ទោចក្រយានចំនួន ៤០០ គ្រឿង ត្រូវបានចែកជូនដល់ក្មួយៗសិស្សានុសិស្ស ដែលជាក្មេងកំព្រា កុមារស្ថិតក្នុងគ្រួសារក្រីក្រ និងក្មេងៗសិស្សានុសិស្សដែលងាយរងគ្រោះ នៅខេត្តសៀមរាប


ខេត្តសៀមរាប ៖ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ​២០១៦ បានអញ្ជើញចូលរួមក្នុងពិធីចែកទោចក្រយានចំនួន៤០០គ្រឿងដល់ក្មួយៗ​សិស្សានុសិស្សដែលជាក្មេងកំព្រា ជាកុមារក្នុងគ្រួសារក្រីក្រ និងជាកុមារងាយរងគ្រោះ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ភូមិជ័យ សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប ។

បើតាមសេចក្តីរាយការណ៍របស់លោក អោម ម៉ៅ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បញ្ជាក់ថា  ក្មេងៗសិស្សានុសិស្សចំនួន៤០០នាក់ ដែលជាគោលដៅទទួលបានទោចក្រយានទាំងនោះ រួមមានមកពីសាលាបឋមសិក្សានានាក្នុងខេត្តសៀមរាប ចំនួន ១៣សាលា មកពីអនុវិទ្យាល័យចំនួន៧សាលា ជូនដល់ក្រុមកុមារដែលបានបង្រួបបង្រួមទៅគ្រួសារវិញ  មណ្ឌលកុមារកំព្រាខេត្ត និងជូនសម្រាប់មន្ទីរពេទ្យកុមារអង្គផងដែរ ។

លោក សាណូ ប្រធានអង្គការ កុគឹសៃ នៃប្រទេសជប៉ុន ថ្លែងឲ្យដឹងថា  នេះគឺជាលើកទី៥០ហើយ បើនិយាយអំពីសកម្មភាពរបស់ កុគឹសៃ នាំយកទោចក្រយានមកចែកជូនដល់កុមារកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ក្នុងនេះជាលើកទី៥ សម្រាប់ខេត្តសៀមរាប ក្នុង១លើកៗមានចំនួន ៤០០គ្រឿង។ លោកថា សម្រេចបានព្រឹត្តិការណ៍ទាំង៥០លើកនេះ គឺស្ថិតក្រោមកិច្ចសហការជាមួយដៃគូជាច្រើនទៀត  ។ សម្រាប់ លើកនេះ លោក Nakamura  ជាម្ចាស់អំណោយ  ។  លោក សាណូ និយាយទៅកាន់ក្មេងៗអ្នកទទួលយកទោចក្រយានទាំង៤០០គ្រឿងនោះថា  មនុស្សគ្រប់រូបត្រូវតែមានក្តីសុបិនរបស់ខ្លួនសម្រាប់អនាគត គ្មានក្តីសុបិនមិនល្អនោះទេ ព្រោះគ្មានគោលដៅសម្រាប់ជីវិត ។ ទោចក្រយាន១គ្រឿង ជាជាសម្បត្តិដ៏តូចមួយ តែវាអាចជាមធ្យោបាយ សម្រាប់ការធ្វើដំណើរទៅសាលារៀន សិក្សាចំណេះ ឈោងចាប់ក្តីសុបិនអនាគត ។

ឯកឧត្តម វង សូត្រ មានប្រសាសន៍ថា   មកដល់បច្ចុប្បន្ននេះ​ សម័យកាលតេជោ សែន ដែលវិស័យអប់រំសិក្សាធិការជាតិ កំពុងធ្វើដំណើរក្នុងដំណើរអភិវឌ្ឍន៍ ក្រោមរបបនយោបាយ សាលារត់រកសិស្ស វាជាភ័ព្វសំណាងដ៏ល្អសម្រាប់សិស្សនិស្សិតជំនាន់ថ្មីនេះដែលសម័យកាលមុនៗ សិស្សមានតម្រូវការរត់រកសាលានោះ។ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា ៖ អង្គការ កុគឹសៃ  មជ្ឈមណ្ឌលរៀបចំចំណតកង់  អង្គការកុមារអាស៊ី (អេស្ពេកា ) អង្គការអង់ហ្វង់ដាជី  ក្រុមរ៉ូតារីអន្តរជាតិ ក្រុមហាម៉ាម៉ាស៊ុនិស៊ិ ​រ៉ូតារី ក្នុងនេះរួមមានលោក សាណូ និង លោក ណាកាមូរ៉ា បានរួមគ្នាគាំទ្រដល់គោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា លើផ្នែកមធ្យោបាយ​ធ្វើដំណើររបស់សិស្ស ដែលជាកុមារកំព្រា កុមារក្រីក្រ និង កុមារងាយរងគ្រោះ ហើយនេះ  វាគឺជាចំណែកមួយយ៉ាងសំខាន់ ដល់ការពង្រឹងលទ្ធភាពសិក្សារបស់សិស្សទាំងនោះ ។ ឯកឧត្តម  វង សូត បញ្ជាក់ថា  ៥០លើក រួមមានទោចក្រក្រយាន ប្រមាណជា ២ ម៉ឺនគ្រឿង ត្រូវបានសិស្សានុ សិស្សជាកុមារកំព្រា កុមារក្រីក្រ និងកុមារងាយរងគ្រោះ កំពុងប្រើប្រាស់ដើម្បីការសិក្សារបស់ខ្លួន  វាគឺជាឧត្តមប្រយោជន៍មួយ នៅក្នុងសង្គមកម្ពុជា ហើយក៏អាចនិយាយបានថា ធនធានមនុស្សពិតប្រាកដរបស់សង្គមកម្ពុជា គឺស្ថិតនៅក្នុងចំនួនសិស្សទាំងនោះ ព្រោះពួកគេស្គាល់ច្បាស់ តម្លៃនៃការតស៊ូ ក្នុងការធ្វើឲ្យក្តីសុបិនរបស់ពួកគេ ក្លាយជាការពិត នាថ្ងៃអនាគត ៕ អត្ថបទ ម៉ី សុខារិទ្ធ