ខេត្តសៀមរាប ៖ សិស្សដែលជាបេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៥.២០១៦ ទទួលបាន លទ្ធផលនិទ្ទេស A ចំនួន ៣៦នាក់ ស្រី១៤នាក់ នៅក្នុងខេត្តសសៀមរាប ត្រូវបានទទួលរង្វាន់លើកទឹកចិត្ត ម្នាក់ៗ ម៉ូតូ១គ្រឿង និង សាំង៥០លីត្រ ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ខេត្តសៀមរាប ត្រូវបានធ្វើការប្រគល់ជូនកាលពីចុងសប្តាហ៍ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅរដ្ឋបាលសាលា ខេត្តសៀមរាប ។
តាមសេចក្តីរាយការណ៍របស់លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តបានឲ្យដឹងថាមណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៥.២០១៦ នៅខេត្តសៀមរាប មាន ចំនួន ០៩មណ្ឌល មានបន្ទប់ប្រឡង ២៦១បន្ទប់ មានបេក្ខជនក្នុងបញ្ជីប្រឡង ៦ពាន់៥៧២នាក់ បេក្ខនារី ៣ពាន់ ៥២៥នាក់ ហើយបេក្ខជនបានចូលប្រឡងជាក់ស្តែង ៦ពាន់៤៨៥នាក់ បេក្ខនារី ៣ពាន់៤៨២នាក់ អវត្តមាន៨៧ នាក់ ស្រី ៤៣នាក់ ។ លោកបានបន្តទៀតថា បេក្ខជនប្រឡងជាប់ជាស្ថាពរ ចំនួន ៤ពាន់៥១៦នាក់ស្រី ២ពាន់ ៥១៨នាក់ ស្មើ ៦៩,៦៤% បេក្ខនារី ៧២,៣១% ។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ៣៦នាក់ ស្រី ១៤នាក់ និទ្ទេស B ចំនួន ១៨៤នាក់ ស្រី១០០នាក់ , និទ្ទេស C ចំនួន ៤១៧នាក់ ស្រី ២២៥នាក់ , និទ្ទេស D ចំនួន ៦៨៣នាក់ ស្រី ៣៨២នាក់ និង និទ្ទេស E ៣ពាន់១៩៦នាក់ ស្រី ១ពាន់៧៩៧នាក់ ។
មានប្រសាសន៍សំណេះសំណាលជាមួយសិស្សានុសិស្ស និង អាណាព្យាបាលសិស្សទាំង ៣៦នាក់នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានធ្វើការអបអរសាទរផងដែរ អំពីលទ្ធផលនៃសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយកភូមិ ឆ្នាំសិក្សា២០១៥.២០១៦ ដែលសិស្សានុសិស្សខេត្តសៀមរាប បានជាប់និទ្ទេសA ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ ។ ឯកឧត្តមក៏បានកោតសរសើរផងដែរ ពីទឹកចិត្តខិតខំសិក្សា របស់ក្មួយៗ និង ការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និង ការអប់រំប្រៀនប្រដៅរបស់មាតាបិតា អាណា ព្យាបាលសិស្ស ដែលបានចូលរួមសហការ ក្នុងអប់រំបណ្តុះបណ្តាលនូវធនធានមនុស្ស ដែលសង្គមជាតិយើងកំពុង ត្រូវការជាទីបំផុត ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការក្រើនរំលឹកដល់ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេសA ទាំងអស់ ក៏ជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់ក្មួយៗ ហើយការ ទទួលបានលទ្ធផលល្អក៏ពិតមែន តែក្មួយៗត្រូវបន្តខិតខំសិក្សារៀនសូត្រ បន្តទៀតនៅថ្នាក់ឧត្តមសិក្សា ពីព្រោះថា ក្មួយៗគឺជាគ្រាប់ពូជដ៏មានតម្លៃ ក្នុងការបំពេញនូវតម្រូវការរបស់សង្គមជាតិ ។ ម៉្យាងទៀតក្មួយៗជាយុវជន ដែលជាសសរស្តម្ភដ៏រឹងមាំរបស់ប្រទេសជាតិ ក៏ត្រូវចូលរួមធ្វើការបណ្តុះបណ្តាលចំណេះដឹងដល់មិត្តយុវជនរបស់ខ្លួន ។ ឯ.ឧ ទៀ បាញ់ ក៏បានគូសបញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥.២០១៦នេះ ក៏ជាយុទ្ធសាស្ត្រនៃការកំណែទម្រង់របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជន និងកីឡា លើវិស័យអប់រំសិក្សា ក្នុងពង្រឹងគុណភាពអប់រំ នៃការបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែមានគុណភាព ។ ម៉្យាងទៀតក៏ជាការពង្រឹងនូវអង្គការវិន័យ ដល់លោកគ្រូ អ្នកគ្រូ លើការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដើមី្បធានាគុណភាពអប់រំ តាមសាលារៀន ចាប់ពីថ្នាក់បឋម វិទ្យាល័យ និង ថ្នាក់ឧត្តមសិក្សា ព្រមទាំងឲ្យធ្វើការកែប្រែនូវរាល់ទង្វើដែលមានកន្លងមកចំពោះសិស្ស សំដៅឲ្យមានភាពរីកចម្រើនជឿនលឿនដូចបណ្តាប្រទេសនានា នៅ លើពិភពលោក ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗ ក៏ដូចសិស្សានុសិស្ស យុវវ័យទាំងអស់ ត្រូវជៀសវាងឲ្យ ឆ្ងាយពីគ្រឿងញៀន និង ចាប់យកការសិក្សាជាកត្តាចំបង ដែលចម្លងនូវវាសនា និងក្រុមគ្រួសាររបស់ខ្លួន បានទៅ ដល់ត្រើយសុភមង្គល ព្រមទាំងចូលរួមគ្រប់គ្នា ក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពេលបើកបរត្រូវ ពាក់មួក សុវត្ថិភាព ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ ក្នុងនោះឯកឧត្តមក៏បានសូមឲ្យក្មួយៗទាំងអស់ ត្រូវត្រៀម លក្ខណៈ ក្នុងចូលរួមពិធីសំណេះសំណាលជាមួយ សម្តេចនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃខាងមុខនេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ