ខេត្តសៀមរាប ៖ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ១,២០០នាក់ រស់នៅស្រុកជីក្រែង ខេត្តសៀមរាប ដែលមានកិច្ចសហការជាមួយ លោកជំទាវឧកញ៉ា លឹម ឈាវហួរ ប្រធានអង្គការពន្លឺអភិវឌ្ឍដើម្បីជនក្រីក្រនិងក្រុមវិជ្ជបណ្ឌិត ក្រុមអ្នកស្ម័គ្រចិត្ត នៃសមាគមទឹកចិត្តសប្បុរស ប៉ាយសួយឡាវយិន ប្រហែល ២០០នាក់។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នឹងពិនិត្យព្យាបាលជូនបងប្អូនដោយមិនគិតថ្លៃនៅស្រុកជីក្រែង ខេត្តសៀមរាបនេះ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែសីហានេះ។ លោកជំទាវបានជំរុញអោយបងប្អូនប្រជាពលរដ្ឋ មកទទួលការពិនិត្យ និងព្យាបាលជំងឺជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងបានណែនាំអោយកងកម្លាំង រក្សាសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។ ក្នុងនោះផងដែរលោកជំទាវក៏បានពាំនាំការសួរសុខទុក្ខរបស់សម្ដេចគតិ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទៅនោះផងដែរ។ លោកជំទាវបានសម្ដែងនូវអំណរអគុណចំពោះលោកជំទាវ ឧកញ៉ា ប្រធានអង្គការពន្លឺអភិវឌ្ឍដើម្បីជនក្រីក្រ និងសប្បុរសជនទាំងអស់ ដែលជ្រើសរើសយកខេត្តសៀមរាបជាទីតាំងដើម្បីធ្វើការពិនិត្យនិងព្យាលបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដោយយកចិត្តទុក្ខដាក់ និងគាំទ្រដល់សកម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុភាពសុខសាន្ត និងសុភមង្គល ដោយមិនមានប្រកាន់ពណ៌សម្បុរ ជំនឿសាសនា ឫនិន្នាការនយោបាយអ្វី ឡើយ។