ខេត្តសៀមរាប ៖ នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០១៧នេះ មានធ្វើកិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ឆ្នាំ២០១៧ ក្រោមការដឹកនាំប្រជុំរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវគណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ចូលរួមផងដែរ ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើង ពីខ្លឹមសារនៃកិច្ចប្រជុំនាពេលនោះ ដោយបានបញ្ជាក់អំពីការរៀបចំប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តធ្វើឡើងនតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរណ៍ បានទស្សនាកម្សាន្ត អំពីវប្បធម៌ ប្រពៃណី របស់ប្រជាពលរដ្ឋខែ្មរយើង ដែលមានរយៈពេល០២ថ្ងៃ ប្រព្រឹត្តទៅនាថ្ងៃ១៤-១៥កើត ខែកត្តិក ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ចាប់ពីថ្ងៃទី២ដល់ទី៣ ខែវិច្ឆិកា ២០១៧ខាងមុខនេះ ។ ឯកឧត្តមបណ្ទិត ក៏បានឲ្យដឹងផងដែរថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនេះ គឺធ្វើឡើងដើមី្បរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួល បានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានបន្តទៀតថា ការជួបជុំគ្នានាឱកាសនេះ ដើមី្បធ្វើការពិភាក្សាគ្នា និង ពិនិត្យ មើលរាល់ការងារដែលអនុគណៈកម្មការទាំង៦ អនុវត្ត ដើមី្បធ្វើការរៀបចំក្រុងសៀមរាបយើង ឲ្យមានសោភណ្ឌភាពកាន់តែមានភាពស្រស់ត្រកាលឡើង ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០១៧នេះ ក្នុងការទាក់ទាញនូវអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តឲ្យកាត់តែច្រើន ដោយខេត្តសៀមរាបជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្តផងដែរ ។
ក្នុងនោះបណ្តាអនុគណៈកម្មការនីមួយៗ ក៏បានលើកនូវរាល់ចំណុចមួយចំនួន ក្នុងការចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ដោយផ្តោតទៅលើបញ្ហាសន្តិសុខ ចរាចរណ៍ បរិស្ថាន ភ្លើងបំភ្លឺ និងបង្គន់អនាម័យចល័តនៅក្នុង ឱកាសពិធីបុណ្យ និង ក្រោយពិធិបុណ្យ ។ មានប្រសាសន៍នោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន សំខាន់ចំពោះកម្លាំងសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងការងារសន្តិសុខ បង្កើនការត្រួត ពិនិត្យ អាវុធជាតិផ្ទុះ និង កំណត់នូវទីចំណតយានយន្តគ្រប់ប្រភេទនៅតាមគោលដៅនីមួយៗ ក្នុងនោះក៏បានសង្កត់ធ្ងន់ទៅលើការងារចរាចរណ៍ក្នុងពេលពិធីបុណ្យ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានសុំឲ្យអនុគណៈកម្មការ ត្រូវធ្វើការស្វែងរកនូវដៃគូរ ក្នុងការគាំទ្ររៀបចំពិធីនេះឲ្យដំណើរការទៅដោយជោគជ័យ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានជម្រុញដល់មន្ទីរពាក់ព័ន្ធ ក៏ដូចអាជ្ញាធរក្រុង លើកការដាក់បង្គោលភ្លើងបំភ្លឺ និង អនាម័យ បរិស្ថាន ឲ្យបានរួចមុនថ្ងៃបុណ្យអុំទូក ព្រមទាំងត្រូវធ្វើអនាម័យសម្អាតតាមដងផ្លូវផងដែរ ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត សូមឲ្យអនុគណៈកម្មការទទួលផ្នែកអនាម័យ ត្រូវធ្វើជាប្រចាំនូវអនាម័យ បរិស្ថាន ក្នុងពេលបញ្ចប់ពិធី ក្នុងការប្រមូលកាកសំណល់ទាំងនេះ ដើមី្បជៀសវាងកុំឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ ។ ឯកឧត្តមបណ្ឌិត ក៏មានគូសបញ្ជាក់ថា ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ នឹង មានបងប្អូនជាភ្ញៀវជាតិ អន្តរជាតិ ចូលមកកាន់ខេត្តសៀមរាប មានការកើនឡើង ដោយបងប្អូនមន្ត្រីរាជការ កម្មករ និង ប្រជាពលរដ្ឋឈប់សម្រាកពីការងារផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារសារព័ត៌មានសៀមរាប