ខេត្តសៀមរាប ៖ សម្ភារការិយាល័យ មានម៉ាស៊ីនកុំព្យូទ័រ ព្រីនធឺរ កុំព្យូទ័រយូដៃ ម៉ាស៊ីនថតចម្លង និង UPSដែលទឹកប្រាក់សរុប ១០ពាន់៥៣៤ដុល្លារ ត្រូវបានធ្វើពិធីប្រគល់ជូនដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ក្រុង ស្រុក ទាំង១២ និង លេខាធិការដ្ឋាន ក្នុងកិច្ចការងាររដ្ឋាបាល ។ ពិធីនេះបានប្រពឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត កាលពីរសៀលថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៦ នៅរដ្ឋបាលសាលាខេត្តសៀមរាប ។
ក្នុងកិច្ចស្វាគមន៍របស់លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានឲ្យដឹងថា សម្ភារសម្រាប់អនុវត្តការងាររដ្ឋបាលទាំងនេះ បានពីការជួយឧបត្ថម្ភគាំទ្រ Terre Des Hommes និងសមាគមស្រ្តី នៃសហគមន៍អ៊ឺរ៉ុប ក្នុងទឹកប្រាក់សរុប១០ពាន់៥៣៤ដុល្លា បានផ្តល់តាមរយៈឯកឧត្តម តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត ក្រោយពីការស្វែងរកនូវដៃគូរ ដើមី្បគាំទ្រអំពីសកម្មភាពការងារកិច្ចការស្ត្រី និង កុមារ នៅតាមមូលដ្ឋាន ។ ម៉្យាងទៀតសម្ភារៈការិយាល័យទាំងនេះ បានបង្កនូវភាពងាយស្រួលដល់មន្ត្រី គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវឯកសារ និង តាមដាននូវរាល់ព័ត៌មានសកម្ម ភាពនៃអំពើហិង្សា ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ។
មានប្រសាសន៍នោះដែរឯកឧត្តម នូ ផល្លា ក៏បានសម្តែងនូវសេចក្តីរំភើបរីករាយ ដែល គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានរៀបចំពិធីប្រគល់-ទទួលសម្ភារការិយាល័យសម្រាប់ការអនុវត្តការងាររដ្ឋបាលប្រចាំថ្ងៃជូនដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត ក្រុង ស្រុកទាំង១២នាពេលនេះ ។ ឯកឧត្តមក៏បានធ្វើការកោតសរសើរផងដែរ ចំពោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដែលបានខិតខំពុះពារ ស្វះស្វែងរកការឧបត្ថម្ភគាំទ្រពីបណ្តាអង្គការដៃគូ និងសម្បុរសនានា សម្រាប់យកមកទ្រទ្រងដល់ សកម្មភាព គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ក្រុង ស្រុក ដើម្បីអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រិសទ្ធភាពខ្ពស់ ។ ជាមួយនឹងការឧបត្ថម្ភគាំទ្រលើសម្ភារទាំងនេះ ឯកឧត្តម នូ ផល្លា ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម តោ គិមស៊ាន និងលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានទំនាក់ទំនងយ៉ាងស្អិត រមួតជាមួយ Terre Des Hommesនិង សមាគមស្រ្តី នៃសហគមន៍អ៊ឺរ៉ុប ក្នុងការផ្តល់នូវសម្ភារទាំងនេះ ។ ម៉្យាងទៀត ការផ្តល់ជូននូវសម្ភារការិយាល័យទាំងនេះ គឺដើម្បីពង្រឹងយន្តការការងាររដ្ឋបាល ក៏ដូចជាពង្រឹងនូវការអនុវត្តតួនាទី ភារកិច្ចរបស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ឲ្យកាន់តែល្អប្រសើរ ។ ទោះបីជាសម្ភារទាំងនេះ មានតិចតួចក្តី តែជាវឌ្ឍនភាពថ្មីមួយសម្រាប់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៅថ្នាក់មូលដ្ឋាន ក៏ជាការជួយសម្រួលដល់ការងាររដ្ឋបាលប្រចាំថ្ងៃរបស់យើងបានច្រើនផងដែរ។ ក្នុងនោះដែរឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ដល់មន្ត្រីគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារទាំង១២ក្រុង ស្រុក ត្រូវយកចិត្តទុកដាក់ ក្នុងការថែរក្សា ប្រើប្រាស់សម្ភារការិយាល័យទាំងនេះ ឲ្យបានត្រឹមត្រូវបច្ចេកទេស ដើមី្ប ធានាឲ្យបានក្នុងការប្រើប្រាស់បានយូរអង្វែង ។
ក្នុងនោះគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារក្រុង ស្រុកនីមួយៗទទួលបានកុំព្យូទ័រលើតុមួយឈុត និង ព្រីនធឺរមួយគ្រឿង ដោយឡែកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ទទួលបានម៉ាស៊ីនថតចម្លងឯកសារមួយគ្រឿង កុំព្យូទ័រយួរដៃមួយគ្រឿង និងព្រីនធឺមួយគ្រឿង ៕