ខេត្តសៀមរាប ៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានបើកកិច្ចប្រជុំឆ្លុះបញ្ចាំងការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៦ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០១៧ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ក្រោមអធិបតីភាបឯកឧត្តមបណ្ឌិតឃឹមប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមបណ្ឌិតនូផល្លាប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីកិច្ចការនារីនិងកុមារ ឃុំ សង្កាត់ និង អង្គការដៃគូចូលរួមផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារនិង ជាសមាជិកក្រុមប្រឹក្សាខេត្ត ក៏បានគូសបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំ គឺដើមី្បជាការឆ្លុះបញ្ចាំង អនុវត្តផែនការសកម្មភាពឆ្នាំ២០១៦ និង លើកទិសដៅអនុវត្តបន្តឆ្នាំ២០១៧ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ហើយក៏ជាការផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធ សំខាន់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារក្រុង ស្រុក និងគណៈកម្មាធិការកិច្ចការនារី និង កុមារឃុំសង្កាត់ បានធ្វើការពិភាក្សា អំពីបទពិសោធន៍ការងារ បញ្ហាប្រឈមនានាដែលបានជួបប្រទះ សម្រាប់ជាបទពិសោធន៍ក្នុងការគ្រប់គ្រង អនុវត្តផែនការសកម្មភាព និង ផែនការថវិកាឆ្នាំ២០១៧ ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរ ពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត និង អ្នកពាក់ព័ន្ធទាំងអស់ក្នុងរយៈពេលមួយឆ្នាំនេះ ដើមី្បលើកកម្ពស់នូវការយល់ដឹងពីតម្រូវការរបស់ស្ត្រី និង កុមារ ព្រមទាំងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងក្របខណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ឯកឧត្តមបណ្ឌិតបានបន្តទៀតថា ការអនុវត្តតួនាទី ភារកិច្ចទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ក៏ដោយមានកិច្ចគាំទ្រ សហការល្អរបស់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និង អង្គការសង្គមស៊ីវិល។ ឯកឧត្តមបណ្ឌិត ក៏គូសបញ្ជាក់ថា កិច្ចប្រជុំនេះនឹងឆ្លុះបញ្ចាំងនូវវឌ្ឍនភាព ក្នុងការបោះជំហានទៅមុខ លើការអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ដើមី្បសម្របសម្រួលផ្តល់យោបល់ ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអនុវត្តតួនាទី ភារកិច្ចចាប់តាំងពីអាណត្តិទី១ចូលដល់អាណត្តិទី២ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី៣ នីតិកាលទី៥ នៃរដ្ឋសភា គោលនយោបាយ កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមផែនការអភិវឌ្ឍន៍ខេត្ត និង កម្មវិធីវិនិយោគខេត្តបីឆ្នាំរំកិល ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានចែករំលែកនូវព័ត៌មានពាក់ព័ន្ធ និង គោលបំណងកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលដែលបានកំពុងយកចិត្តទុកដាក់ ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ដើមី្បលើកកម្ពស់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយសមធម៌ មានតម្លាភាព និង គណនេយ្យភាព សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិត ក៏មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំនេះ នឹងផ្តល់ឲ្យអ្នកចូលរួម មានការទំនាក់ទំនងគ្នាល្អ ក្នុងការលើកកម្ពស់កិច្ចសហការ និង ការជម្រុញការបញ្ជ្រាបយេនឌ័រ ក្នុងការបង្កើនភាពអងអាចដល់ស្ត្រី ដើមី្បឲ្យស្របតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី៤ របស់ក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និង តម្លាភាព ក្នុងការរៀបចំផែនការសកម្មភាព ថវិកាប្រចាំឆ្នាំ ដើមី្បឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋ ព្រមទាំងបានចាត់ទុក ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ សង្គម ស្ត្រីជាមាតានៃពិភពលោក រីឯយុវវ័យ និង កុមារគឺជាទំពាំងស្នងប្ញសី្សនៃប្រទេសជាតិ ៕ អត្ថបទ ម៉ីសុខារិទ្ធ