ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប រសៀលថ្ងៃទី០៤ ខែ មករា ឆ្នាំ២០១៦ មានធ្វើការប្រជុំបូកសរុបសកម្មភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើមី្បត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាប្រចាំឆ្នាំ២០១៦ និង ទិសដៅអនុវត្តបន្តឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំងមានការចូលរួម ពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិ ថ្នាក់ ក្រុង ស្រុក ចំនួន ១២០នាក់ដែលបានចូលរួម ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានធ្វើការងារណែនាំដល់បណ្តាឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធានក្រុមការងារជាតិចុះមូលដ្ឋានក្រុង ស្រុកទាំង១២របស់ខេត្តសៀមរាប ដើមី្បធ្វើសេចក្តី រាយការណ៍អំពីលទ្ធផល សកម្មភាពការងារ ដែលបានអនុវត្តក្នុងឆ្នាំ២០១៦ ព្រមទាំងបញ្ហាប្រឈម ដើមី្បរកនូវនីតិវិធីដោះ ស្រាយឲ្យបានចំនូវរាល់បញ្ហាទាំងនោះឲ្យមានប្រសិទ្ធភាព ។
ក្នុងនោះដែរឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ក៏បានធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលដែលបានអនុវត្តការងាររបស់ក្រុមការងារ និង បញ្ហាប្រឈម ព្រមទាំងលើកនូវ សំណូមពរមួយចំនួន ដល់ក្រុមការងារថ្នាក់ជាតិ ក្នុងការដាក់ប្រតិទិនការងាររបស់ខ្លួន ចុះមូលដ្ឋាន និងបានលើកនូវទិសដៅ ដែលត្រូវអនុវត្តបន្តនៅឆ្នាំបន្ទាប់ផងដែរ ។
បន្តមកឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក បានរាយការណ៍អំពីលទ្ធផល សកម្មភាពការងាររបស់ក្រុមដែលអនុវត្តបាន ក្នុងឆ្នាំ២០១៦ ដោយបានលើកនូវបញ្ហា មួយចំនួនដែលប្រជាពលរដ្ឋបានលើកឡើង ព្រមទាំងសំណូមពរមួយចំនួន ដោយផ្តោតលើបញ្ហា វិវាទដីធ្លី ទីតាំងចាក់សម្រាម , អគ្គិសនី , ធារាសាស្ត្រ , សេវាសាធារណៈ ,ការផ្តល់អត្តសញ្ញាណប័ណ្ណមានការយឺតយ៉ាវ , ការសុំសាងសង់ផ្លូវ ឡើងខ្នងភ្នំគូលែន និង ចុះទៅស្រុកស្វាយលើ , បញ្ហាផាស៊ីផ្សារ , និង ពីតម្លៃប្រើប្រាស់អគ្គិសនី ព្រៃឈើសហគមន៍ និង អាជ្ញាធរអប្សរាជាដើម ។
បន្ទាប់ពីធ្វើកិច្ចពិភាក្សាយ៉ាងស៊ីជម្រៅ ទៅលើការងារ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា និង ឆ្លងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរខេត្ត និង ប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ជាតិរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានធ្វើការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែង របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកក្រុមការងារថ្នាក់ជាតិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្ត ការងារកន្លងមក ហើយបានទទួលលទ្ធផលជាទីមោទនៈបំផុត ។ ម៉្យាងទៀតចំពោះរាល់បញ្ហា និង សំណូមពរ ដែលនៅសេសសល់ ក៏យើងត្រូវបន្តធ្វើការដោះស្រាយ ទៅតាមទិសដៅដែលបានលើកឡើងសម្រាប់អនុវត្តបន្តនាឆ្នាំ២០១៦ ។ ក្នុងនោះដែរឯកឧត្ត ទៀ បាញ់ ក៏បានធ្វើការបូកសរុបនូវលទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំ២០១៦នេះ ទៅលើទម្រង់របាយការណ៍ ដែលជាកញ្ចក់ឆ្លុះបញ្ចាំងទៅលើកញ្ចប់នៃផ្នែកនីមួយៗ ដែលក្រុមលេខាធិការដ្ឋានបានរៀបចំ និង ការប្រមូលផ្តុំបញ្ហាដែល មានការពាក់ព័ន្ធ និង ស្នើសុំជាគោលការណ៍ទៅសម្តេចនាយករដ្ឋមន្ត្រី ប្រជុំជាមួយរដ្ឋមន្ត្រីគ្រប់ក្រសួង ដើមី្បធ្វើការដោះស្រាយ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការបញ្ជាក់ផងដែរ អំពីបញ្ហាគុណភាពសេវាសាធារណៈ និង រាល់សំណូមពររបស់ប្រជាពលរដ្ឋដែលនៅសេសសល់ និង មិនទាន់បានធ្វើការដោះស្រាយនោះ ត្រូវធ្វើការដោះស្រាយជូនប្រជាពលរដ្ឋបន្ត ឲ្យបានចប់សព្វគ្រប់នៅឆ្នាំ២០១៧ ។ ក្នុងកិច្ចប្រជុំនោះក៏បានផ្តោតយ៉ាងសំខាន់ចំពោះ ការជម្រុញដល់ប្រជាពលរដ្ឋ ទៅត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និង ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ធ្វើការចូលរួមផ្សព្វផ្សាយ នូវយុទ្ធនាការរយៈពេល៦ខែ របស់រាជរដ្ឋាភិបាល ក្នុងការបង្រ្កាបបទល្មើសគ្រឿង ញៀន និង បទល្មើសនេសាទ រួមទាំងអនុវត្តឲ្យបានជាប្រចាំនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និង រួមគ្នាបន្តនូវប្រពៃណីចែករំលែកផងដែរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានធ្វើការផ្តាំផ្ញើដល់សមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តទាំងអស់ ត្រូវបង្កើនការយកចិត្ត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ការបម្រើនូវរាល់សំណូមពរតម្រូវការចាំបាច់របស់ប្រជាជននៅតាមមូលដ្ឋាន ដែល ជាកម្លាំងចលករជម្រុញឲ្យការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិកាន់តែមានល្បឿនទៅមុខ ហើយជាកាយវិការដ៏ប្រពៃ សំដៅធ្វើឲ្យថ្នាលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចាក់ឬសយ៉ាងជ្រៅ នៅតាមសហគមមូលដ្ឋាន របស់យើង ៕ អត្ថបទ ម៉ី សុខារិទ្ធ