ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានជួបធ្វើកិច្ចពិភាក្សាការងារជាមួយគណៈវិស្វករកម្ពុជា ដឹកនាំដោយឯកឧត្តម លឹម សុថាវ អគ្គលេខាធិការ គណៈវិស្វករកម្ពុជា ដើមី្បរៀបចំបង្កើនក្រុមប្រឹក្សាគណៈវិស្វករខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អស់លោកជាថ្នាក់ដឹកនាំមន្ទីរ ដែលមានការពាក់ព័ន្ធ ។
តាមការបញ្ជាក់របស់ឯកឧត្តម លឹម សុថាវ បានឲ្យដឹងពីគោលបំណងនៃការបង្កើតឲ្យមាន ក្រមប្រឹក្សា គណៈវិស្វករកម្ពុជា នៅគ្រប់រាជធានី ខេត្ត ដើមី្បប្រមូលផ្តុំ និង គ្រប់គ្រងវិស្វករ ទាំងជាតិ អន្តរជាតិ ចុះបញ្ជីនៅ ព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរ អំពីផលប្រយោជន៍ នៃការបង្កើតឲ្យមានក្រុមប្រឹក្សា វិស្វករកម្ពុជាខេត្តនេះ ដើមី្បកិច្ចអភិវឌ្ឍន៍សង្គមឲ្យកាន់តែប្រសើរឡើង ក្នុងការអនុវត្តទៅឲ្យបានស្របច្បាប់ដែល បានកំណត់ និង បានរួមចំណែករៀបចំវិជ្ជាជីវៈវិស្វកម្ម ឲ្យកាន់តែល្អប្រសើរ និង ការពារកិត្តិយស និង សេចក្តីថ្លៃ ថ្នូរ របស់វិស្វករ ព្រមទាំងរួមចំណែកថែរក្សា លើកស្ទួយអត្តសញ្ញាណជាតិ ។ ឯកឧត្តមបានបន្តទៀតថា នៅពេល បងប្អូនជាវិស្វករគ្រប់មុខជំនាញ ត្រូវបានចុះបញ្ជីហើយនោះ នឹងទទួលបាននូវការបណ្តុះបណ្តាល ពង្រឹងសមត្ថ ភាពបច្ចេកទេសគ្រប់ជំនាញ និង ពង្រីកធនធានមនុស្សឲ្យស្របទៅតាមកាលៈទេសៈបច្ចុប្បន្ន និង អនាគត ។ ម៉្យាងទៀតក៏ធានានូវការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និង ការទទួលខុស ត្រូវខ្ពស់ ព្រមទាំងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងផ្ទៃក្នុងល្អ ក្នុងវិស្វករថ្នាក់ជាតិ និង រវាងវិស្វករ ជាតិ អន្តរជាតិផង ។ ឯកឧត្តមបានបន្តទៀតថា ការចុះបញ្ជីវិស្វករនេះ ក៏ជាការលើកស្ទួយដល់អាជីពរបស់ខ្លួន ឲ្យមានការទទួលពីថ្នាក់ជាតិ និង អន្តរជាតិ សំខាន់នៅក្នុងសហគមន៍អាស៊ានទៀតផង ។
ក្នុងនោះដែរកិច្ចប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុស លើកឡើងពីការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាខេត្ត ព្រមទាំងបានធ្វើការកំណត់នូវសមាសភាព ក្នុងជួរក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាខេត្ត ដោយបានកំណត់យកមន្ទីរជំនាញធ្វើជាប្រធាន និង អនុប្រធាន ហើយក្នុងនោះក៏មានអភិបាលខេត្ត ជាប្រធាន កិត្តិយសផងដែរ ។
មានប្រសាសន៍នោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការឯកភាពទៅតាមគោលការណ៍ និង សេចក្តី ណែនាំរបស់គណៈវិស្វករកម្ពុជា បានលើកឡើង ដើមី្បជាប្រទីប សម្រាប់ការរៀបចំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ខេត្តសៀមរាប ក្នុងចងក្រងរៀបចំ ឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានដែល ឯកឧត្តមអគ្គលេខាធិកាគណៈវិស្វករកម្ពុជាលើកឡើង ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានធ្វើការណែនាំ ដល់ក្រុមការងារថ្នាក់ខេត្ត ត្រូវធ្វើជម្រុញ នឹង ផ្សព្វផ្សាយដល់បងប្អូនវិស្វករជាតិ អន្តរជាតិ ដែលជាអាជីពរបស់ខ្លួន និង កំពុងធ្វើអាជីវកម្មនៅក្នុងខេត្ត ឲ្យ បានចូលមកធ្វើការចុះបញ្ជី ឲ្យបានត្រឹមត្រូវ ស្របច្បាប់ ដើមី្បទទួលស្គាល់គុណភាពរបស់វិស្វករកម្ពុជា និង មាន គោរម្យងារជាវិស្វករអាជីពជាតិ អន្តរជាតិ ក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្សឲ្យស្របតាមតម្រូវការសង្គម ។ ម៉្យាងទៀត បងប្អូនជាវិស្វករ ក៏បានទទួលនូវការបណ្តុះបណ្តាលវិជ្ជាជីវៈវិស្វកម្ម ក្នុងការបង្កើននូវចំណេះដឹង និងបច្ចេកទេសរបស់ខ្លួនបានមួយកម្រិតទៀតផង។ ដោយប្រទេសកម្ពុជាជាសមាជិកអាស៊ាន និងមានលក្ខណ សម្បត្តិគ្រប់គ្រាន់ ស្របតាមកិច្ចព្រមព្រៀង ក្នុងការទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាកម្មរបស់អាស៊ាន ក្រោមការត្រួតពិនិត្យ និង វាយតម្លៃរបស់គណៈកម្មាធិការចុះបញ្ជីវិស្វករអាស៊ានទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ