កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៦ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប មានធ្វើកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការងារចុះឈ្មោះបោះឆ្នោត ដើមី្បរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦  ដែលនឹងត្រូវចាប់ផ្តើមចុះឈ្មោះចាប់ពីថ្ងៃទី ០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ជូនដល់ថ្នាក់ដឹកនាំមន្ទីរ ប្រធាន អនុប្រធានគ្រប់ការិយាល័យនៃមន្ទីរជុំវិញខេត្ត ដែលរៀបចំរួមសហការជាមួយរដ្ឋបាលសាលាខេត្តសៀមរាប និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្ត ក្រោមវត្តមានរបស់ឯ.ឧ ពៅ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប

តាមការបញ្ជាក់របស់ឯ.ឧ ពៅ ពិសិដ្ឋ បានឲ្យដឹងថា ដោយឆ្លងកាត់តាមរយៈនៃអង្គសិក្ខាសាលារបស់ ក្រសួងមហាផ្ទៃនាពេលកន្លងមកនេះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការ ណែនាំ និង ផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដើមី្បជម្រុញដល់ការងារចុះឈ្មោះបោះឆ្នោត ឲ្យដំណើរការទៅប្រកបដោយភាពរលូន និង ធានាសន្តិសុខដល់ការទៅចុះឈ្មោះបោះឆ្នោត របស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ភូមិ ឃុំ សង្កាត់  ។ ម៉្យាងទៀតក៏ត្រូវធ្វើការជម្រុញក្នុងការផ្សព្វផ្សាយឲ្យដល់មន្ត្រីថ្នាក់ដឹកនាំ គ្រប់មន្ទីរ អង្គភាព បានកាន់តែយល់ច្បាស់អំពី លក្ខខណ្ឌក្នុងការសុំចុះឈ្មោះបោះឆ្នោត  ។

តាមការពន្យល់ណែនាំរបស់លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតខេត្ត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុគ្រប់១៨ឆ្នាំឡើងទៅ ដោយគិតត្រឹមថ្ងៃកើត ទី០៥ ខែ មិថុនា ឆ្នាំ១៩៩៩ ដោយមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ឬ ចាស់ ដែលមានអាស័យដ្ឋានដូចគ្នា នឹង លំនៅដ្ឋាន ឬ ទីសំណាក់ដែលសាមីខ្លួនបានចុះឈ្មោះ គឺគ្រប់លក្ខខណ្ឌក្នុងការសុំចុះឈ្មោះបោះឆ្នោត ។ ក្នុងនោះ លោកបានបញ្ជាក់ទៀតថា គ្រប់ប្រជាពលរដ្ឋដែលគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺត្រូវទៅបង្ហាញខ្លួនផ្ទាល់ ចំពោះមុខអាជ្ញាធរ ឃុំ សង្កាត់ ដើមី្បសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត ក្នុងនោះ ដោយមាននូវសំបុត្រកំណើតច្បាប់ដើម ឬ សេចក្តីចម្លងសំបុត្រកំណើតច្បាប់ដើម ឫសំបុត្របញ្ជាក់កំណើតច្បាប់ ដើម , ឬ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើតច្បាប់ដើម , ឬ ព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរតាមការទាមទារសញ្ជាតិ របស់ជនបរទេស ឬព្រះរាជក្រឹត្យផ្តល់សញ្ជាតិដោយសញ្ជាតូបនីយកម្មដល់បរទេស ឬសាលក្រមស្ថាពររបស់តុលា ការបញ្ជាក់ទទួលស្គាល់ថា សាមីខ្លួននោះកើតពី ឪពុក ឬ ម្តាយដែលមានសញ្ជាតិខ្មែរ ឬ ឯកសារភស្តុតាងផ្លូវការ ដែលបញ្ជាក់ថា សាមីខ្លួនកើតពីឪពុក ឬ ម្តាយដែលមានសញ្ជាតិខ្មែរ ដោយមានរូបថត បីគុណបួន ចំនួនពីរសន្លឹក នឹង មានសាកី្សពីររូប ដែលមានសិទិ្ធបោះឆ្នោត និង មានលំនៅដ្ឋានក្នុង ឃុំ សង្កាត់ជាមួយផងដែរ ។

តាមការបកស្រាយរាល់ចម្ងល់របស់សិក្ខាកាមបានលើកឡើង លោកប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្ត ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ផងដែរថា ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលមាន សិទ្ធិទៅធ្វើការបោះឆ្នោតនោះ តាមច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយកំណត់ចាប់ពីអាយុ ១៨ឆ្នាំ ឡើងទៅទើបមានសិទ្ធិទៅសុំចុះឈ្មោះបោះឆ្នោត និង ចូលរួមការបោះឆ្នោតបាន ហើយការចុះឈ្មោះបោះឆ្នោតនេះ ដោយមិនបាន គិតនូវថ្ងៃឈប់សម្រាក់ឡើយ ដោយធ្វើរហូតដល់ថ្ងៃកំណត់ ៕ អត្ថបទ ម៉ី សុខារិទ្ធ

1 2 3 5  76