កិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦  នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំវិសាមញ្ញ​​​ របស់ក្រុម​ប្រឹក្សា​ខេត្តសៀមរាប អាណត្តិទី២ ដែលដឹកនាំកិច្ចប្រជុំ​ដោយឯកឧត្តម នូ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក លី សំរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប  ដោយមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សមាជិក​ក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត អស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពប្រមូល​ចំណូលក្នុងខេត្តមន្រ្តីនៃទីចាត់ការចំណុះរដ្ឋបាលសាលាខេត្តជាច្រើនរូបផងដែរ ។

បន្ទាប់ពីការពិនិត្យកូរ៉ុម សមាសភាពសមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមប្រជុំមានវត្តមាន ១៥​នាក់ លើ១៩រូប ដោយអវត្តមាន ៤រូប ក្នុងនោះឯកឧត្តម នូ ផល្លា បានមានប្រសាសន៍បើកកិច្ច​ប្រជុំវិសាមញ្ញ ព្រមទាំងការអនុម័តទៅលើរបៀបវារៈដែលបានលើកឡើងក្នុងកិច្ចប្រជុំ ក្នុង​ការពិនិត្យ ពិភាក្សា និង អនុម័តលើផែនការថវិកាចំណូល ចំណាយរបស់រដ្ឋបាលខេត្ត​សៀមរាបឆ្នាំ២០១៧ ។

បន្ទាប់សមាជិក្រុមប្រឹក្សាខេត្តបានអនុម័តទៅលើរបៀបវារៈប្រជុំរួចមកលោក លី សំរិទ្ធក៏បាន​ចាត់តាំងឲ្យលោក សោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្តសៀមរាប រាយការណ៍នូវផែនការថវិកាចំណូល និង ចំណាយ របស់រដ្ឋបាលខេត្តសៀមរាបសម្រាប់ឆ្នាំ​២០១៧គម្រោងចំណូលសរុប ៤៥ពាន់២៧១លានរៀល ហើយក៏ អាស្រ័យដោយចំណូល​ថវិការបស់ខេត្តខ្ពស់ ដោយខេត្តរកចំណូលបានពីសារពើព័ន្ធ និង មិនមែនសារពើព័ន្ធ ចំនួន ៣៩លាន៨៧១លានរៀលការឧបត្ថម្ភតុល្យភាព សរុប ៥ពាន់៤០០លានរៀលហើយការ​គ្រោងចំណាយរបស់ខេត្ត នាឆ្នាំ២០១៧ សរុប ៤៥ពាន់២៧១លានរៀល ដោយធ្វើការ​ចំណាយទៅលើជំពូក៦០  ជំពូក៦១ , ៦៤​, ៦២ , ៦៥  ៦៣ ,៦៩  និង ជំពូក២១  ។

ក្នុងនោះដែរលោកនាយកទីចាត់ការហិរញ្ញវត្ថុ រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការបក​ស្រាយបំភ្លឺនូវរាល់ចម្ងល់របស់សមាជិកក្រុមប្រឹក្សាខេត្តដែលបានលើកឡើង អំពីការចំណូល និង ចំណាយដែលពីមួយឆ្នាំទៅមួយឆ្នាំមានភាពកើនឡើង ។

បន្តមកកិច្ចប្រជុំទាំងមូលក៏បានធ្វើការពិនិត្យ និង ពិភាក្សា និង ធ្វើការអនុម័តទៅលើគម្រោង​លើផែនការថវិកាចំណូល ចំណាយ របស់រដ្ឋបាលខេត្តសៀមរាបឆ្នាំ២០១៧រួចមកមាន​ប្រសាសន៍បូកសរុប និង បិទកិច្ចប្រជុំនោះដែរ  ឯកឧត្តម នូ ផល្លា បានថ្លែងអំណរគុណ​ចំពោះការចំណាយពេលចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសម្ខាន់នេះ។ ឯកឧត្តមក៏បានធ្វើការ​បញ្ជាក់ដល់គណៈអភិបាលខេត្ត ត្រូវត្រៀមលក្ខណៈក្នុងការការពារលើផែនការថវិកាចំណូល និង ចំណាយរបស់រដ្ឋបាលខេត្តសៀមរាប សម្រាប់ ឆ្នាំ ២០១៧ នៅថ្នាក់ក្រសួង ដែលមាន​គម្រោងចំណូលសរុប៤៥ពាន់២៧១លានរៀល  ហើយខេត្តរកចំណូលបំពេញចំណាយ ឆ្នាំ២០១៧ចំនួន ៣៩លាន៨៧១លានរៀល  ។ ឯកឧត្តមក៏បានលើកឡើងថា ក្នុង​របៀបវារៈនាពេលនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមប្រឹក្សាខេត្តទាំងអស់ ក្នុងចូលរួមក្នុងសកម្មភាពនានាជាមួយគណៈអភិបាលខេត្តទាំងអស់ សម្រាប់ការអភិវឌ្ឍន៍ខេត្តផងដែរ ៕ អត្ថបទលោក ម៉ី សុខារិទ្ធ