រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ រដ្ឋបាលស្រុកក្រឡាញ់បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនយុទ្ធជនចូលនិវត្តន៏ ពិការ បាត់បង់សមត្ថភាពដែលបានអញ្ជើញពីស្រុកចំនួនបី គឺស្រុកក្រឡាញ់ ស្រុកពួក និងស្រុកស្រីស្នំ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការគណៈអចិន្ត្រៃយ៍ នៃសមាគមជាតិអតីតយុទ្ធជន និងឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ព្រមទាំងមានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តតំណាងឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ធា សីុវត្ថា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងបងប្អូនយុទ្ធជនចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាសរុបប្រមាណ ៥៨០នាក់។ ក្នុងពិធីនេះដែលឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្ត្រ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមជាតិអតីតៈយុទ្ធជនដែលបានផ្តាំផ្ញើរនូវសេចក្តីនឹករលឹកនិងការសាកសួរសុខទុក្ខក្នុងទឹកចិត្តគោរពស្រឡាញ់ដ៏ជ្រាលជ្រៅដល់បងប្អូនអតីតៈយុទ្ធជនទាំងអស់ដែលបានពលីលើសមរភូមិនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម គន់ គីម ក៏មានមតិផ្តាំផ្ញើដល់បងប្អូនអតីតៈយុទ្ធជនអោយថែរក្សាសុខភាព ព្រោះថានេះជារដូវភ្លៀងធ្លាក់ដូចនេះយើងត្រូវបង្កាកុំអោយឈឺ។ បន្ទាប់មកឯកឧត្តម គន់ គីម និងឯកឧត្តម សៀង ណាំ ផ្តល់ការឧបត្តម្ភក្នងម្នាក់ៗ ទទួលបានថវិកា១០ម៉ឺុនរៀល អង្ករ ១០គីឡូក្រាមត្រីខ១០កំប៉ុង ព្រមទាំងបានហូបបាយសាមគ្គីមួយពេលផងដែរ។ សកម្មភាពនេះបានស្តែងចេញពីទឹកចិត្ត គិតគូរយ៉ាងជ្រាលជ្រៅ នៃយុទ្ធមិត្តរួមអាវុធ ពីសំណាក់សម្តេចតេជោ សែន ព្រោះប្រទេសកម្ពុជាយើង បានកើតមុខមាត់ថ្មី និងមានសន្តិភាពពេញលេញ គឺដោយមានការចូលរួមពីអតីតយោធិន យើងដែរ ! មិនតែប៉ុណ្ណោះយុទ្ធមិត្ត រួម អាវុធ ក៏បានលះបង់ឈាមស្រស់ សាច់ស្រស់ រហូតមកដល់ពេលនេះ យោធិនខ្លះ បានបាត់បង់សមត្ថភាពការងារ ខ្លះទៀតដល់អាយុកាលចូលនិវត្តន៍ និងខ្លះទៀតត្រូវពិការ ដោយសារសង្គ្រាម បញ្ហានេះហើយ ទើបសម្តេចតេជោ បានខិតខំប្រឹងប្រែងផ្ទត់ផ្គង់ ជាថវិកា និងសំភារៈ ផ្សេងៗតាមរយៈក្រុមការងារសមាគមអតីតយុទ្ធកម្ពុជាប្រចាំនៅតាមមូលដ្ឋានទូទាំងប្រទេស ៕