សកម្មភាពរបស់ប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោត


សៀមរាប ៖ ថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០១៦ ដែលជាថ្ងៃកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើមី្បធ្វើការចុះបញ្ជី​ឈ្មោះប្រជាពលរដ្ឋដែល មានអាយុគ្រប់បោះឆ្នោត នៅតាមបណ្តាឃុំ សង្កាត់នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ។ និយាយ​ដោយឡែកនៅព្រឹកថ្ងៃនេះជាថ្ងៃដំបូង នៅគ្រប់បណ្តាឃុំ សង្កាត់ទូទាំងខេត្ត សៀមរាប ក៏យើងសង្កេតឃើញសកម្មភាពរបស់​ប្រជាពលរដ្ឋ យ៉ាងច្រើនកោះករ បានអញ្ជើញទៅចូល រួមចុះឈ្មោះបោះឆ្នោត នៅតាមមូលដ្ឋានរបស់ខ្លួន ។ ក្នុងនោះដែរក៏យើង​សង្កេតឃើញមានវត្តមាន អញ្ជើញ ទៅចុះឈ្មោះបោះឆ្នោត របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ រួមទាំងអាជ្ញាធរក្រុង សង្កាត់ផងដែរ ។ តាមការបញ្ជាក់របស់លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មាធិការរៀបចំ​ការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា នៅទូទាំងខេត្ត​សៀមរាប មានការិយាល័យចុះឈ្មោះបោះឆ្នោត ចំនួន ១០០ឃុំ សង្កាត់ ក្នុងរយៈពេល២៥ថ្ងៃ និង បន្តចុះទៅតាមភូមិ រួចទើបវិល​មកធ្វើការចុះនៅតាមឃុំ សង្កាត់វិញ ។ លោកក៏បានឲ្យដឹងទៀត​ថា នៅទូទាំងខេត្តសៀមរាប គឺត្រូវបានធ្វើការបែងចែក​ការិយា​ល័យបោះឆ្នោត មាន ចំនួន ១ពាន់៣៩១ការិយាល័យ ដោយក្នុង​មួយការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោត ៧៥០នាក់ ។ មានប្រសាសន៍ក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោតនោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បាន ធ្វើការបញ្ជាក់ឲ្យអ្នកសារព័ត៌មានយើងដឹងថា នៅទូទាំងខេត្តសៀមរាប មានប្រជាពលរដ្ឋ​ដែលមានអាយុគ្រប់ មានសិទ្ធិបោះឆ្នោត សរុបចំនួន ៦២៤ពាន់៨៨៤នាក់ មានស្រី ៣៣៣ពាន់៧៧៥នាក់ លើប្រជាពលរដ្ឋមាន នៅទូទាំងខេត្ត សរុប១លាន ២៥ពាន់១៥នាក់ ហើយប្រជាពលរដ្ឋដែលបានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិ ខ្មែរ សរុប ៦៣៤ពាន់​៣១៥នាក់ ។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានឲ្យដឹងទៀតថា នៅមុនធ្វើការចុះឈ្មោះបោះ ឆ្នោតនេះ គណៈកម្មាធិការរៀបចំការ​បោះឆ្នោតខេត្ត បានផ្តល់នូវលិខិតព័ត៌មាន ដល់អាជ្ញាធរមូលដ្ឋាន ដើមី្ប ចែកជូនជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបាន​អញ្ជើញមកបំពេញកាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋខ្មែរ ក្នុងការចុះឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ចាប់ពីថ្ងែទី០១ កញ្ញា រហូត​ដល់ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៦ ។ ឯ.ឧ បណ្ឌិត ឃឹម ប៊ុនសុង ក៏បានឲ្យដឹងទៀតថា ដើមី្បរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ជូន​ប្រជាពលរដ្ឋ ក្នុងការ អញ្ជើញមកចុះឈ្មោះបោះឆ្នោត អាជ្ញាធរខេត្ត ក៏បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជម្រុញដល់អាជ្ញាធរ និង កម្លាំងសមត្ថកិច្ច បង្កើនក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនផងដែរ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការ អំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ ដែលមានអាយុគ្រប់ចុះឈ្មោះបោះឆ្នោត សូមអញ្ជើញមកចុះឈ្មោះឲ្យបាន គ្រប់ៗគ្នា ។ ឯកឧត្តមបណ្ឌិត​ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ផងដែរថា បងប្អូនដែលជាបុគ្គលិក កម្មករ គ្រប់ ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ ភោជ្ជនីយដ្ឋាន និង សហគ្រាស គឺមានសិទ្ធិមកចុះឈ្មោះបោះឆ្នោត នៅតាមមូលដ្ឋានដែលខ្លួនរស់នៅបាន ដោយមានធ្វើការបញ្ជាក់ទីកន្លែង​ស្នាក់នៅពីអាជ្ញាធរមូលដ្ឋាននោះ ៕ អត្ថបទ ម៉ី សុខារិទ្ធ

photo_2016-09-02_19-27-46 photo_2016-09-02_19-27-52 photo_2016-09-02_19-28-00 photo_2016-09-02_19-28-17