ខេត្តសៀមរាប ៖ ក្នុងរយៈពេលពីរថ្ងៃនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៥-២០១៦ ពីថ្ងៃទី២២ និង ២៣ ខែសីហា ឆ្នាំ២០១៦ នៅមណ្ឌលខេត្តសៀមរាប បានប្រព្រឹត្តទៅប្រកបដោយភាពរលូន ។
តាមការបញ្ជាក់របស់លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្ត បានឲ្យដឹងថា នៅខេត្តសៀមរាប មានមណ្ឌលប្រឡងចំនួន ៩មណ្ឌល ដែលមានបេក្ខជនដាក់ពាក្យប្រឡងសរុប ៦ពាន់៥៨៧ នាក់ ស្រី ៣ពាន់៣៣២នាក់ ។ ក្នុងនោះមុខវិទ្យាសាស្ត្រសង្គម មាន៣មណ្ឌល មានបេក្ខជនសរុប ២ពាន់៤៥៦ នាក់ ស្រី១ពាន់២១នាក់ អវត្តមានមិនបានមកប្រឡង ចំនួន ៧១នាក់ ស្រី ៣៩នាក់ ។ មុខវិទ្យាសាស្ត្រពិត ចំនួន ៤ពាន់១៣១ នាក់ ស្រី ២ពាន់៣១១នាក់ អវត្តមានមិនបានមកប្រឡង ចំនួន ១៦នាក់ ស្រី ៥នាក់ ។ លោកក៏បានឲ្យដឹងផងដែរថា ក្នុងកិច្ចដំណើរការប្រឡងនៅតាមមណ្ឌលទាំង០៩ បានដំណើរការទៅដោយរលូន ក៏ប៉ុន្តែ មានបេក្ខជនចំនួន៣រូប នៅមណ្ឌលវិទ្យាល័យអង្គរ និង វិទ្យាល័យ១០មករា កើតជម្ងឺ ចុកពោះ តែត្រូវបានក្រុមគ្រូពេទ្យធ្វើការព្យាបាល និង បានចូលប្រឡងវិញ ក្នុងថ្ងៃប្រឡងនោះដែរក៏មានបេក្ខជនម្នាក់ រងគ្រោះថ្នាក់ចរាចរណ៍ បាក់ជើង នៅមណ្ឌលសាលាមុខនាគមិនបានចូលប្រឡងឡើយ។ លោកប្រធានមន្ទីរក៏បានឲ្យដឹងទៀតថា នៅរសៀលថ្ងៃប្រឡងបញ្ចប់ ក៏ មានព្រឹត្តការណ៍គ្រោះធម្មជាតិមួយកើត នៅមណ្ឌលប្រឡងអនុវិទ្យាល័យ ហ៊ុន សែន គ្រួស ត្រូវរងរន្ទះបាញ់ ធ្វើ ឲ្យមានការភ្ញាក់ផ្អើលដល់បេក្ខជនប្រឡង តែមិនបណ្តាលឲ្យអ្នកណាម្នាក់រងគ្រោះនោះឡើយ គ្រាន់តែធ្វើឲ្យភ្លើង ដាច់នៅតាមបន្ទប់ប្រឡង ១បន្ទប់តែប៉ុណ្ណោះ ។
ក្រោយពីការប្រឡងបានបញ្ចប់ បេក្ខជនជាសិស្សានុសិស្សមួយចំនួន មានចិត្តសប្បាយរីករាយ មួយចំនួន មានការព្រួយបារម្ភអំពីលទ្ធផលប្រឡងរបស់ខ្លួន តែក្នុងនោះសិស្សានុសិស្សភាគច្រើន ពួកគាត់មានក្តីសង្ឃឹម ពីលទ្ធផលរបស់ខ្លួន ដោយការប្រឡងទុតិយភូមិឆ្នាំនេះ មានការតឹងតែងខ្លាំង តែចំពោះវិញ្ញាសារប្រឡង មានភាពងាយស្រួលជាងការប្រឡងឆមាសទៅទៀត នេះចំពោះសិស្សដែលពួកគាត់បានព្យាយាមសិក្សារៀនសូត្រ ៕
អត្ថបទ ម៉ី សុខារិទ្ធ