ខេត្តសៀមរាប ៖ ក្នុងដំណើរចុះបំពេញបេសកកម្ម នាចុងសប្តាហ៍នៅខេត្តសៀមរាប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយខេត្តសៀមរាប បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ពាន ចំនួន២កន្លែង ឆ្លងស្ទឹងសៀមរាប ដែលជាគម្រោងរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ផ្តល់ឲ្យខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ការសាងសង់ស្ពាននេះ ជាគម្រោងរបស់ក្រសួងសាធារណការ ផ្តល់ឲ្យខេត្តសៀមរាបមានស្ពានចំនួនពីរ ឆ្លងកាត់ស្ទឹង សៀមរាប ដែលស្ថាបនាសាងសង់ដោយក្រុមវិស្វកម្មនៃមន្ទីរសាធារណការខេត្ត ។ ហើយថ្ងៃនេះ ត្រូវបានចាប់ ដំណើរការសាងសង់ស្ពានភ្លោះ ស្របជាប់នឹងស្ពានព្រះរាជដំណាក់ ដែលមានបណ្តោយប្រវែង ៤៦ម៉ែត្រ មាន ទទឹង ៨,២០ម៉ែត្រ ដោយមានផ្លូវរថយន្តរត់ឆ្លងកាត់ ប្រវែង៦,៨០ម៉ែត្រ ដែលមានរយៈពេលសាងសង់ ៧ខែ ទើប បានរួចរាល់ ហើយស្ពានមួយកន្លែងទៀត ស្ថិតនៅមុខវត្តពោធិ៍លង្កា ហើយបានកំពុងធ្វើការខួង ដើមី្បចាក់គ្រឹះទ្រ ជើងសសរស្ពាន ដែលនឹងធ្វើការក្រុងពលី និង បើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី ១៩ កញ្ញា ឆ្នាំ២០១៦នេះ។
តាមការបញ្ជាក់របស់ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង បានឲ្យដឹងថា នៅពេលដែលការសាងសង់ស្ពាននេះរួចរាល់ហើយនោះ អាជ្ញាធរខេត្ត ត្រូវធ្វើការពង្រីកផ្លូវ សម្រាប់ផ្លូវឯកទិសឆ្ពោះទៅផ្លូវសណ្ឋាគារសុខាអង្គរ ព្រមទាំងធ្វើការពង្រីកផ្លូវមួយខ្សែស្របតាមមាត់ស្ទឹងខាងលិចទៀតផង ។ ម៉្យាងទៀតការធ្វើចរាចរណ៍ចេញពីផ្លូវអាកាសយានដ្ឋានអន្តរជាតិសៀមរាបឆ្លងកាត់មុខព្រះរាជដំណាក់ គឺត្រូវឆ្ពោះត្រង់ឆ្លងកាត់ស្ពានថ្មចាស់ ហើយការធ្វើចរាចរណ៍ពីផ្សារលើមកលិចវិញគឺត្រូវធ្វើ ចរាចរណ៍ឆ្លងកាត់ស្ពានថ្មថ្មី ធ្វើដំណើរតាមផ្លូវមុខមហាសណ្ឋាគារឆ្ពោះទៅផ្លូវខាងកើតសណ្ឋាគារសុខាអង្គរ ។ ដោយកត្តាទាំងនេះហើយ អាជ្ញាធរខេត្តមានផែនការ ធ្វើការពង្រីកផ្លូវមួយចំនួន ដើមី្បឲ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែងក្នុងខេត្តនាពេលបច្ចុប្បន្ននេះផងដែរ ។ ម៉្យាងទៀតការសាងសង់ស្ពាននេះ នឹងត្រូវសាងសង់រួចរាល់នៅមុនបុណ្យអង្គរសង្រ្កាន្ត ឆ្នាំ២០១៧ផងដែរ ។
មានប្រសាសន៍នោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានបញ្ជាក់ថា នេះជាសមទ្ធិផលថ្មីមួយនេះ ជាចំណងដៃឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ហើយក៏ជាការលើកនូវសោភណ្ឌភាពក្រុងផង និង សម្រួលដល់ចរាចរណ៍នៅក្នុងក្រុង និង ការបញ្ជៀសការកកស្ទះចរាចរណ៍ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ទៀតផង ។ ឯកឧត្តមក៏បានបន្តទៀតថា នៅពេលស្ពានថ្មថ្មីទាំងពីរកើតឡើង បងប្អូនប្រជាពលរដ្ឋយើង ក៏គ្មានការ ព្រួយបារម្ភ ពីការកកស្ទះចរាចរណ៍ក្នុងក្រុងដូចនាពេលបច្ចុប្បន្ននេះឡើយ ។ ម៉្យាងទៀត ដោយខេត្តយើងបានធ្វើការពង្រីកផ្លូវបានធំទូលាយហើយនោះ ទើបយើងត្រូវធ្វើការសាងសង់ស្ពានថ្មថ្មីជាប់នឹងស្ពានថ្មចាស់ ក្នុងការកាត់បន្ថយនូវចរាចរណ៍ដែលបានឆ្លងកាត់លើស្ពានថ្មព្រះរាជដំណាក់នេះ។ ឯកឧត្តម ទៀ បាញ់ ក៏បានធ្វើការណែនាំមួយចំនួន ដល់ក្រុមវិស្វករសាងសង់ស្ពានឲ្យចិត្តទុកដាក់ក្នុងការសាងសង់ ដើមី្បធានាបានគុណភាព ក្នុងការប្រើប្រាស់បានយូរអង្វែង ដោយយើងមានស្ពានថ្មចាស់ដែលមានអាយុកាលជិតមួយសតវត្សហើយ ដែលជាសំណង់ របស់បារាំងទៀតផង ។ ម៉្យាងទៀត នៅពេលស្ពាននេះសាងសង់ហើយ អាជ្ញាធរខេត្ត មន្ទីរជំនាញ និង កម្លាំង សមត្ថកិច្ច ត្រូវអនុវត្តឲ្យបាន ចំពោះរថយន្តធំៗដែលផ្ទុកទំនិញលើសទម្ងន់ មិនឲ្យធ្វើការឆ្លងកាត់ឡើយ ហើយក៏ជាការធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រទៀតផង ៕ អត្ថបទ ម៉ី សុខារិទ្ធ