ខេត្តសៀមរាប ៖ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុងប្រធានកិត្តិយសសមាគមនារី កម្ពុជាដើមី្បសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោក ជំទាវ ស៊ិន ណម អនុប្រធានសមាគមនារី កម្ពុជាដើមី្បសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងជា សមាជិកក្រុមប្រឹក្សាខេត្តលោកជំទាវ យូ សុភា សមាជិកសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជួបធ្វើការសំណេះសំណាលដើម្បីលើកទឹកចិត្ដដល់នារីក្នុងសង្កាត់ទាំង ១៣របស់ក្រុងសៀមរាប ដោយរួមដំណើរពីសំណាក់ លោកជំទាវ លោកស្រីជាភរិយាថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និងសប្បុរសជន នៅទីកន្លែងពីរផ្សេងគ្នានារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ មិ្សលមិញនេះក្នុងសង្កាត់សាលាកំរើកនិងសង្កាត់សៀមរាប។ បន្ទាប់ពីកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍របស់លោកជំទាវ យូ សុភា ស្តីពីសកម្មភាពលទ្ធផលរបស់សមាគមនារីខេត្តដែលបានអនុវត្តក្នុងឆមាសទី១ឆ្នាំ២០១៦រួចមក លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បាន មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនជាសមាជិកសមាគមនារីកម្ពុជា ដើមី្បសន្តិភាព និងអភិវឌ្ឍន៍ នៃសង្កាត់ទាំង១៣ដោយលោកជំទាវបានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ដោយបានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធ នឹងការងារ និងអត្ថប្រយោជន៍របស់ស្ត្រី នៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ម៉្យាងទៀតស្ត្រីគឺជាឆ្អឹងខ្នង នៃកិច្ចអភិវឌ្ឍន៍សង្គមជាតិនិមួយៗ ដែលជាមាតាពិភពលោក ។ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ ស្ត្រីយើងគ្រប់រូប គឺមានតួនាទីដ៏សំខាន់ក្នុងការកៀងគរប្រមូលសមាជិករបស់ខ្លួន ឲ្យបានទៅចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងតំណាងរាស្ត្រអាណត្តិទី៦ឲ្យបានគ្រប់ៗ គ្នានៅតាមសាលាឃុំសង្កាត់ ជាពិសេសស្ត្រីយើងគ្រប់រូបត្រូវគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីការបោះឆ្នោតនិង ត្រូវធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និង ត្រូវក្តាប់ឲ្យបាននូវសតិអារម្មណ៍របស់នារីក្នុងមូលដ្ឋានខ្លួន ព្រមទាំងត្រូវធ្វើការណែនាំ ឲ្យពួកគេយល់ដឹងអំពីកាតព្វកិច្ចជាប្រជាពលរដ្ឋមួយរូប ក្នុងការជ្រើសរើសតំណាងដឹកនាំរបស់ខ្លួន ដើមី្បទទួលនូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនផងដែរ ។ លោកជំទាវ បានលើកឡើងថា កត្តាសំខាន់នោះ នារីយើងត្រូវពង្រឹងពង្រីក និង បង្កើនការផ្សព្វផ្សាយ អបរំ បណ្តុះបណ្តាលវិជ្ជាជីវៈ និង ចំណេះដឹង បច្ចេកទេស អំពីយេនឌ័រ និង យល់ដឹងច្បាស់លាស់ពី គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើមី្បនារីយើងនៅគ្រប់មូលដ្ឋាន ចូលរួមគាំទ្រគណបក្សប្រជាជន ដែលជាស្នូលនៃកិច្ចអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ។លោកជំទាវគួយ ណាលីន ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើ និងណែនាំដល់បងប្អូននារីយើង ត្រូវខិតខំសិក្សាស្វែងយល់នូវចំណេះដឹងបទពិសោធន៍ ដើមី្បកសាងអនាគតរបស់ខ្លួន ហើយក៏ជាកម្លាំង និង គ្រឹះដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការឈានទៅរកភាពជោគជ័យនាថ្ងៃខាងមុខនេះ និង សុំឲ្យបងប្អូននារីទាំងអស់ ត្រូវខិតខំធ្វើសកម្មភាពរបស់ខ្លួននៅតាមមូលដ្ឋាន នឹង ជម្រុញដល់បងប្អូននារីយើង និងប្តីសី ញាតិមិត្តជិតខាងខ្លួន ឲ្យបានទៅចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា ។ ក្នុងនោះដែរលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង និង គណៈប្រតិភូរួមដំណើរក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារបងប្អូននារីខ្វះខាតទាំង៦៥គ្រួសារដោយ១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងឃីត ១កញ្ចប់រួមទាំងថវិកា ៥ម៉ឺនរៀលផងដែរ ៕ អត្ថបទលោក ម៉ី សុខារិទ្ធ