ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៦ មានធ្វើពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំស្តីពី កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រទីផ្សារសម្រាប់ការផ្គត់ផ្គង់ឃ្លាំងស្តុបគ្រាប់ ធញ្ញជាតិ រវាងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនពាណិជ្ជកម្មប្រេងនិងម្ហូបអាហារ Zhengzhou សាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ភាគីកម្ពុជា លោកWang Zahngប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Zhengzhou ភាគីប្រទេសចិន ។
មានប្រសាសន៍នោះដែរឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ការចងសម្ព័ន្ធមេត្រីភាព រវាងខេត្តសៀមរាប និងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិនក្នុងគោលបំណងបង្កើននូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការយោគយល់គ្នា ដើមី្បផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងលើកកម្ពស់ការអភិវឌ្ឍន៍ វិស័យផ្សេងៗ នៃខេត្តទាំងពីរ ក្នុងការគាំទ្រជម្រុញ លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និង វិនិយោគ ដើមី្បផលប្រយោជន៍ទៅវិញទៅមកសម្រាប់ខេត្តទាំងពីរ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានបញ្ជាក់អំពីសក្តានុពលរបស់ខេត្ត ដែលជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្រ្ត ដែលសម្បូរទៅដោយសម្បត្តិ វប្បធម៌ដ៏សម្បូរបែប ប្រកបទៅដោយប្រាង្គប្រាសាទ ។ ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង ក៏បានបញ្ជាក់អំពីកំណើននៃភ្ញៀវទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានលើកកម្ពស់ជីវភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានប្រសើរឡើង តាមរយៈការទទួលផលពីវិស័យទេសចរណ៍ ហើយក៏ជាតួអង្គ សំខាន់ក្នុងសេដ្ឋកិច្ចជាតិមិនចេះរីងស្ងួត ។ ឯកឧត្តបណ្ឌិត ក៏បានអរគុណ ចំពោះក្រុម ប្រឹក្សាភិបាលក្រុមហ៊ុនពាណិជ្ជកម្មប្រេង និង ម្ហូបអាហារZhengzhouដែលបានជ្រើសរើសយកខេត្តសៀមរាប ជាគោលដៅសម្រាប់ការវិនិយោគរបស់ខ្លួន ។ ឯកឧត្តមបណ្ឌិតក៏បានសង្ឃឹមជឿជាក់ផងដែរ តាមរយៈកិច្ចព្រមព្រៀង នេះ ភាគីទាំងពីរ នឹង ក្លាយជាដៃគូមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើនដូចអរិយប្រទេស ។ ឯកឧត្តមបណ្ឌិត ក៏បានលើកនូវសំណូមពរមួយចំនួន ដល់ភាគីចិន នូវផ្នែកកសិកម្ម លើបច្ចេកទេសវិចខ្ចប់ឲ្យត្រូវ ស្តង់ដារ ក្នុងការរក្សាទុកដាក់គ្រាប់ធញ្ញជាតិ និង បើកការហោះហើរត្រង់មកកាន់ខេត្តសៀមរាប ក្នុងការបង្កើននូវ វិស័យទេសចរណ៍ រវាងខេត្តទាំងពីរ ។
មានប្រសាសន៍នោះ លោកWang Zahngក៏បានគូសបញ្ជាក់ពីគោលបំណង នៃ ការចងសម្ព័ន្ធភាពជាមួយខេត្តសៀមរាប ព្រមទាំងបានបញ្ជាក់ឲ្យដឹងផងដែរ អំពីស្ថានភាពភូមិសាស្រ្តរបស់ខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន និង បានលើកឡើងពីសក្តានុពលរបស់ខេត្ត ដែលជាខេត្តឧស្សហកម្ម និង កសិកម្ម និង ខេត្តបេះដូងរបស់ប្រទេសចិន ។ លោកក៏បានបន្តទៀតថា ការចុះអនុស្សរណៈរវាងខេត្តទាំងពីរនាពេលនេះ គឺដើមី្ប ផ្សាភ្ជាប់នូវចំណងមិត្តភាព នៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគុណប្រយោជន៍ ដល់ប្រជាជនខេត្តទាំងពីរ ស្របតាមនយោបាយរបស់រដ្ឋាភិបាលចិន ក្នុងការជម្រុញឲ្យគ្រប់បណ្តាខេត្ត ធ្វើសម្ព័ន្ធភាពតាមបណ្តាខេត្ត នៅកម្ពុជា ។ លោកWang Zahngក៏បានគូសបញ្ជាក់អំពីសេដ្ឋកិច្ចរបស់ខេត្តហឺណាន លើវិស័យទេសចរណ៍ និង ឧស្សាហកម្ម កសិកម្ម ។ លោកបានបញ្ជាក់ថា ខេត្តហឺណាន និងធ្វើការជម្រុញ លើការងារកសិកម្ម ទាំងបច្ចេកទេសដាំដុះ ការប្រមូលផល និង រកទីផ្សារ សម្រាប់កសិផលរបស់ខេត្តសៀមរាប ក៏ដូចទូទាំងព្រះរាជាណា ចក្រកម្ពុជាផងដែរ ។ ក្នុងនោះដែរលោកនឹងធ្វើការជម្រុញនៅការហោះហើរឆ្ពោះត្រង់ពីខេត្តហឺណាន មកខេត្ត សៀមរាបនៅពេលដ៏ខ្លីខាងមុខ ក្នុងជម្រុញឲ្យវិស័យទេសចរណ៍នៅកម្ពុជា សំខាន់ខេត្តសៀមរាប មានការកើនឡើង ក្នុងការចាប់ដៃគ្នាលើកិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច នៃខេត្តទាំងពីរ ។ លោកក៏មានសង្ឃឹមផងដែរថា ក្រោយពីការចុះហត្ថលេខាលើអនុស្សរណៈលើកំណត់ហេតុប្រជុំហើយនោះ និង ធ្វើឲ្យខេត្តទាំងពីរមានការអភិវឌ្ឍន៍រីកចម្រើន ព្រមទាំងនឹងធ្វើ ការផ្សព្វផ្សាយដល់ប្រជាជនចិន ឲ្យមកធ្វើទេសចរណ៍នៅកម្ពុជា សំខាន់គឺខេត្តសៀមរាប ។
ក្នុងការចុះអនុស្សរណៈនេះ ភាគីទាំងបី ក៏បានធ្វើកិច្ចព្រមព្រៀងគ្នាលើ ០៣ចំណុច ដើម្បីបង្កើតឡើងសម្ព័ន្ធ ភាព និង កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរក្សានូវមិត្តភាពជាអមតៈ ព្រមទាំងអនុស្សរណៈ នៃការយោគយល់គ្នារវាងខេត្តទាំងពីរ ដែលមានខ្លឹមសារចែងចំនួន ៤ចំណុចផងដែរ ៕ អត្ថបទលោក ម៉ី សុខារិទ្ធ