ខេត្តសៀមរាប ៖ ក្នុងការអនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល នៃនយោបាយចាស់សកម្មភាពថ្មី ដើម្បីចែកបណ្ណ័កម្មសិទ្ឋដីធ្លីជូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ និង ដាំដុះជាក់ស្តែងឲ្យទៅជាស្របច្បាប់តាមរយៈការចុះបញ្ជីដីធ្លី ក្នុងការ ធានាបាននូវសុវត្ថិភាព ការកាន់កាប់ដីធ្លីនិង មានសិទ្ឋពេញលេញក្លាយខ្លួនជាម្ចាស់ដីពិតប្រាកដ លែងមានការព្រួយបារម្ភខ្លាចនរណាដកហូតវិញ។ ជាក់ស្តែងប័ណ្ណកម្មសិទ្ធដីធ្លីចំនួន ៦៥៤បណ្ណ័ ដែលមានផ្ទៃដីសរុប២ពាន់១៧៩ហិចតាត្រូវបានឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោកជំទាវចែកជូនដល់ប្រជាពលរដ្ឋចំនួន៣៨៨គ្រួសារដែលជាម្ចាស់អចលនវត្ថុ កាលពីថ្ងៃទី ១២ខែឧសភាឆ្នាំ២០១៧ដែលប្រព្រឹត្តធ្វើទៅ ក្នុងទីវត្តកំបោអរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត និង អាជ្ញាធរស្រុក ឃុំផងដែរ។
តាមសេចក្តីរាយការរបស់លោកពៅ ប៊ុនធឿនអភិបាលនៃគណៈអភិបាលស្រុកជីក្រែងបានគូសបញ្ជាក់ថា ឃុំខ្វាវ មាន១០ភូមិ ស្ថិតនៅតំបន់ដាច់ស្រយាលក្នុងតំបន់ព្រៃភ្នំ ដែលមានប្រជាពលរដ្ឋសរុប១៣ពាន់៧៧២នាក់ ជា កសិករ ហើយកន្លងមកបងប្អូនប្រជាពលរដ្ឋចំនួន៣ឃុំ ដែលមាន៤ភូមិ បានទទួលវិញ្ញបនបត្រសម្គាល់អចលនវត្ថុសរុប៨១៦ប័ណ្ណ ហើយថ្ងៃនេះបងប្អូនប្រជាពលរដ្ឋនៅភូមិចុងស្ពាន ចំនួន៣៨៨គ្រួសារ ដែលពួកគាត់ទន្ទឹងជាយូរមកហើយនោះ ត្រូវបានទទួលវិញ្ញបនបត្រសម្គាល់អចលនវត្ថុ ឲ្យស្របទៅតាមច្បាប់ ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិតឃឹមប៊ុនសុងក៏បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិ និង បានកោតសរសើរចំពោះការខិតខំ ប្រឹងប្រែងរបស់យុវនិស្សិតស្ម័គ្រចិត្តសម្តេចតេជោនិងមន្ត្រីក្រុមបច្ចេកទេស រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរដែនដីប្រជាពលរដ្ឋ ដែលបានចូលរួមសហការយ៉ាងជិតស្និទ្ធធ្វើឲ្យ គោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលបាន ជោគជ័យជាប្រវត្តិសាស្ត្រឈានដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋបាន ជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា បងប្អូនប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់នៅក្នុងសម័យតេជោ គឺមិនមានចំណាយថវិកា ថែមទាំងបានទទួលនូវអំណោយលើកទឹកចិត្តបន្ថែមទៀត ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបាន ប្រកាន់ខ្ជាប់នូវគោលនយោបាយមិនយកពន្ធលើដីធ្លីកសិកម្មរបស់ប្រជាជនជារៀងរហូត ។ ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា បណ្ណ័កម្មសិទ្ឋទាំងនេះ គឺជាភស្តុតាងនូវការកាន់កាប់ដីធ្លីរបស់បងប្អូនចៀសវាងនូវការរំលោភបំពាន ពីសំណាក់ជនមានអំណាច ឬ ជនខិលខួចហើយក៏ជាការផ្តល់លទ្ឋភាពដល់បងប្អូនប្រជាពលរដ្ឋយើង មានសិទ្ធិយកទៅដាក់នៅធនាគារ ក្នុងការខ្ចីប្រាក់សម្រាប់យកមកប្រកបមុខរបរ និង ធ្វើអាជីវកម្មផ្សេងៗ ។ ឯកឧត្តមបណ្ឌិតក៍បានមានប្រសាសន៍បន្ថែមទៀតថា ដោយបានជម្រុញឲ្យបងប្អូនទាំងអស់ ក្រោយពីទទួលបានកម្មសិទ្ឋស្របច្បាប់ លើការគ្រប់គ្រងដីរបស់បងប្អូនហើយនោះ ត្រូវខិតខំបង្កបង្កើនផលដើម្បីឆ្លើយតបទៅនឹងភាពខ្វះខាតក្នុងជីវភាពរស់នៅ ។ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិ នាឱកាសនោះ សូមថែរក្សា ការពារប័ណ្ណកម្មសិទ្ធិឲ្យបានគង់វង្ស កុំមានការលក់ដោះដូរ ឬ ក៏បាត់បង់ដោយប្រការណាមួយនោះ ព្រោះវាជារបស់ដែលមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់បន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ និងសហគមន៍ព្រមទាំងត្រូវបញ្ឈប់ការកាប់ឆ្ការរានដីព្រៃរបស់រដ្ឋ ឬ ដីកម្មសិទ្ឋអ្នកដទៃយកមកធ្វើជាកម្មសិទ្ឋរបស់ខ្លួន និង សុំចេញបណ្ណ័កម្មសិទ្ឋជាបន្តទៀត អាជ្ញាធរគឺមិនចេញបណ្ណ័កម្មសិទ្ឋជូនទៀតឡើយ។ ឯកឧត្តមបណ្ឌិតក៏មានការសង្ឃឹមជឿជាក់ថា ក្នុងផ្ទៃដី ២ពាន់១៧៩ហិចតា នេះ ដែលបងប្អូនបានទទួលបានជាកម្មសិទ្ធិនឹងធ្វើឲ្យផ្ទៃដីនៃតំបន់នេះក្លាយជាតំបន់ប្រកបទៅ ដោយដំណាំគ្រប់ប្រភេទ ក្នុងការទ្រទ្រង់ជីវភាពរបស់បងប្អូនព្រមទាំងត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧នេះ ដើមី្បជ្រើសរើសតំណាងរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍភូមិឃុំ របស់ខ្លួនផងដែរ ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិត និងលោកជំទាវ ក៏បានចែកនូវវត្ថុអនុស្សាវរីយ៍ដល់បងប្អូនប្រជាពលរដ្ឋដែលបាន ចូលរួម ក្នុងម្នាក់ៗសារុង១ ប្រាក់២ម៉ឺនរៀល និង ឧបត្ថម្ភថវិកា ចំនួន១៥លានរៀល ដើមី្បដឹកដីចាក់បំពេញទីធ្លា សាលារៀនកំបោអរនេះផងដែរ៕ អត្ថបទ ម៉ី សុខារិទ្ធភ្នាក់ងារសៀមរាប