សន្និបាតបូកសរុប វាយតម្លៃការងារអប់រំ


ខេត្តសៀមរាប ៖ នៅរោងមហោស្រព រ៉ូសាណា​ ខេត្តសៀមរាប មានបើកអង្គសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និង កីឡាខេត្ត ឆ្នាំ​សិក្សា២០១៥.២០១៦ និងលើកទិសដៅឆ្នាំសិក្សា២០១៦.២០១៧ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០១៧នេះ ដោយមានការចូល រួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រី​ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង នាយកវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សា សាលាមត្តេយ្យសិក្សាទូទាំងខេត្ត គណៈកម្មការទ្រទ្រង់សាលា អង្គការដៃគូ និង  គរុសិស្សផងដែរ ។

តាមសេចក្តីរាយការណ៍របស់លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្ត បានគូស បញ្ជាក់ថា ក្នុងការអនុវត្តគោលនយោបាយ នៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដែលធានាការអប់រំមានគុណភាព ប្រកបដោយសមធម៌ និង បរិយាប័ណ្ណ និង លើកកម្ពស់ឱកាសសិក្សាពេញ​មួយជីវិត ព្រមទាំងធានាភាពស័ក្តសិទ្ធ នៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រង របស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ហើយមន្ទីរអប់រំខេត្ត បានរកគ្រប់មធ្យោ​បាយ ក្នុង ការកសាងនូវលក្ខខណ្ឌចាំបាច់នានា ដើមី្បជម្រុញឲ្យវិស័យអប់រំ តម្រង់ឆ្ពោះទៅកាន់ភាពជោគជ័យ និង ឆ្លើយតប គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព ឆ្នាំ២០១៥.២០៣០ ។ លោកបន្តទៀតថា សន្និបាតបូកសរុបវាយតម្លៃនេះ  នឹងអាចកំណត់បាននូវ លទ្ធផលការងារអប់រំ​ យុវជន និង កីឡាឆ្នាំសិក្សាកន្លងមក និង ការពិភាក្សារកឲ្យឃើញនូវ ចំណុចខ្លាំង និង ខ្សោយ ដើម្បើរៀនសូត្រ កែលម្អសម្រាប់អភិវឌ្ឍន៍បន្ត និង រកឲ្យឃើញនូវដំណោះស្រាយបញ្ហា គន្លឹះសំខាន់ ដែលមានឥទ្ធិផលដល់ការរីកចម្រើន និងអភិវឌ្ឍន៍វិស័យអប់រំ ព្រមទាំងកំណត់ទិសដៅ សម្រាប់អនុវត្ត បន្តក្នុងឆ្នាំសិក្សា២០១៦.២០១៧ ដោយផ្អែកលើបទពិសោធន៍ និង សក្តានុពលដែលមានជាក់ស្តែងរបស់មូលដ្ឋាន នីមួយៗ ។

មានប្រសាសន៍បើកអង្គសន្និបាតនោះឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានធ្វើការវាយតម្លៃខ្ពស់ អំពីលទ្ធផល ដែលមន្ទីរអប់រំខេត្តសៀមរាបសម្រេច​បានក្នុងឆ្នាំសិក្សា២០១៥.២០១៦ និង កោតសរសើរចំពោះក្មួយៗដែល ទទួលជោគជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួល​បាននិទ្ទេសA រហូតដល់៣៦រូប ។ លទ្ធ ផលទាំងនេះ ក្រោមការទទួលខុសត្រូវខ្ពស់របស់មន្ត្រីគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ និង ដោយការ​ចូលរួមគាំទ្រពី អាណាព្យាបាល និង សហគមន៍ទាំងមូល ក្នុងការជម្រុញឲ្យវិស័យអប់រំទទួលបាននូវលទ្ធផលជាផ្លែផ្ការហូត មក ដល់ពេលនេះ ។ ឯកឧត្តមបណ្ឌិត​ ក៏បានគូសបញ្ជាក់ថា កម្ពុជាបានធ្វើសមាហរណកម្មខ្លួនចូលទៅក្នុងតំបន់ និង ពិភពលោក និងបានដើរតួនាទីយ៉ាងសកម្មក្នុង​ឋានៈ ជាសមាជិកស្មើភាព ស្មើសិទ្ធិក្នុងកម្រិតតំបន់និងពិភពលោក។ កម្ពុជាក៏បានកំពុងឈានដល់ដំណាក់កាលថ្មីមួយ នៃការអភិវឌ្ឍន៍ មូល​ធនមនុស្ស ដែលចាំបាច់ ត្រូវផ្តោតការយក ចិត្តទុកដាក់ លើការពង្រឹងការអប់រំ គុណភាពសិក្សា ដើមី្បបម្រើសេចក្តីត្រូវការ នៃការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ។ ឯកឧត្តមបណ្ឌិត នូ ផល្លា ក៏បានលើកផងដែរ អំពីការអនុវត្តកម្មវិធីបំណិតជីវិត ដើមី្បលើកកម្ពស់នូវជីវភាពជីវិត នឹង បានកំពុង​ជាចំណុចក្តៅ របស់ប្រព័ន្ធអប់រំទូទាំងព្រះរាជាណាចក្រកម្ពុជា នាដំណាក់កាលសកលភាវរូបនីយកម្ម និង ការខិតខំធ្វើការឲ្យបានសម្រេចនូវ គោលដៅអភិវឌ្ឍសហវត្ស និង គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ។ ដើមី្បសម្រេចនូវគោលដៅដ៏ពិសុដ្ឋទាំងនេះ កម្លាំងទាំងក្នុងនិងក្រៅ​ប្រព័ន្ធអប់រំ នៅគ្រប់លំដាប់ថ្នាក់ ទាំងសហគម ជាតិ អន្តរជាតិ រួមគ្នាយកអស់កម្លាំងកាយចិត្ត សម្រាប់អនាគតដ៏រុងរឿងសម្រាប់កុមារ និង យុវជន ដែលជាទំពាំង ស្នងប្ញសី្សទៅអនាគត ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការណែនាំមួយចំនួន ដល់សមាជិកអង្គសន្និបាតទាំងមូល ត្រូវ កិច្ចពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និង លើកនូវបទពិសោធន៍ល្អៗ និង ទទួលនូវអនុសាសន៍ល្អៗ ដើមី្បជាប្រទីប សម្រាប់យកទៅអនុវត្តនៅឆ្នាំសិក្សាបន្តឲ្យ​កាន់តែ​ប្រសើរ​ឡើង សំខាន់ការប្រមូលកម្លាំង និង ធនធានក្នុងសង្គម ដើមី្បសម្រេចនូវគោលដៅដែលត្រូវធានា ឲ្យបានការចូលរៀនរបស់កុមារ​ទាំងអស់គ្នា ប្រកបដោយសមធម៌ បរិយាបណ្ណ័ និង គុណភាព ឆ្លើយតបទៅនឹងកាតព្វកិច្ចសិក្សា ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណា ចក្រកម្ពុជា និន្នាការអន្តរជាតិ ក្នុងដំណាក់កាលសកលភាវូបនីយកម្ម និង គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ៕ អត្ថបទ ម៉ី សុខារិទ្ធ

DSC_0568 DSC_0569 DSC_0571 DSC_0572 DSC_0574 DSC_0578