កិច្ចជួបពិភាក្សាជាមួយគណៈប្រតិភូសង្ឃជប៉ុន


ខេត្តសៀមរាប ៖ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់គណៈប្រតិភូនីកាយព្រះពុទ្ធ SOTO ZENជប៉ុន នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ហើយនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ គណៈប្រតិភូសង្ឃប្រទេសជប៉ុន ដឹក នាំដោយព្រះតេជគណ Ryubun Kamara ប្រធានសង្ឃប្រទេសជប៉ុនបាននិមន្តជួបធ្វើកិច្ចពិភាក្សាការងារមួយចំនួនជាមួយ លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធនៅ​រដ្ឋបាលសាលាខេត្តសៀមរាប ។ ក្នុងកិច្ចស្វាគមន៍នោះដែរ ក្នុងនាមឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ ក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសម្ព័ន្ធមេត្រីភាពជាមួយក្រុង កូតា ខេត្ត​អាយឆិ និង ខេត្តខាណាហ្គាវ៉ា នៃប្រទេសជប៉ុន ក្នុងការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ យោគយល់គ្នា លើវិស័យកសិកម្ម សង្គមកិច្ច អប់រំ សុខាភិបាល និងការងាររដ្ឋបាលសាធារ​ណៈ។ ឯកឧត្តមក៏បានលើកឡើងពី ស្ថានភាពភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ច ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ ព្រមទាំងលើកពីសក្តានុពលរបស់ខេត្តដោយពឹងផ្អែកលើវិស័យកសិកម្ម និង ទេសចរណ៍  និង បានបញ្ជាក់ពីហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍របស់ខេត្ត ទៀតផង ។ លោក ពៅ ពិសិដ្ឋ ក៏បានធ្វើការថ្លែងអំណរគុណ អំពីទឹកចិត្តមនុស្សធម៌របស់ប្រជាពលរដ្ឋ និង រាជរដ្ឋា ភិបាលជប៉ុន ដែលតែងជួយឧបត្ថម្ភ គាំទ្រដល់កិច្ចអភិវឌ្ឍន៍ ក្នុងការកាត់បន្ថយ​ភាពក្រីក្រនៅកម្ពុជា ។ ក្នុងនោះដែរ រាជរដ្ឋាភិបាលជប៉ុន ក៏បានកសាងនូវសមទ្ធិផលជាប្រវត្តិ​សាស្ត្រជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប  ព្រមទាំងបាន ជួធ្វើការអភិរក្ស ជួសជុល​ប្រាសាទបាយ័ន រួមទាំងផ្តល់នូវស្ថានីយ៍ទឹកស្អាត និង ម៉ាស៊ីនអគ្គិសនី ១០គីឡូមេកាវ៉ាត់ ព្រមទាំងសមទ្ធិផលផ្សេងៗទៀតផងដែរ ។  ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវសំណូមពរ​មួយចំនួនដែលទាក់ទង លើវិស័យសាសនា ដើមី្បឲ្យមានការសាងសង់វត្តនីកាយព្រះពុទ្ធ SOTO ZEN ជប៉ុននៅខេត្តសៀមរាប  ក្នុងការ ជម្រុញលើវិស័យវប្បធម៌ សាសនា និង ទេសចរណ៍  ព្រមទាំងកសាងនូវសួនច្បារទុកជាចំណងមិត្តភាព ប្រទេស ទាំងពីរផងដែរ ។

មានសង្ឃដិកានោះដែរព្រះតេជគណ Ryubun Kamaraប្រធានសង្ឃប្រទេសជប៉ុន បាន​គូសបញ្ជាក់ថា វិស័យសាសនា​ នៃនីកាយព្រះពុទ្ធSOTO ZEN ជប៉ុន មានអាយុកាល ៧៩០​ឆ្នាំមកហើយ និង បានធ្វើការសមាធិក មានបួនជំនាន់  ព្រមទាំងបានធ្វើការ បង្កើតវត្តនៅ​បណ្តាប្រទេសលើសកលលោក មានចំនួន ១០០វត្ត ។ ព្រះតេជ គុណក៏បានធ្វើការកោត​សរសើរ នូវសម្បត្តិវប្បធម៌ អរីយធម៌ ប្រពៃណី ទំនៀមទំលាប់ សំខាន់មានវប្បធម៌ដ៏សម្បូរ បែប ដែលមានប្រាង្គប្រាសាទដ៏ល្បីល្បាយ ដែលជាសម្បត្តិបេតិកភណ្ឌ របស់មនុស្សជាតិ ។ ព្រះអង្គក៏បានក៏បានសម្លែងនូវក្តីស្ញប់ស្ញែងចំពោះកេរ្តិ៍មរតកខ្មែរដ៏មហាអស្ចារ្យពិតជាអច្ឆរិយៈ វត្ថុគ្មានពីរលើលោកប្រៀបបាននឹងសំណង់ស្ថាបត្យកម្មទេពនិម្មិតមិនអាចកាត់ថ្លៃបាន នៃដួង​ព្រលឹងជាតិកម្ពុជាហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ ផងដែរ។ ម៉្យាងទៀតដំណើរទស្សនកិច្ចជាផ្លូវការនៅលើទឹកដីខេត្តសៀមរាប  ក្នុងគោល​បំណងសិក្សាស្វែងយល់ ផ្លាស់ប្តូរនូវបទពិសោធន៍ លើវិស័យសាសនា នីកាយព្រះពុទ្ធSOTO ZEN ជប៉ុន និង សាសនាព្រះពុទ្ធនៅកម្ពុជា ដែលមានគោលដៅតែមួយ ក្នុងការអប់រំមនុស្ស តាមផ្លូវព្រះធម៌ ។ព្រះអង្គក៏បានទទួលយកសំណូមពរ របស់គណៈអភិបាលខេត្តយកទៅធ្វើ​ការពិចារណាផងដែរ ។

នៅរាត្រីថ្ងៃនោះដែរក៏មានរៀបចំលៀងសាយភោជន៍នៅសណ្ឋាគារបុរីអង្គរលុះព្រឹកថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៦ គណៈប្រតិភូសង្ឃជប៉ុន បាននិមន្តទៅទស្សនានៅតាមទីវត្តអារាមមួយ​ចំនួននៅក្នុងក្រុងសៀមរាប ។ លុះនៅវេលាម៉ោង១៦ គណៈប្រតិភូសង្ឃបានយាននិមន្តនិវត្ត តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ បាងកកអ៊ែឡាញចេញពីអាកាសយានដ្ឋាន​សៀមរាប ឆ្ពោះទៅទីក្រុងបាងកកប្រកបដោយសុវត្ថិភាពខ្ពស់ ៕ អត្ថបទលោក ម៉ី សុខារិទ្ធ

DSC_0951 DSC_0964 DSC_0944 DSC_0947