ខេត្តសៀមរាប ៖ នៅវេលាម៉ោង០៩ និង ១០នាទី នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានបើកធ្វើសមយុទ្ធ ក្នុងការជួយ សង្រ្គោះជនរងគ្រោះដោយឧបទ្ទវហេតុ ដោយយន្តហោះ ក្រោមវត្តមានដឹកនាំរបស់ឯកឧត្តម គឹម សុធ័ន អនុរដ្ឋលេខា អាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម សង់ រីហា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប រួមទាំងឯកឧត្តម អស់លោក លោកស្រីមកពីស្ថាប័នពាក់ពន្ធ័ចំនួន ២២ស្ថាប័នចូលរួម នាព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០១៧ ។
នៅក្នុងសកម្មភាពសមយុទ្ធ ការសង្រ្គោះអាយុជីវិត អ្នករងគ្រោះដោយឧបទ្ទវហេតុធ្លាក់យន្តហោះនេះ ក្រុមអ្នក សារព័ត៌មានយើង បានសង្កេតឃើញមានរថយន្តពន្លត់អគ្គីភ័យប្រចាំព្រលានយន្តហោះ រថយន្តពន្លត់អគ្គីភ័យរបស់ស្នង ការដ្ឋាននគរបាលខេត្ត និង កងរាជអាវុធហត្ថខេត្ត រួមទាំងកងកម្លាំងនគរបាលអន្តរាគមន៍ខេត្ត ,កងរាជអាវុធហត្ថខេត្ត កងយោធពលខេមរភូមិន្ទ និង រថយន្តសង្គ្រោះរបស់តំបន់ប្រតិបត្តិការសឹករងសៀមរាប មន្ទីរពេទ្យបង្អែកខេត្ត និង កងរាជអាវុធហត្ថខេត្ត រួមទាំងមន្ត្រីសុខាភិបាលខេត្ត ក្រុមជំនាញបច្ចេកទេសជាច្រើនទៀត បានរួមសហការផងដែរ ។
តាមការបញ្ជាក់របស់ឯកឧត្តម គឹម សុធ័ន បានឲ្យដឹងថា តាមច្បាប់របស់អន្តរជាតិ នៅតាមអាកាសយានដ្ឋាន អន្តរជាតិ ត្រូវធ្វើសកម្មភាពបើកសមយុទ្ធ ក្នុងការសង្រ្គោះអាយុជីវិតមនុស្ស នៅពេលមានឧបទ្ទវហេតុធ្លាក់យនហោះ ដើមី្បធានាក្នុងការគ្រប់គ្រងសភាពការនោះឲ្យខាងតែបាន យ៉ាងហោចណាស់ក៏រយៈពេល២ឆ្នាំយើងធ្វើសមយុទ្ធទ្រង់ ទ្រាយធំម្តងដែរ ។ ក្នុងការលើកជាឧទាហរណ៍របស់ឯកឧត្តម បានបញ្ជាក់ពីលទ្ធផលផងដែរថា ក្នុងការអនុវត្តលើការ ងារធ្វើសមយុទ្ធនេះ បានចាប់ដំណើរការពីម៉ោង ០៩ និង ១០នាទីព្រឹក ដែលមានយន្តហោះរបស់ក្រុមហ៊ុនអាកាសចរ បក្សី ប៉ូអ៊ីញមួយគ្រឿង បានចុះចតធ្វើឲ្យរអិលចេញពីផ្លូវ ។ តាមរូបភាពសប្បនិម្មិត អំពីឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរបក្សីនេះ មានផ្ទុកមនុស្ស ៥០នាក់ ហើយនៅពេលក្រុមសង្គ្រោះធ្វើប្រតិបត្តិការសង្រ្គោះនោះ មានអ្នករងគ្រោះស្លាប់ ១៣នាក់ របួសធ្ងន់ ០៧នាក់ , របួសស្រាល ១១នាក់ និង អ្នកមិនរងរបួសចំនួន១១នាក់ ។ ឯកឧត្តម គឹម សុធ័ន ក៏បានលើកផងដែរថា ការបើកសមយុទ្ធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបនេះ គឺជាការ បង្ហាញនូវសមត្ថភាពរបស់ស្ថាប័នដែលមានការពាក់ព័ន្ធចូលរួមក្នុងកិច្ចសហការគ្នាបានល្អ ស្របតាមពាក្យស្លោករបស់ ខ្មែរយើង ( ការពារប្រសើរជាងព្យាបាល) ។ ម៉្យាងទៀតសកម្មភាពទាំងនេះ ក៏ជាការបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ និងគ្នា ក្នុងស្មារតីសាមគ្គីភាពល្អ រវាងស្ថាប័នទាំងអស់ ដែលមានការពាក់ព័ន្ធ នៅក្នុងពេលមានឧបទ្ទវហេតុអ្វីកើតមាន ឡើង ដែលធ្វើឲ្យកិច្ចទំនាក់ទំនងគ្នា មានភាពជិតស្និតនិងទាន់ពេលវេលា ព្រមទាំងបង្ហាញនូវពីសមត្ថភាព របស់អ្នកទទួលបន្ទុកនៅតាមស្ថាប័ននីមួយៗផងដែរ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា កត្តាទាំងនេះក៏ជាការបង្ហាញ ដល់ភ្ញៀវ ជាតិ អន្តរជាតិ ដែលបានធ្វើដំណើរ ក្រោយពីអាកាសយានដ្ឋានអន្តរជាតិយើង ធ្វើទៅទទួលបានជោគជ័យ បានធ្វើឲ្យ អ្នកដំណើរកាន់តែមានទំនុកចិត្តទៀតផង ។ ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ថា លទ្ធផលនៃសកម្មភាពសមយុទ្ធនាថ្ងៃនេះ នឹងធ្វើឲ្យយើងទទួលបាននូវបទពិសោធន៍ និង អនុសាសន៍ល្អៗ ដើមី្បជាប្រទីពក្នុងការយកទៅអនុវត្ត ក្នុងការទទួលខុស ត្រូវឲ្យកាន់តែមានភាពរីកចម្រើនទៅមុខជានិច្ច ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប