រួមគ្នាទ្រទ្រង់សុខភាពមាតា និង កុមារកម្ពុជា


ខេត្តសៀមរាប ៖ មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ (ខេត្តសៀមរាប ) ឬ មន្ទីរពេទ្យកុមារជ័យវរ័្មនទី៧ បានផ្តល់ការពិនិត្យព្យាបាល និងថែទាំជម្ងឺកុមារប្រកបដោយគុណភាព និងឥតគិតថ្លៃ ។  កុមារមានជម្ងឺ និង ស្ត្រីមានផ្ទៃពោះដែលមកសម្រាលកូន  មិនថាក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ តែស្ត្រី និង កុមារមានជម្ងឺមកពីខេត្តផ្សេងៗទៀតទូទាំងប្រទេស  ក៏មានវត្តមានទទួលការពិនិត្យព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនេះផងដែរ  ។

ទន្ទឹមនឹងនេះ  មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក៏ត្រូវបានប្រើប្រាស់មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣  ជាផ្នែកមួយនៃជម្ងឺកុមារ នឹង បានបញ្ជូនកុមារមានជម្ងឺ មកទទួលការពិនិត្យព្យាបាលនៅទីនោះផងដែរ ។ តាមការបញ្ជាក់របស់លោក វេជ្ជបណ្ឌិត យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣  តំណាងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ប្រធានស្ថានិក និង ជាប្រធានមូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផា បានឲ្យដឹងថា ក្នុងថ្ងៃទី ២៣ មិថុនានេះ មាន អ្នកជម្ងឺមកទទួលសេវា ព្យាបាល សរុប ១ពាន់១៣១នាក់ ក្នុងនោះមានស្ត្រីមកសម្រាលកូន ចំនួន២០០នាក់ និង ផ្តល់សេវាពិនិត្យស្ត្រីមានផ្ទៃពោះ ១៩៧នាក់ ។ លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា ក្នុងខែ មិថុនានេះ មានអ្នកជម្ងឺចូល មកទទួលសេវាពិគ្រោះ ពិនិត្យ ព្យាបាល សរុប ៣៨ពាន់៥៩៥នាក់ ក្នុងនោះចូលមកសម្រាកព្យាបាល ទាំងកុមារ និង ស្ត្រី មាន៨ពាន់៥១៥នាក់ អ្នកសម្រាលកូន ១ពាន់៩៧៩នាក់ ហើយទារកដែលទើបនឹងកើតមាន ៦២នាក់ផងដែរ ។ ចំពោះការវះកាត់ មានចំនួន១៥៩ករណី ចំពោះក្មេងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងធ្វើការវះកាត់បេះដូង ២ករណី ទៀត ផង ។ លោកវេជ្ជបណ្ឌិតបានគូសបញ្ជាក់ផងដែរថា អ្នកជម្ងឺដែលចូលមកសម្រាកព្យាបាល មានចំនួន ៥សាល ដោយ ក្នុងនោះក្រុមគ្រូពេទ្យពិនិត្យឃើញថា ជម្ងឺរលាកខួក្បាល មានចំនួន៧៧ករណី គ្រុនឈាម ២០ករណី ក្នុងនោះដែរ មន្ទីរពេទ្យក៏ទទួលព្យាបាលជម្ងឺមហារីក ឈាមសស៊ីឈាមក្រហម នៅមន្ទីរពេទ្យគុន្ធបុប្ផាទី២ ក្រុងភ្នំពេញទៀតផង ។

នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧  ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ជាអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូនាំយកមូលនិធិសប្បុរសរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចំនួន២ម៉ឺន៥ពាន់ដុល្លាសហរដ្ឋអាមេរិក ប្រគល់ជូនមន្ទីរពេទ្យគុន្ធបុប្ផាទី៣ ដើម្បីរួមចំណែក ជួយទ្រទ្រង់កិច្ចដំណើរការរបស់មន្ទីរពេទ្យកុមារបេះដូងមនុស្សធម៌មួយនេះ ។  ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ថា ថវិកាចំនួន២ម៉ឺន៥ពាន់ដុល្លានេះ គឺទទួលបានពីបងប្អូនសប្បុរសជនជាតិ អន្តរជាតិ ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមលើកទី១៥៤ ក្រោមប្រធានបទ ( កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ) ក្នុងការទ្រទ្រង់សកម្មភាពកាកបាទក្រហមកម្ពុជា  ដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា  ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ គន្ធបុប្ផាទី៣ សំខាន់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ប្រធានស្ថានិក និង ជាប្រធានមូលនិធិមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលបានយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាលកុមារ និង ស្ត្រីកម្ពុជា ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ យើងគ្រប់គ្នាបានហៅលោក ជាគ្រូពេទ្យទេវតា ដោយព្យាបាលជម្ងឺ មិនប្រកាន់វណ្ណៈពូជសាសន៍អ្វីឡើយ  ព្រមទាំង បានប្រសិទ្ធពរជ័យជូនដល់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ឲ្យបានឆាប់ជាស្បះស្បើយពីរោគារព្យាធិ ដើមី្បបានចូលរួមសង្រ្គោះអាយុជីវិតកុមារកម្ពុជាយើង ។ ម៉្យាងទៀតនេះក៏ជាកាយវិការដ៏សប្បុរសធម៌ របស់គណៈ កម្មាធិការសាខាកាកបាទក្រហមខេត្ត ក្នុងការរួមចំណែងទ្រទ្រង់សុខភាពមាតា និង កុមារកម្ពុជាយើង ។

គួឲ្យកត់សម្គាល់នាឱកាសនោះដែរ ក៏មានបងប្អូនសប្បុរសជន បានចូលរួមបន្ថែមដោយសណ្តានចិត្ត ​ក្នុងការរួមចំណែក ចែករំលែកការលំបាករបស់មន្ទីរពេទ្យគន្ធបុប្ផាទី៣ ដែលមានការខ្វះខាតក្នុងការទ្រទ្រង់សេវាព្យាបាល ជូន ដល់កុមារកម្ពុជា  ក្នុងនោះ កញ្ញា ឃឹម មុន្នី  នូវថវិកាផ្ទាល់ខ្លួន ចំនួន ២ពាន់ដុល្លា ,កញ្ញា  ឃឹម ដាលឹះ ថវិកា ២ពាន់ដុល្លា និង លោកស្រី អៀន សុខា គឹម ប៉ុណ្ណា  ភរិយាលោកប្រធានមន្ទីរ សាធារណការនឹងដឹកជញ្ជូនខេត្ត ចំនួន ៥០០ ដុល្លាផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប

1813 1814 1815 1816 1817 1818 1819 1820 1821 1822 1823 1824 1825 1826 1827 1828 1829 1830 1831 1832 1833