ខេត្តសៀមរាប ៖ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត និង ជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចុះជួបធ្វើការសួសុខទុក្ខ សំណេះ សំណាលជាមួយបងប្អូននៃសមាជិកគណបក្សប្រជាជនឃុំកៀនសង្កែ ស្រុកសូទ្រនិគម ចំនួន៣៥០នាក់ កាលពីព្រឹក ថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៧ ។
មានប្រសាសន៍សំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិកសមាជិកាបក្សយើង ក៏ត្រូវតៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ដើមី្បឈានទៅភាពឈ្នះនៅថ្ងៃខាងមុខ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នាឆ្នាំ២០១៨ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បាន លើកផងដែរថា ទោះបីក្រោយការប្រកាសចូលកាន់តំណែងជាមេឃុំ ចៅសង្កាត់ អាណត្តិទី៤ មកពីបណ្តាគណបក្សនយោបាយផ្សេងក៏ពិតមែន តែថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ក៏នៅតែបន្តធ្វើកិច្ចអភិវឌ្ឍន៍សង្គមជាតិ ដើមី្បបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការណែនាំដល់មន្ត្រីបង្គោលទាំងអស់ត្រូវក្តាប់ឲ្យបាននូវលក្ខន្តិកៈនិងបទបញ្ជា ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ភារកិច្ចរបស់ប្រធានក្រុមបក្ស នូវស្នាដៃធំៗទាំង៨យ៉ាង និង គោលការណ៍ទាំង១១ខរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តកសាងនិងការពារមាតុភូមិ ឯកសារជំនួយស្មារតីក្នុងការធ្វើផែនការឃោសនា ទៀតផង ។ ក្នុងនោះឯកឧត្តមបណ្ទិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់អំពីភារកិច្ច ដែលសាខា អនុសាខា និង ក្រុមបក្ស ទាំងអស់ គឺត្រូវគ្រប់គ្រងសមាជិកក្នុងក្រុមបក្សឲ្យបានល្អ និងយកចិត្តទុកដាក់ពង្រីកសមាជិកបន្ថែម ប្រធានក្រុមនិងសមាជិកត្រូវស្គាល់គ្នា ស្រឡាញ់គ្នា សាមគ្គីគ្នា និង ជួយគ្នាទៅវិញទៅមក -ត្រូវចេះអប់រំសមាជិកក្នុងក្រុមឲ្យមានការ ស្រឡាញ់និងគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងជម្រុញសមាជិកក្រុមដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត គឺត្រូវដឹកនាំសមាជិកក្នុងក្រុម ទៅ ចុះឈ្មោះនិងទៅបោះឆ្នោត បានគ្រប់គ្នា និង ដើមី្បឲ្យសមាជិកទាំងអស់ទៅបោះឆ្នោតគាំទ្រជូន គណបក្សប្រជាជនកម្ពុជា ដែលមានបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៦ ។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីភារកិច្ចរបស់សមាជិកគណបក្ស គឺត្រូវខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស និង កសាង ទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់របស់រដ្ឋដល់ប្រជាជន និង ត្រូវថែរក្សាឆ្លុងសាមគ្គីឯកភាព ផ្ទៃក្នុង រក្សាការសម្ងាត់របស់គណបក្ស ព្រមទាំងខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពនិងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ សមាជិកគណបក្សគ្រប់រូបត្រូវទៅចុះឈ្មោះបោះឆ្នោត ហើយសមាជិកគណបក្សម្នាក់ៗ ប្តេជ្ញាបោះឆ្នោតជូនគណបក្ស និងចេះចលនាអ្នកដែលជាសាច់ញាតិ និង អ្នកជិតខាងឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិត ក៏បានឧបត្ថម្ភនូវថវិកា ជូនបងប្អូនសមាជិកសមាជិកាបក្ស ដែលបានចូលរួមទាំង ៣៥០នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសៀមរាប