ខេត្តសៀមរាប ៖ នៅថ្ងៃទី ០៥ កុម្ភះ ឆ្នាំ២០១៧នេះ ក្រុមការងារថ្នាក់ជាតិ ក្នុងការបង្រ្កាបបទល្មើសនេសាទ ដឹកនាំដោយ លោក សៅ វណ្ណសេរីវុធ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប កម្លាំងសមត្ថកិច្ច អាវុធហត្ថ និង នគរបាលខេត្តសៀមរាប និង ខេត្តបាត់ដំបង រួមទាំងមន្ត្រីជំនាញជលផលទាំងពីរខេត្ត បានរួមកិច្ច សហការគ្នា ចុះធ្វើប្រតិបត្តិការបង្រ្កាបនូវឧបករណ៍ មធ្យោបាយ ធ្វើបទល្មើសនេសាទនៅក្នុងបឹងទនេសាទ ក្នុង ភូមិសាស្ត្រ ភូមិ ៧ សង្កាត់ចុងឃ្នៀស ក្រុង ខេត្តសៀមរាប ។
តាមការបញ្ជាក់របស់លោក សៅ វណ្ណសេរីវុធ បានឲ្យដឹងថា យុទ្ធនាការនេះ ជាជំហានទី២ហើយ ដែលក្រុមសមត្ថកិច្ចចម្រុះថ្នាក់ជាតិ និង ខេត្ត បានរួមសហការក្នុងការប់កិច្ចប្រតិបត្តិការជាលក្ខណៈទ្រុងទ្រាយធំ ដោយអនុវត្តនូវអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលប់បំបាត់នូវបទល្មើសនេសាទនៅក្នុងបឹង ទន្លេសាប ក្រោមប្រធានបទរួមគ្នាពន្លត់ភ្លើង ប្រសើរជាងអង្គុយបក់ខ្សែងភ្លើង។ ឯកឧត្តមបានបន្តទៀតថា ដោយមានកើតឡើងនូវរាល់បទល្មើសដែលបានប្រព្រឹត្តធ្វើឡើង ដោយក្រុមជនខិលខូចមួយចំនួន ដែលបានប្រើ ប្រាស់នូវឧបករណ៍នេសាទ ដែលរដ្ឋបានហាមឃាត់ បានធ្វើឲ្យនូវពូជបច្ឆាជាតិនៅក្នុងបឹងទន្លេសាទ រងនូវការ បំផ្លិចបំផ្លាយ ហើយពូជមច្ឆាមួយចំនួនស្ទើរផុតពូជបាត់ទៅហើយ ។ លោក សៅ វណ្ណសេរីវុធ បានគូសបញ្ជាក់ថា នេះជាយុទ្ធនាការដ៏ក្តៅមួយ ដែលក្រុមសមត្ថកិច្ចយើងធ្វើឲ្យខាងតែបាន គឺយើងរួមគ្នាពន្លត់ភ្លើង ប្រសើរជាងអង្គុយបក់ខ្សែងភ្លើងនោះទេ ។ ក្នុងការបង្រ្កាប រឹបអូសយកនូវឧបករណ៍ និង មធ្យោបាយប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស ដែលមានភស្តុតាងជាក់ស្តែង ដោយក្រុមការងារយើងបានកំណត់យ៉ាងច្បាស់ទៀតផង ។ ម៉្យាងទៀត ចំពោះរាល់សំណូមពររបស់ប្រជានេសាទក្នុងលក្ខណៈជាគ្រួសារ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ឯកឧត្តមក៏បានអនុញ្ញាតឲ្យបងប្អូនធ្វើការដាក់ រ៉ាវ លប ដែលមានប្រវែងត្រឹមតែ ៣០០ម៉ែត្រ ចាប់ពីមងក្រឡា ២ហ៊ុនកន្លះឡើងទៅ ទើបអនុញ្ញាតឲ្យធ្វើ តែក្រោយពេលការបញ្ចប់នូវយុទ្ធនាការទ្រុងទ្រាយធំនេះទៅ នឹងធ្វើការជួបពិភាក្សាជាមួយបងប្អូនប្រជានេសាទសាជាថ្មីវិញផងដែរ ។
ក្នុងការបង្រ្កាបនោះឧបករណ៍បទល្មើសនេសាទនោះ កម្លាំងជំនាញ និង សមត្ថកិច្ចយើង បានធ្វើការដកហូតបាននូវវត្ថុតាងចាក់ស្តែង រួមមាន សាច់អួនហ៊ុម ដែលមានប្រវែងពី៥០០ម៉ែត្រ ទៅ១ពាន់ម៉ែត្រ មានចំនួន ៨៦វង់ មានប្រវែង ៤៣ពាន់ម៉ែត្រ និង សាច់អួនហ៊ុម ដែលមានប្រវែងពី ១ពាន់៥០០ម៉ែត្រ ទៅ២ពាន់៥០០ម៉ែត្រ មានចំនួន ០៦វង់ មានប្រវែង ១២ពាន់ម៉ែត្រ សរុប ស្មើ ៥៥ពាន់ម៉ែត្រ ហើយមធ្យោបាយប្រើប្រាស់បទល្មើស មានទូក ៣៦គ្រឿង ក្នុងនោះ កាណូត ចំនួន ២៤គ្រឿង , បាឡា ចំនួន ០៤គ្រឿង , ទូក ចំនួន០៨គ្រឿង , ឈិបយន្ត ចំនួន ០២វង់ មងបណ្តែតបីជាន់ ចំនួន ២១វង់ ព្រមទាំងបានធ្វើការឃាត់ខ្លួនជនសង័្សយ ចំនួន ២នាក់ ១.ឈ្មោះ លឿង នូ ភេទប្រុស អាយុ ២៦ ឆ្នាំ ជាជនជាតិវៀតណាម ២.ឈ្មោះ ង្វៀង យ៉ាំងហ្វុង ភេទប្រុស អាយុ ២១ ឆ្នាំ ជាជនជាតិវៀតណាម អ្នកទាំងពីររស់នៅ ភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុង ខេត្ត សៀមរាប ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្ត ហើយចំពោះឧបករណ៍ និង មធ្យោបាយធ្វើសកម្មភាព បទល្មើសនេសាទ ត្រូវបានធ្វើការរក្សាទុកនៅ ទីស្នាក់ការសង្កាត់រដ្ឋបាលជលផលចុងឃ្នៀសផងដែរ ។
ក្នុងសកម្មភាពធ្វើការបង្ក្រាប និង ដកហូតនូវឧបករណ៍ មធ្យោបាយប្រើប្រាស់ធ្វើបទល្មើសនេសាទ ក៏ត្រូវ បានបងប្អូនប្រជានេសាទ នៅក្នុងភូមិសាស្ត្រតំបន់ចុងឃ្នៀស បានធ្វើការអបអរសាទរ គាំទ្រនូវកិច្ចប្រតិបត្តិការ របស់កម្លាំងសមត្ថកិច្ចជំនាញ ដើមី្បធានាបាននូវភាពគង់វង្សពពួកមច្ឆាជាតិនៅក្នុងបឹងទន្លេសាប ឲ្យកាន់តែមាន ភាពសម្បូរត្រីឡើងវិញ ។ ក្នុងនោះដែរតំណាងបងប្អូនប្រជានេសាទចំនួន៣រូប ក៏បានលើកនូវសំណូមពរមួយ ចំនួន (ដែលមានសម្លេងដើមទាំងស្រុង ) ក្នុងនោះដែរលោក សៅ វណ្ណសេរីវុធ ក៏បានមានប្រសាសន៍ថា (ដែលមានសម្លេងដើមទាំងស្រុង ) ៕ អត្ថបទ ម៉ី សុខារិទ្ធ