សោភណ្ឌភាពរមណីយដ្ឋានភ្នំចង្រ្កានរយ


ខេត្តសៀមរាប ៖ ស្រុកវ៉ារិន ជាស្រុកមួយរបស់ខេត្តសៀមរាប ស្ថិតនៅបែកខាងជើងខេត្ត មានចំងាយប្រមាណជាង១០០ គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវជាលេខ៦៧  ដែលមានភូមិសាស្ត្រជាប់ទៅនឹងខេត្តឧត្តរមានជ័យ  ។  ស្រុក វ៉ារិន មានរដ្ឋបាលឃុំចំនួន៥  ជាស្រុកសម្បូរទៅដោយព្រៃ និង ភ្នំ ដែលមានប្រជាពលរដ្ឋប្រកបធ្វើស្រែ ចំការ និង ទទួលផលអនុផលពីព្រៃឈើ ។ ម៉្យាងទៀតស្រុកវ៉ារិន ក៏ជាសមរភូមិក្តៅ នាសម័យសង្គ្រាមរវាងទាហានរាជរដ្ឋាភិ បាលកម្ពុជា និង ក្រុមឧទាមខ្មែរក្រហម  ។ ក្រោមគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ច ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យកម្ពុជាយើងទទួលបានសុខសន្តិភាព ពេញលេញទូទាំងប្រទេស និង មានកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ តាំងពីទីប្រជុំជនទៅដល់ជនបទ ។

ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យតំបន់ភ្នំចង្ក្រានរយ បានប្រែក្លាយទៅជារមណីដ្ឋានមួយដ៏ស្រស់ ស្អាត ដែលបានកំពុងទាក់ទាញអារម្មណ៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលទៅទស្សនាកម្សាន្ត ប្រកប ដោយបរិយាកាស នៃបរិស្ថានល្អបរិសុទ្ធ ។  តាមការបញ្ជាក់របស់បងស្រី ជាប្រធានសហគមន៍ចង្ក្រានរយថា សហគមន៍នេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ តែសកម្មភាពក្នុងការអភិរក្សព្រៃឈើ និង សត្វព្រៃនៅលើភ្នំចង្ក្រានរយនេះ មានភាពផុលផុសចាប់ពីឆ្នាំ២០១៥ និង ២០១៦ ។  បងស្រីក៏បានឲ្យដឹងថា នៅតំបន់ភ្នំចង្ក្រានរយ នេះ មានទី កន្លែងទឹកធ្លាក់ និង កន្លែងកម្សាន្តជាច្រើនកន្លែង តាមលក្ខណៈធម្មជាតិ  ព្រមទាំងកន្លែងមើលសត្វ គ្រប់ប្រភេទ ដែលចុះមករកចំណី និង ផឹកទឹកទៀតផង  ។

តាមការបញ្ជាក់របស់លោក នាក់ ណេរ៉ុន អភិបាលស្រុកវ៉ារិន បានឲ្យដឹងថា  សហគមភ្នំចង្រ្កានរយនេះ មានផ្ទៃដីព្រៃ ៩ពាន់១០៤ហិចតា និង មានសក្តានុពលទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានធម្មជាតិចង្រ្កានរយនេះ ទៀតផង ។ ម៉្យាងទៀតសក្តានុពលទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានធម្មជាតិចង្រ្កានរយនេះ  មានទីកន្លែងឡើង ទៅកម្សាន្ត លំហែកកាយស្រូបយកខ្យល់អាកាសដ៏ល្អបរិសុទ្ធ នៅចំណុចពើងច័ន្ទក្រហម  ​, ចំណុចដារហាល និង ដារអិល ,ទីកន្លែងដាក់ចំណីសត្វ និង ទឹកធ្លាក់ចង្រ្កាន​រយ  ព្រមទាំងមានល្អាងភ្នំ ប្រកបដោយសោភណ្ឌភាពស្រស់ ស្អាត ដែលធ្វើឲ្យភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ កាន់តែមានចំណាប់អារម្មណ៍ផងដែរ  ។  លោកបានបន្តទៀតថា បច្ចុប្បន្ននេះ អាជ្ញាធរស្រុក និង សហគមន៍ចង្ក្រានរយ បានធ្វើការរៀបចំសណ្តាប់ធ្នាប់ រួមទាំងផ្លូវឡើងទៅកាន់ ទីកន្លែងកម្សាន្ត និង ផ្លូវធ្វើដំណើរកម្សាន្តទៅតាមគោលដៅនិមួយៗ  ហើយនៅពេលថ្មីៗនេះផងដែរ ក៏មានក្រុម សិស្ស និសិ្សត បានមកធ្វើការបោះជំរុំស្នាក់នៅលើភ្នំចង្ក្រានរយ ដើមី្បសិក្សាស្វែងយល់  អំពីសក្តានុពលនៃ ភ្នំចង្រ្កានរយនេះ  មជ្ឈមណ្ឌល សំ វាសនា សហគមន៍ និងមន្រ្តីស្រុកវ៉ារិនបានសហការគ្នាចុះធ្វើការសិក្សានៅក្នុងតំបន់ព្រៃសហគមន៍ចង្រ្កានរយ ក្នុងការសិក្សានេះក្រុមការងារក៏បានជួបប្រទះសត្វស្លាបចំនួនជាង ៤០ប្រភេទ ដែលសត្វកម្រដែលជិតផុតពូជទៅហើយ ខ្លះមកតាំងពីតំបន់ប៉ូល ហើយសត្វទាំងនោះមានលក្ខណៈសាំងជាមួយនឹងមនុស្សជាងមុន ដែលអាចបម្រើឲ្យសេវាកម្មទេសចរណ៍ធម្មជាតិសម្រាប់ថ្ងៃអនាគត។  លោកក៏មានសង្ឃឹមជឿជាក់ថា  នៅពេលតំបន់រមណីយដ្ឋាន ភ្នំចង្ក្រានរយនេះបានដំណើរហើយនោះ  នឹងជួយដល់ជីវភាពរបស់បងប្អូននៅក្នុងសហគមន៍ចង្ក្រានរយ ក៏ដូច ទូទាំងឃុំល្វាក្រាំង និង ធ្វើឲ្យប្រជាពលរដ្ឋក្នុងតំបន់នេះ បានយល់អំពីផលប្រយោជន៍នៃបរិស្ថានព្រៃឈើ និង បាន កាត់បន្ថយការកាប់ឈើព្រៃ និង ការបបាញ់សត្វ ឲ្យមកចាប់យកនូវសេវាកម្មទេសចរណ៍ ដែលជាប្រភពចំណូល មិនចេះរីងស្ងួតនៅក្នុងសហគមន៍ភ្នំចង្ក្រានរយនេះ  ។ លោកក៏បានធ្វើការអំពាវនាវផងដែរ  សូមឲ្យបងប្អូនជាភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្ត សោភណភាពតំបន់រមណីយដ្ឋានចង្រ្កានរយ នារដូវវស្សា ក៏ដូចរដូវប្រាំង មានសោភណ្ឌភាពប្រកបដោយបៃតង និង មានផ្តាព្រៃចម្រុះ  ដែលលាយឡំទៅដោយសម្លេងសត្វ គ្រប់ប្រភេទ ស្រែកចៀងបំពេរបរិយាកាសទៀតផង   ៕  ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

1108 1109 1114 1115 1119 1121 1125 1126070810111314

09 12