ខេត្តសៀមរាប ៖ ស្ទីកឃ័រ(ចំណាំងផ្លាត)ចំនួន១៧០ពាន់សន្លឹកត្រូវបានអាជ្ញាធរខេត្តសៀមរាប បើកយុទ្ធនាការបិទទៅលើមធ្យោបាយគ្រប់ប្រភេទនៅទូទាំងខេត្តដែលមិនទាន់មានចំណាំងផ្លាត កាលពីព្រឹកថ្ងៃទី ២៩ សីហា ២០១៦នេះក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការ អញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ចៅសង្កាត់ មន្ត្រីនៃមន្ទីរជំនាញ រួមទាំងបងប្អូនប្រជាពលរដ្ឋជាម្ចាស់យានយន្តផងដែរ ។
តាមការបញ្ជាក់របស់លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណៈនិងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ការបើកយុទ្ធនាការបិទស្ទីកឃ័រ(ចំណាំងផ្លាត)ទៅលើមធ្យោបាយគ្រប់ប្រភេទដែលមិនទាន់មាន ចំណាំងផ្លាត មានដូចជា គោយន្តកន្ត្រៃយ រ៉ឺម៉កសណ្តោង កង់ ម៉ូតូ និង មធ្យោបាយផ្សេងៗជាច្រើនទៀតនៅទូទាំងខេត្តសៀមរាប ដែលគ្របដណ្តប់ទៅលើ១២ ក្រុង ស្រុក ស្មើរនឹង ១០០ ឃុំ.សង្កាត់ ។ ក្នុងយុទ្ធនាការបិទចំណាំងផ្លាត ឬ (ស្ទិកឃ័រ) លើយានជំនិះគ្រប់ប្រភេទនេះ ត្រូវបានចាត់មន្ត្រីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ចុះរួមសហការណ៍ជាមួយកម្លាំងនគរបាល តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១២ ក្នុងខេត្តសៀមរាប ដើម្បីបើកយុទ្ធនាការនេះព្រមៗគ្នានាថ្ងៃតែមួយដោយឥតគិតថ្លៃ ។
តាមការបញ្ជាក់របស់ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង បានឲ្យដឹងថា ស្របទៅ និង ការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក នៅក្នុងព្រះរាជាណាចក្រកម្ពុជាថ្ងៃនេះ ក្នុងនាមអាជ្ញាធដែនដីខេត្តសៀមរាប ក្រោមការឧបត្ថម្ភ ស្ទីកឃ័រ(ចំណាំងផ្លាត)ចំនួន ១៧០ពាន់សន្លឹក ពីសំណាក់ ឯ.ឧទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណៈការនិងដឹកជញ្ជូន ហើយត្រូវបានអាជ្ញាធរខេត្ត និង មន្ទីរជំនាញបានបើកយុទ្ធនាការបិទ ទៅលើមធ្យោបាយគ្រប់ប្រភេទព្រមៗគ្នានៅទូទាំងខេត្ត ទាំង១២ក្រុង ស្រុក នៅគ្រប់ទីសាធារណៈ និង សាលារៀន ដើម្បីធ្វើឲ្យមធ្យោបាយដែលមិនទាន់មានចំណាំងផ្លាត មានលក្ខណៈសមស្របទៅ និង គោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តឲ្យបានពេញលេញ និង ត្រឹមត្រូវទៅនិងបទដ្ឋាននៃច្បាប់ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា អ្វីដែលជាការកត់សម្គាល់នោះ ចំពោះការបិទស្ទិកឃ័រនេះទៀតសោធ គឺត្រូវបានផ្តល់ជូនបងប្អូន ដោយមិនគិតថ្លៃ ដែលជាកាតព្វកិច្ចនិងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលជូនចំពោះប្រជាពលរដ្ឋ ។ ក្រៅពីយុទ្ធនាការ បិទស្ទីកឃ័រ (ចំណាំងផ្លាត)នេះ អាជ្ញាធខេត្តក៍នៅតែបន្តធ្វើការផ្សព្វផ្សាយបន្តទៀតដល់ប្រជាពលរដ្ឋណាដែលមានមធ្យោបាយ ហើយមិនទាន់មានចំណាំងផ្លាតតែមកបិទ និង ដាក់ភ្លើងបំភ្លឺនៅខាងក្រោយមធ្យោបាយរបស់ខ្លួន ដើម្បីឲ្យមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ ។
ឆ្លៀតក្នុងឱកាសនោះដែរឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានអញ្ជើញចុះពិនិត្យចំណតរថយន្ត នៅផ្នែកខាង លិចក្រុងសៀមរាប ស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ដែលនឹងធ្វើការបើកសម្ភោធដាក់ឲ្យដំណើរការ នៅពេលឆាប់ៗ ខាងមុខនេះ ។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានធ្វើការបញ្ជាក់យ៉ាងច្បាស់ផងដែរថា ចំពោះគ្រប់យានយន្ត ដែលធ្វើ អាជីវកម្មដឹកអ្នកដំណើរគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍ដឹកអ្នកដំណើរពីសៀមរាបទៅ ខេត្តឧត្តរមានជ័យ ប៉ោយប៉ែត បន្ទាយមានជ័យនិងខេត្តបាត់ដំបង ត្រូវចូលមកចំណតរថយន្តផ្នែកខាងលិចក្រុង ហើយក៏មិនបានបណ្តែតបណ្តោយ ឲ្យធ្វើការចតទៅតាមភាពអាណាធិបត្តេយ្យ ឬ ចាប់ម៉ូយនៅតាមដងផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ សំខាន់ការឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ ។ ដូច្នេះនៅពេលខាងមុខ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ បាត់ដំបង គឺត្រូវរងចាំនៅចំណតរថយន្តថ្មី នៅផ្នែកខាងលិចក្រុង ក្រោយពេលបើកដាក់ឲ្យដំណើរការពេលខាងមុខនេះ ។ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការណែនាំដល់ម្ចាស់គ្រប់គ្រង ចំណតរថយន្ត ត្រូវយកចិត្តទុកដាក់ក្នុងការប្រមូលរថយន្ត ឲ្យចូលមកចំណតឲ្យមានរបៀបរៀបរយ និង អនាម័យ បរិស្ថានល្អ ក្នុងការធានាបានសណ្តាប់ធ្នាប់នៃក្រុងប្រវត្តិសាស្រ្តទេសចរណ៍នេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ