ខេត្តសៀមរាប ៖ ផ្លូវមួយខ្សែប្រវែង ២ គីឡូម៉ែត្រ និងទទឺង ៨ ម៉ែត្រ ដែលមានទឹកប្រាក់ ១,៥០០,០០០ ¥ ប្រមាណជិត ២៣ ម៉ឺនដុល្លា ត្រូវបានប្រគល់ជូន រដ្ឋបាលខេត្តសៀមរាប ក្រោមជំនួយរបស់រដ្ឋបាលក្រុងលីសួយ ខេត្តជឺជាំង សាធារណៈប្រជាមានិតចិន
រសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនស៊ុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាល ពិភាក្សាការងារ និងពិធីប្រគល់-ទទួលជំនួយ ផ្លូវមួយខ្សែប្រវែង ២ គីឡូម៉ែត្រ និងទទឺង ៨ ម៉ែត្រ ដែលមានទឹកប្រាក់ ១,៥០០,០០០ ¥ ប្រមាណជិត ២៣ ម៉ឺនដុល្លា ដែលដឹកនាំដោយលោក ស៊ី យ៉ុងពីង ( Shi YongPing ) ប្រធានសមាគមអភិវឌ្ឍពាណិជ្ជកម្មជឺជាំង ប្រចាំកម្ពុជា តំណាងរដ្ឋបាលក្រុងលីសួយ ខេត្តជឺជាំង សាធារណៈប្រជាមានិតចិន ។
ជាមួយគ្នានោះដែរ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា ជំនួយ នាពេលនេះ គីបង្ហាញពីការជួយជម្រុញ ការអភិវឌ្ឍ ដើម្បីរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការឲ្យកាន់ទ្វេរឡើង រវាងខេត្តសម្ព័ន្ធមេត្រីភាពទាំងពីរ ហើយម៉្យាងទៀតក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចសហប្រតិបត្តិការនឹងគ្នាកាន់តែស្អិតរមួត នៃប្រទេសទាំងពីរផងដែរ ។
ជាមួយគ្នាលោក ស៊ី យ៉ុងពីង ( Shi YongPing ) បានផ្តោតយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនឹងគ្នារវាងក្រុងខេត្តសម្ព័ន្ធមេត្រីភាពល្អ លើវិស័យទេសចរណ៍ ម៉្យាងទៀតលោកនឹងធ្វើការជម្រុញដល់អ្នកវិនិយោគនិងសហគ្រិនដើម្បីចូលមកធ្វើការសិក្សាស្វែងយល់អំពីសក្ដានុពលរបស់ខេត្ត ដើម្បីមកធ្វើការវិនិយោគនៅ នៅក្រុងប្រវត្តិសាស្រ្តមួយនេះ ហើយលោកសង្ឃឹមថា ទៅថ្ងៃអនាគតខាងមុខ ខេត្តសៀមរាប នឹងមានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើនថែមទៀត ក្រោមកិច្ចទំនាក់ទំនងសហប្រតិបត្តិការនេះ ៕