ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប មានធ្វើការប្រកួតប្រណាំងទូក ដើមី្បអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តដោយមានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អ្នកតំណាងរាស្ត្រ គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និង វត្តមានចូលរួមរបស់ ឯកឧត្តម លោក ជំទាវជាប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ព្រះវិហារ កំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក អង្គការសង្គមស៊ីវិល ភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ ។
តាមសេចក្តីរាយការណ៍របស់លោក នួន គ្រឹះស្នា អនុប្រធានគណៈកម្មការបច្ចេកទេសបានឲ្យដឹងថាក្នុងឆ្នាំ២០១៦នេះ ការប្រណាំងទូក(ង) មានទូកចូលរួមចំនួន ៣១ទូក មានទូកនារី ០៦ទូក ដែលមានចំណុះ ២២នាក់ ហើយ មានកីឡាករ កីឡាការី សរុប ៨៣៧នាក់ នារី ១៦២នាក់ តាមប្រភេទទូកខ្នាតអន្តរជាតិ ដែលបានកំណត់ដោយគណៈកម្មាធិការជាតិកីឡាអូឡាំពិច ដើម្បីសម្រាប់ប្រកួតជាលក្ខណៈជាតិ អន្តរាជាតិ។ ក្នុងពិធីប្រណាំងទូក(ង)នេះ ក៏មានទូកមកពីខេត្តឧត្តរមានជ័យ បានចូលរួមផងដែរ ព្រមទាំងការប្រកួតប្រណាំងនូវក្រឡោ ដែលជាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរយើងនៅខេត្តសៀមរាប ។
មានប្រសាសន៍បើកការប្រកួតប្រណាំងទូក(ង)នាឱកាសនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងថា ជារៀងរាល់ឆ្នាំនៅថ្ងៃ ១៤-១៥កើត ខែ កត្តិក នៅលើទីដីប្រវត្តិសាស្រ្តខេត្តសៀមរាប បានរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្នុងលក្ខខណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គមល្អប្រសើរ ដែលកត្តាចំបងនេះ បាននឹងកំពុងក្លាយជាគោលដៅរបស់ភ្ញៀវទេសចរលើពិភពលោក ចូលមកទស្សនាកម្សាន្តកាន់តែច្រើនឡើងៗ ។ លើសពីនេះទៀត ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាការឧទ្ទិសដល់អតីតកាលអធិរាជ នៃណាចក្រខ្មែរ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចជ័យវរ័ន្មទី៧ ព្រះមហាវីរក្សត្រជំនាន់នោះ ដែលព្រះអង្គទ្រង់បានដឹកនាំកងទ័ពជើងទឹកដ៏ក្លាហាន ប្រកបដោយវីរៈភាពអង់អាច និង ពោរពេញដោយសមត្ថភាពប្រយុទ្ធ បានរំដោះជាតិមាតុភូមិ ចេញផុតពីការឈ្លានពានរបស់បច្ចាមិត្ត ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ និង កសាងសង្គមជាតិឲ្យរីកចម្រើនថ្កុំថ្កើងរហូតដល់ក្លាយជាអាច្ឆរយៈប្រទេសដ៏កំពូលនាសម័យនោះ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបន្តទៀតថា ម្យ៉ាងវិញទៀត យើងទាំងអស់គ្នាប្រាកដជាយល់ដឹងហើយថា ព្រះរាជពិធីបុណ្យនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំ ពាក់ព័ន្ធនឹងជំនឿយ៉ាងជ្រាលជ្រៅ ក្នុងមនោសញ្ចេតនារបស់យើង ដែលបុព្វបុរសខែ្មរបានប្រារព្វធ្វើតាំងពីយូរយារណាស់មកហើយ ដើម្បីជាការំលឹកដឹងគុណដល់ ព្រះគង្គារ ដែលហូរនាំដីល្បាប់ដ៏មានជីជាតិសម្រាប់បង្កបង្កើនផល នៃប្រជាកសិករយើង ហើយក៏ជារំលឹកដឹងគុណដល់ព្រះបរមគ្រូដែលយកកំណើតជាសត្វទន្សាយព្រះពោធិសត្វ ហើយឧទ្ទិសថ្វាយខ្លួន ដើម្បីសម្រេចនូវព្រះសម្មាសម្ពោធិញ្ញាណ ។ ជាមួយគ្នានេះដែរ ព្រះរាជពិធីបុណ្យបណ្តែតប្រទីប គឺជាការឧទ្ទិស ដល់អារុក្ខ អារក្ស អ្នកតា បារមីថែរក្សាទឹកដី ដើម្បីសុំសេចក្តីសុខក្សេមក្សាន្តដល់កូនចៅ ដែលរស់នៅឲ្យទទួលបានសុខសុភមង្គលចំរើនរុងរឿង និង ដើម្បីព្យាករណ៍អាកាសធាតុសម្រាប់បង្កបង្កើនផលនៅឆ្នាំបន្ទាប់ផងដែរ ។ ឯកឧត្តម ឃឹម ប៊ុនសុង ក៏លើកឡើងផងដែរថា ក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្ត ក្រុងបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការរៀបចំកែលម្អសោភ័ណភាព និងប្រមូលផ្តុំធនធានក្នុងការរៀបចំកែសម្រួល ជួសជុល ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង គួបផ្សំជាមួយនឹងការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន និងបណ្តាខេត្ត ក្រុងជាសម្ព័ន្ធមេត្រីភាព ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុងសៀមរាបឲ្យបានសមស្របទៅនឹងស្ថានភាព ភូមិសាស្ត្រ ធម្មជាតិបៃតង ។ ក្នុងន័យនេះ យើងក៏មានមោទនភាព ដោយក្រុងសៀមរាបយើងទទួលបាននូវកិត្តិនាមដ៏ល្បីខ្ទរខ្ទារនៅលើពិភពលោក ក្លាយជាគោលដៅរបស់ភ្ញៀវទេសចរ លើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការផ្តាំផ្ញើ ដល់ជនរួមជាតិទាំងអស់ ដែលចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនេះសូមចូលរួមថែរក្សានូវអនាម័យ បរិស្ថាន ក្នុងការលើកស្ទួយវប្បធម៌ សោភ័ណ្ឌភាពក្រុងប្រវត្តិសាស្ត្រអង្គរ ព្រមទាំងរក្សាការពារនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន សំខាន់កុមារតូចៗ នៅក្នុងពិធីបុណ្យផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ