ខេត្តសៀមរាប ៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌប្រពៃណីខ្មែរ ក្នុងវេនទី៨ ត្រូវនឹងថ្ងៃ៨ រោចខែភទ្របទឆ្នាំវក អដ្ឋិស័ក ពុទ្ធសករាជ ២៥៦០ ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៦ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការសាលាខេត្តសៀមរាប បានអញ្ជើញទៅចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៨ ជាមួយបងប្អូនពុទ្ធបរិស័ទនៅវត្តកេសរារាម និងវត្តព្រះព្រហ្មរតន៍ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។ ពិធីបុណ្យកាន់បិណ្ឌត្រូវបានបុរាណាចារ្យរាជបណ្ឌិតខ្មែររៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី ០១ រោចដល់ថ្ងៃ ១៥រោច ខែភទ្របទជាពិធីមួយសម្រាប់ឧទ្ទិសកុសលទៅដល់ប្រេតជនញាតិដែលបានស្លាប់ទៅ ។តាមការបញ្ជាក់របស់តាអាចារ្យបានឲ្យដឹងថា ក្នុងជំនឿកាន់បិណ្ឌនេះត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណរហូតមកដល់សតវត្សរ៍ទី២១នេះ។
បន្ទាប់ពីការគោរពថ្វាយភូងផ្កា បូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យទៅ តាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង និងលោកជំទាវ ព្រមទាំងបងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តកេសរារាម និង វត្តព្រះឥន្ធកោសីយ៍នេះ ដោយមួយៗវត្ត រួមមាន អង្ករ ២៥០គក្រ មី ០៥កេស ទឹកក្រូច ១០កេស ទឹកត្រី ០៥យួរ ទឹកស៊ីអ៊ីវ ០៥យួរ ទឹកសុទ្ធ ១០កេស ត្រីខ០៥យួរ ស្ករស ១០គក្រ និង ទឹកដោះគោ ០១កេស បច្ច័យចំនួន ២លានរៀល ។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងថា ការប្រារព្ធធ្វើពិធីបុណ្យភ្ជំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសលជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើ ដល់បងប្អូនប្រជាពុទ្ធបរិស័ទ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មីឲ្យបានគ្រប់ៗគ្នា ដើមី្បបំពេញនូវកាតព្វកិច្ចជាពលរដ្ឋមួយរូប ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ។
បន្តមកឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងបងប្អូនញាតិមិត្ត ពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្របង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតាជីដូនជីតា និងញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក័្ខន្តអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាតក្នុងឋានសុគតិភពកុំបីខានឡើយ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត និង លោកជំទាវបានជូនទេយ្យទានដល់ សីលវ័ន្ត សីលវន្តី ម្នាក់ៗក្រណាត់ស ០១ដុំ បច្ច័យ ១ម៉ឺនរៀល ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ