ខេត្តសៀមរាប ៖ កង់ចំនួន៥០០គ្រឿង និង ភួយ ចំនួន ៥០០ ដែលជាអំណោយរបស់ក្រុមរ៉ូតារីសាំងហ្គាពួ ផ្តល់តាមរយៈក្រុម រ៉ូតារីអង្គរ ប្រចាំខេត្តសៀមរាប ត្រូវបានធ្វើការចែកជូនដល់សិស្សក្រីក្រ ជួបការលំបាកចំនួន៥០០នាក់ មកពីសាលា បឋមសិក្សា និង មធ្យមសិក្សា មកពី៦ស្រុកក្នុងខេត្តសៀមរាប កាលពីចុងសប្តាហ៍ ថ្ងៃសៅរិ៍ ទី២៩ ខែ មេសា ឆ្នាំ ២០១៧ នៅសាលាគរុកោសល្យនិងវិក្រិត្យការខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកលោកអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តរួចមក មានចំណាប់អារម្មណ៍ នៅដែរលោក Robin tan ប្រធានអង្គការRotary Club និងលោកMichael Yes (District governor of Rotary 3310) បានមានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មាឆ្នាំមកនេះ ក្រុមរ៉ូតារីសាំងហ្គាពួ បានផ្តល់កង់ដល់សិស្ស ក្រីក្រជួបការលំបាក ក្នុងធ្វើដំណើរមកសិក្សានៅឆ្ងាយពីសាលារៀន ដែលជាសិស្សនៃក្រុមគ្រួសារមានជីវភាពខ្វះខាត នៅតាមតំបន់ដាច់ស្រយាល ដែលរៀនពូកែ ដល់សាលាចំនួន១០០ ក្នុងខេត្តពោធិសាត់ នូវកង់ចំនួន២ពាន់គ្រឿង រួមទាំងបានសាងសង់សាលា បង្គន់អនាម័យ និងអណ្តូងទឺកផងដែរ ។ និយាយដោយឡែកនេះជាលើដំបូង ហើយ ដែល ក្រុមរ៉ូតារីសាំងហ្គាពួ បានផ្តល់កង់ដល់សិស្សក្រីក្រ ជួបការលំបាកក្នុងការធ្វើដំណើរមកសិក្សាឲ្យបាន ទាន់ពេល វេលា និង ទៀងទាត់ នៅក្នុងខេត្តសៀមរាប ដែលមានសិស្សថ្នាក់បឋមសិក្សាចំនួន២៥០នាក់ សិស្សថ្នាក់មធ្យមសិក្សា២៥០នាក់ ។ លោកទាំងពីរបានបញ្ជាក់ផងដែរថា គម្រោមក្រុមរ៉ូតារីសាំងហ្គាពួ ក្នុងរយៈពេល៣ឆ្នាំទៅមុខនេះ និងបន្តផ្តល់នូវអគារសិក្សា បង្គន់អនាម័យ អណ្តូងទឹក ព្រមទាំងជួយសាងសង់ផ្ទះដែលខូចខាតជូនប្រជាជន និង ធ្វើការបណ្តុះបណ្តាគ្រូបង្រៀន រួមទាំងបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរខេត្តសៀមរាបផងដែរ ។
មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃនិងក្រសួង-ស្ថាប័ននានានឹងបន្តជម្រុញឲ្យមានការអភិវឌ្ឍបន្ថែមទៀតនូវកម្រិតជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការពង្រឹងការអនុវត្តជាប្រចាំនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពធានានូវសន្តិសុខទាំងតាមទីជនបទក៏ដូចជាទីប្រជុំជនក្រុង-ស្រុកសំដៅបង្កលក្ខណៈភាពងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋប្រកបមុខរបរទទួលទានដោយសុខសុវត្ថិភាពនិងធ្វើការវិនិយោគលើវិស័យសាធារណៈរួមចំណែកឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍសហស្សវត្សរ៍កម្ពុជា។ឯកឧត្តមបណ្ឌិត ក៏បានធ្វើការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡាដែលបានធ្វើការកែទម្រង់វិស័យអប់រំដើម្បីធានាឲ្យការកសាងនិងអភិវឌ្ឍធនធានមនុស្សស្របតាមបែបផែនផលិតកម្មទំនើបនិងដំណាក់កាលនៃការរីកមច្រើនរបស់ពិភពលោក។ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា វិស័យអប់រំជាគន្លឹះមួយយ៉ាងសំខាន់បំផុតដែលសង្គមទាំងមូលត្រូវតែចូលរូមឲ្យបានខ្លាំងក្លានិងប្រើប្រាស់ពេលវេលាយូរអង្វែងហើយនឹងភាពហ្មត់ចត់និងស្មារតីទទួលខុសត្រូវខ្ពស់។ការធ្វើកំណែទម្រង់វិស័យអប់រំយុវជននិងកីឡាគឺវាទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឍដ្ឋានដូចដែលយើងកំពុងប្រារព្ធក្នុងពេលនេះស្រាប់។សំខាន់ជួយពីដៃគូអភិវឌ្ឍវិស័យអប់រំក្នុងការផ្តល់អាហារូបករណ៍ពិតជាបានរួមចំណែកឲ្យសិស្សានុសិស្សរបស់យើងមានលទ្ធភាពបានចូលរៀនគ្រប់គ្នាកាត់បន្ថយអត្រាបោះបង់ការសិក្សាជួយសម្រាលបន្ទុករបស់អាណាព្យាបាលសិស្សក៏ដូចជាបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរជាមួយនោះក៏ធានាបាននូវគោលការណ៍សមភាពនិងសមធម៌។ម៉្យាងទៀតជាក់ស្តែងការចែកកង់និងភួយជូនដល់សិស្សានុសិស្សក្រីក្រជួបការលំបាកក្នុងខេត្តសៀមរាបចំនួន៥០០នាក់នេះគឺពិតជាបានសក្ខីកម្មមួយបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការជួយជម្រុញឲ្យកុមារនិងយុវជនបានចូលរៀននិងបានផ្តល់ឱកាសដល់ក្មួយៗសិស្សានុសិស្សដែលបាននិងកំពុងជួបការលំបាកមានលទ្ធភាពក្នុងមករៀនបានទាន់ពេលវេលា។ ឯកឧត្តមបណ្ឌិតក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមរ៉ុតារីអង្គរនិងក្រុមរ៉ុតារីសាំងហ្គាពួដែលបានផ្តល់កង់និងភួយសម្រាប់ចែកជូនដល់សិស្សានុសិស្សនាពេលនេះ ហើយកន្លងមកក្រុមរ៉ូតារីអង្គរ ក៏បានចូលរួមយ៉ាងសកម្មលើការងារមនុស្សធម៌ ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តផងដែរ ។ ឯកឧត្តមបណ្ឌិត ក៏បានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្សទាំង អស់ ត្រូវខិតខំសិក្សារៀនសូត្រ ឲ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ និង សូមឲ្យជៀសចេញឲ្យឆ្ងាយពី គ្រឿងញៀន ល្បែងពាលា និង សិក្សាស្វែងយល់ និង គោរព ច្បាប់ចរាចរណ៍ផ្លូវគោក ពីព្រោះក្មួយៗកូនៗទាំអអស់ គឺជាធនធានមនុស្ស នៃសរសរស្តម្ភដ៏រឹងមាំ ក្នុងការអភិវឌ្ឍសង្គមជាតិ ទៅពេលអនាត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប