ខេត្តសៀមរាប ៖ លោក ម៉ក់ សំភារ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថាក់លេខ៣ អភិបាលនៃគណៈអភិបាលស្រុកស្រីស្នំ ត្រូវបានរាជរដ្ឋាភិបាល ផ្ទេរភារកិច្ចមកកាន់តំណែងជាអភិបាល នៃគណៈអភិបាលស្រុកប្រាសាទបាគង ជំនួសលោក ភូ សំអាត ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់ជាអភិបាលស្រុកវ៉ារិន ត្រូវបានប្រកាសកាលពីព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០១៧នេះ នៅសាលាស្រុកប្រាសាទបាគង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃ គណៈអភិបាលខេត្តសៀមរាប ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកអភិបាលស្រុករួចមក លោក សន សេរីវុទ្ធី នាយកទីចាត់ការធនធានមនុស្សស្តីទី នៃរដ្ឋបាលសាលាខេត្តសៀមរាប បានអាននូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ក្នុងការតែងតាំងលោក ម៉ក់ សំភារ ជាអភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និង ការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកដែលទើបទទួលភារកិច្ចថ្មីរួចមក មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទូទាំងស្រុកប្រាសាទបាគង ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ ។ សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និង វិសហ មជ្ឈការ រាជរដ្ឋាភិបាលសម្រេច បាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព ។ ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏លើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ដែលបានបម្រើការងារហើយបានគ្រប់អាយុ សំខាន់ក្នុងជួរគណៈ អភិបាល ត្រូវមានអាណត្តិកំណត់ និង ចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ ។ ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកប្រាសាទបាគងនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ចក្នុងការបម្រើជាតិមាតុភូមិ ។ ឯកឧត្តមបណ្ឌិតក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និង គុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន ។ ក្នុងនោះឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ថា ការចូលកាន់មុខតំណែង និង ផ្ទេរភារកិច្ចនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់ តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុក ត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សំខាន់គឺច្រកចេញចូលតែមួយ ។ ម៉្យាងទៀតការផ្ទេរភារកិច្ចអភិបាលស្រុកនេះ គឺ ដើមី្បបន្តអនុវត្ត តួនាទីភារកិច្ច ជាយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងខេត្ត លើការថែរក្សាសន្តិសុខ ស្ថេរភាពនយោបាយ ស្ថេរភាព សង្គម សណ្តាប់ធ្នាប់សាធារណៈ និង ការអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ ។ ដើម្បីបញ្ជាក់ជាសក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំក្រសួង គណៈអភិបាលខេត្ត ដែលបានផ្តល់នូវជំនឿទុកចិត្ត ចំពោះលោកអភិបាលស្រុកដែលមកទទួលភារកិច្ចស្រុកថ្មី ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានធ្វើការផ្តាំផ្ញើ ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ នឹងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និង ប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការរបស់ប្រជាជនឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ។ ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសចូលរួម អនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និង គោលនយោបាយចាត់តាំង នឹងដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជួរគណៈអភិបាល ក្រុមប្រឹក្សា និង មន្ត្រីក្រោមឱវាទ រដ្ឋបាលសាលាស្រុក ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍គ្រឹះទាំង៤សម្រាប់មន្ត្រីមុខងារសាធារណៈ គឺ ឆន្ទៈ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និង វប្បធម៌សេវាសាធារណៈ ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព អង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជន ដើម្បីវឌ្ឍនៈភាព និង ការអភិវឌ្ឍន៍ស្រុករបស់ខ្លួន ឲ្យកាន់តែមានសោភណ្ឌស្រស់បម្រោង និង រីកចម្រើនថែមទៀត និង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងស្រុក ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយស្ថាប័ន អង្គភាព លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍និងប្រជាជន ដោយខេត្តសៀមរាបជាតំបន់គោលដៅ ភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ម៉្យាងទៀតស្រុកប្រាសាទបាគង ក៏ជាតំបន់រមណីដ្ឋានវប្បធម៌ ដែលបានទាក់ ទាញភ្ញៀវជាតិ អន្តរជាតិផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ សៀមរាប