ខេត្តសៀមរាប ៖ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប មានបើកវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់សមធម៌សង្គម និង បរិយាប័ន្ន នៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពរបស់លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងលោកជំទាវ យូ សុភាព អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ អស់លោក លោកស្រីជាគ្រូបង្គោលមកពី ៦ខេត្ត មានចំនួន ៤៥នាក់ដែលបានចូលរួមនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦មានរយៈពេល៣ថ្ងៃ។ វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាព ពីសមធម៌សង្គម និង បរិយាប័ន្នដល់គ្រូបង្គោល ថ្នាក់ក្រោមជាតិ សម្រាប់យកទៅប្រើប្រាស់ ក្នុងការងារប្រចាំថ្ងៃ និង បណ្តុះបណ្តាលបន្តដល់ថ្នាក់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ វគ្គបណ្តុះបណ្តាលនេះ ស្របតាមកម្មវិធីជាតិ ១០ឆ្នាំ សម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឆ្នាំ២០១០-២០១៩ ដែលបានចែកចេញជា ៣ដំណាក់កាល។ ឆ្នាំ២០១០.២០១៤ដំណាក់កាលទី១ លើការងារបញ្ជ្រាបយេនឌ័រ ដំណាក់កាលទី២(២០១៥-២០១៧) ការលើកកម្ពស់បរិយាប័ន្ន និង សមធម៌សង្គម ដើមី្បឆ្លើយតបការអនុវត្ត(ផ.អ.៣)។ ដំណាក់កាលទី២ក្រសួងកិច្ចការនារី បានរួមសហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ជនបទ រៀបចំធ្វើការបណ្តុះបណ្តាល គ្រូបង្គោល ដើមី្បអភិវឌ្ឍន៍សមត្ថភាពពីសមធម៌សង្គម និង បរិយាប័ន្ន ដល់គ្រូបង្គោលថ្នាក់ក្រោមជាតិ សម្រាប់យកទៅ ប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ និង បណ្តុះបណ្តាលបន្តដល់ថ្នាក់ក្រោមជាតិ ។
ក្នុងកិច្ចស្វាគមន៍របស់លោកជំទាវ យូ សុភាព បានសូមឲ្យគ្រប់បណ្តាថ្នាក់ដឹកនាំមន្ទីរត្រូវធ្វើការជម្រុញក្នុងការបណ្តុះបណ្តាលសមត្ថភាពរបស់ស្ត្រីឲ្យក្លាយភាពជាអ្នកដឹកនាំប្រកបដោយ សមធម៌។ លោកជំទាវក៏បានលើនូវ តួនាទី របស់គ្រូបង្គោល ដែលជាទីប្រឹក្សានៅគ្រប់បណ្តាខេត្ត ក្នុងការជម្រុញលើកកម្ពស់យេនឌ័រ ដើមី្បបញ្ជ្រាបឲ្យកាន់ តែជ្រៅក្នុងជួរថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។
មានប្រសាសន៍នោះ លោកជំទាវ ឃឹម ចំរើន បានលើកពីគោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើមី្បអភិវឌ្ឍ សមត្ថភាពពីសមធម៌សង្គម និង បរិយាប័ន្ន ដល់ក្រុមគ្រូបង្គោល សម្រាប់យកទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ និងបណ្តុះបណ្តាលបន្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងនោះលោកជំទាវក៏បានលើកឡើងនូវសមទ្ធិផលធំៗ ដែលសម្រេចបានលើការគ្រប់គ្រងការងារ និងការធ្វើកំណែទម្រង់ ការធ្វើគណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រងនិងការអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងការផ្តល់សេវានិងមុខងារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិមជ្ឈការ ហិរញ្ញវត្ថុ ។ លោកជំទាវ ឃឹម ចំរើន បានបន្តទៀតថា សមទ្ធិផលទាំងនេះបានកំពង់យកចិត្តទុកដាក់បញ្ចូលនូវវិធានការ ពាក់ព័ន្ធសមធម៌សង្គម និងបរិយាប័ន្ន។ ដើមី្បសម្រេសបានវិធានការនេះ ចាំបាច់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយល់ដឹងឲ្យកាន់តែច្បាស់ពីបរិយាប័ន្ន និងសមធម៌សង្គម ដើមី្បយកទៅបម្រើក្នុងការងារប្រចាំថ្ងៃសំខាន់គឺការបណ្តុះបណ្តាលបន្ត ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា និងអ្នកពាក់ព័ន្ធផងដែរ។ លោក ជំទាវក៏បានលើកនូវចំណុចសំខាន់ៗ ដែលជាប្រទីបសម្រាប់ទីប្រឹក្សា ដែលជាគ្រូបង្គោលយកទៅអនុវត្តក្នុងការលើកកម្ពស់ស្រ្តីនៅក្នុងជួររាជរដ្ឋាភិបាលតាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។ លោកជំទាវក៏មានសង្ឃឹមជឿជាក់ថា ការចូលរួមរបស់គ្រូបង្គោល នឹងទទួលបានការយល់ដឹងដែលពាក់ព័ន្ធទស្សនទាន និង វិធីសាស្ត្រនៃការបញ្ជ្រាបយេនឌ័រ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់សមធម៌សង្គម និង បរិយាប័ន្ន និយមន័យក្រុម គោលដៅ ព្រមទាំងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ ព័ត៌មាន និងការតាមដាន វាយតម្លៃលើការលើកកម្ពស់សមធម៌ សង្គម និងទទួលបាននូវបទពិសោធន៍ល្អៗទៀតផង។ ក្នុងនោះលោកជំទាវក៏បានធ្វើការផ្តាំផ្ញើដល់គ្រូបង្គោលទាំងអស់ ត្រូវធ្វើការបញ្ចេញមតិយោបល់ ក្នុងកិច្ចពិភាក្សាឲ្យបានផុលផុស ដើមី្បទទួលបាននូវបទពិសោធន៍ពីគ្នាទៅវិញទៅ មក ដែលជាមូលដ្ឋានគ្រឹះសម្រាប់យកទៅធ្វើការអនុវត្ត នៅតាមមូលដ្ឋានខ្លួន ។ លោកជំទាវក៏បានលើកផងដែរ សូម ឲ្យមន្ត្រីថ្នាក់ដឹកនាំទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋខ្លួន ក្នុងការជម្រុញឲ្យពួកគាត់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមសាលាឃុំ សង្កាត់ និង ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ដើមី្បឲ្យពួកគាត់បានយល់ និង គោរព ប្រតិបត្តិនូវច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ ៕ អត្ថបទលោក ម៉ី សុខារិទ្ធ