ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៧នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត បានជួបធ្វើការពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក And Mrs Sunny Chan ប្រធានសមាគម ក្រុមហ៊ុននៅហុងកុង និងម៉ាកាវ រួមសហការី នៅរដ្ឋបាលសាលាខេត្តសៀមរាប
មានប្រសាសន៍នោះលោក ពៅ ពិសិដ្ឋ ក៏បានធ្វើការជម្រាប់ដល់គណៈប្រតិភូ អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោបាយ សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផែ្អកទៅលើ សក្តានុពលនៃវិស័យសេដ្ឋកិច្ច កសិកម្ម និងទេសចរណ៍។ ឯកឧត្តមក៏បានស្វាគមន៍ផងដែរ ចំពោះដំណើរទស្សនៈកិច្ចជាផ្លូវការ ក្នុងគោលបំណងជម្រុញ និងលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តសៀមរាប នៃព្រះរាជានាចក្រកម្ពុជា និង សមាគមក្រុមហ៊ុន នៃសាធារណរដ្ឋប្រជាមានិតចិន។ លោក ពៅ ពិសិដ្ឋ បានគូសបញ្ជាក់ផងដែរថា កម្ពុជា និង ចិន មានទំនាក់ទំនងល្អនឹងគ្នាតាំងពីយូរលង់មកហើយ ចាប់តាំងពីសម័យអាណាចក្រអង្គរមកម្លេះ ហើយការទំនាក់ទំនងនេះត្រូវបានពង្រីក និងពង្រឹងយ៉ាងស្អិតរមួត ក្រោមព្រះ រាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋិ ។ លោកក៏បានបន្តទៀតថា ដោយឈរលើមូលដ្ឋាន កិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងផងដែរ តាមរយៈក្នុង ផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេស ក៏ដូចការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ លោក ពៅ ពិសិដ្ឋ ក៏បានលើកឡើងថា បើគ្មានការគាំទ្រដោយសប្បុរស គ្មានលក្ខខណ្ឌពីប្រទេសចិននោះទេ កិច្ចដំណើរការនៃ កិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ក្រោមគំនិតផ្តួចផ្តើម (ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ) ដែលបានផ្តល់ឱកាសថ្មី សម្រាប់ប្រទេសទាំងពីរ បើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែមានភាពរឹងមាំ ។ និយាយដោយឡែកខេត្តសៀមរាប ក៏បានទទួលបានការឧបត្ថម្ភលើកវិស័យជាច្រើន ក្នុង ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័អរូបវ័ន្ត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស កសិកម្ម និង ការអភិរក្សជួសជុល ប្រាង្គប្រាសាទបុរាណក្នុងតំបន់អង្គរ ។ ក្នុងនោះចិនក៏បានលើកទឹកចិត្ត ជម្រុញឲ្យអ្នកវិនិយោគ ឯកជនចិន មកធ្វើការវិនិយោកនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប មានក្រុមហ៊ុនចិន បានចុះបញ្ជីពាណិជ្ជកម្ម សរុប ១០៦ ដែលមាន ក្រុមហ៊ុន ៥៥ និង សហគ្រាសឯកជនចំនួន ៥១ និង អាកាសចរណ៍ ១០ក្រុមហ៊ុន ដោយក្នុង មួយសប្តាហ៍ធ្វើការហោះហើរត្រង់មកសៀមរាប ៧៧ជើង ។ ក្នុងនោះឯកឧត្តមក៏បានលើកនូវសំណូមពរមួយចំនួន ដល់គណៈប្រតិភូ សំខាន់ក្នុងការជម្រុញប្រជាជន និង អ្នកវិនិយោគ ចូលមកធ្វើទេសចរណ៍ និង វិនិយោគ លើវិស័យកសិកម្ម ទេសចរណ៍ និង ទីផ្សារក្រពើនៅខេត្តសៀមរាប ។
ក្នុងកិច្ចពិភាក្សានោះ ក្រុមប្រតិភូបានមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការងារកសិកម្មនៅខេត្ត សៀមរាប ក៏ដូចនៅប្រទេសកម្ពុជាទាំងមូល និង ទីផ្សារក្រពើនៅខេត្តសៀមរាប រួមទាំងវិស័យទេសចរណ៍ទៀត ផង ។ ក្នុងនោះដែរលោក And Mrs Sunny Chan ក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំង អំពីកំណើនសេដ្ឋកិច្ច និង កិច្ចអភិវឌ្ឍន៍នៅប្រទេសកម្ពុជា សំខាន់នៅខេត្តសៀមរាប ដែលជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ ដែលមាន ប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក បានកំពុងក្លាយជាគោលដៅរបស់ភ្ញៀវទេសចរណ៍លើកពិភព លោក ចូលមកទស្សនាកម្សាន្ត និង ជាប្រភពចំណូលមិនចេះរីកស្ងួតរបស់កម្ពុជា ។ ក្នុងនោះលោកក៏បានធ្វើ សំណូមដល់អាជ្ញាធរខេត្តសៀមរាប សូមជួយធ្វើការគាំទ្រ នូវការទំនាក់ទំនង និង សម្របសម្រួល លើការងារ រដ្ឋបាលតាមផ្លូវច្បាប់នៅកម្ពុជាផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ