន្តការ និង វិធានការការប្រឆាំងនឹងអំពើហិង្សាលើកុមារ ព្រមទាំងលើកកម្ពស់ និយាមបទដ្ឋានសង្គម ដែលថ្កោលទោសអំពើហិង្សាគ្រប់ទម្រង់ ។
អង្គប្រជុំនេះស្ថិតក្នុងគោលបំណង ដោយផ្តោតលើ បរិយាយអំពីបរិបទ និង ទំហំនៃបញ្ហា , ការកំណត់អត្ថន័យនៃផលវិបាកទៅលើសុខភាព, ការកំណត់កត្តាការពារ និងហានិភ័យដែលអាចនឹងកើតមាន, បរិយាយអំពីការប្រើប្រាស់សេវា, ព្រមទាំងការណែនាំអំពីសកម្មវិធី និងគោលនយោបាយក្នុងការទប់ស្កាត់អំពើហិង្សា លើកុមារប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕ អត្ថបទ ម៉ី សុខារិទ្ធ