ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និង ទីទ័លក្រចំនួន៦៣០គ្រួសារ ចំនួន៤ស្រុក ត្រូវបានទទួលអំណោយពីរាជរដ្ឋាភិបាលកម្ពុជា


ខេត្តសៀមរាប ៖ បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ និង ទីទ័លក្រ ចំនួន៦៣០គ្រួសារ មកពីស្រុកអង្គរជុំ   វ៉ារិន, ស្រីស្នំ និង ស្រុកពួក ត្រូវបានទទួលអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា កាលពីព្រឹកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តសសរស្តម្ភ ឃុំ សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។  ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា លោក ទៀ សីហា អភិបាលរង នៃគណៈ អភិបាលខេត្តសៀមរាប និង ឯ.ឧ ភា សុផាត ទីប្រឹក្សាអមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក ឃុំ ផងដែរ ។

តាមរបាយការណ៍របស់លោក អោ ម៉ៅ ប្រធាមមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧នេះ លើកទី១ ខេត្តសៀមរាបបានធ្វើការចុះចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋគ្រួសារទីទ័លក្រ និង រងគ្រោះធម្មជាតិ នៅស្រុក០៤ មានចំនួន ២០០គ្រួសារ ហើយនេះក៏ជា លើកទី២ ក្នុងឆ្នាំ២០១៧នេះ ដែលមានប្រជាពលរដ្ឋ មកពី០៤ស្រុក ស្មើ ៦៣០គ្រួសារដែលបានមកទទួលនា ថ្ងៃនេះផងដែរ ។ ក្នុងនោះលោកក៏បានលើកនូវទិសដៅបន្តនៅចុងឆ្នាំ២០១៧នេះ នឹងរៀបចំកញ្ចប់ចំនួន៤០០ កញ្ចប់ សម្រាប់ផ្តល់ជូនគ្រួសារទីទ័លក្រ ជនអានាថា និងគ្រួសារងាយរងគ្រោះ ដើមី្បជួយកាត់បន្ថយភាពក្រីក្រ និង ទប់ស្កាត់ការដើរសុំទានជាដើម ។

ក្នុងកិច្ចស្វាគមន៍របស់លោក ទៀ សីហា ក៏បានលើកផងដែរថា លើការផ្គត់ផ្គង់ស្បៀងអាហារនេះ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត សំខាន់កាកបាទក្រហមកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចគតិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ដោយបានផ្តល់តាមរយៈ សាខា អនុសាខាកាកបាទក្រហម ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយឥតស្បៀងអាហារ ឡើយ ។ ម៉្យាងទៀតរាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានធ្វើការ ជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកការទុកដាក់ក្នុងការចុះជួយអន្តរាគមន៍ នៅក្នុងភូមិសាស្ត្រដែនសមត្ថកិច្ចរបស់ខ្លួន នៅពេលដែលជួបគ្រោះធម្មជាតិកើតឡើង ។

មានប្រសាសន៍សំណេះសំណាលនោះដែរឯកឧត្តម សែម សុខា ក៏បានធ្វើការពាំនាំនូវការសាកសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចឯកឧត្តមរដ្ឋមន្ត្រីក្រសូងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចំពោះបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន សំខាន់ប្រជាពលរដ្ឋទទួលរងគ្រោះធម្មជាតិ និង ទីទ័លក្រ នៅក្នុងខេត្តសៀមរាប ។ ឯកឧត្តមក៏បានធ្វើការលើកឡើងថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការដោះស្រាយនូវរាល់ទុក្ខលំបាក ដោយមិនបានទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ រង គ្រោះស្លាប់ដោយការឥតអាហារឡើយ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល បានខិតខំក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើមី្បការត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមក៏បានលើក ផងដែរ អំពីការធ្វើកំណែទម្រង់រដ្ឋបាលរបស់រាជរដ្ឋាភិបាល ដែលបានដំណើការទៅប្រកបដោយភាពជោគជ័យ ជាបន្តបន្ទាប់ ក្នុងវិស័យសេវាសុខាភិបាល អំពីសន្តិសុខស្បៀង  ការផ្តល់អាហារូបត្ថម្ភដល់ស្ត្រី​និង កុមារ សំដៅ លើកកម្ពស់សុខភាពមាតា និង ទារក ព្រមទាំងលើកពីការធ្វើកំណែទម្រង់លើវិស័យអប់រំ នៅថ្នាក់បឋមសិក្សា ដោយការចុះឈ្មោះចូលរៀនមិនបាច់បង់ប្រាក់ឡើយ ។ ក្នុងនោះឯកឧត្តម សែម សុខា ក៏បានធ្វើការផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះធ្វើការស្វែងយល់តាមរយៈសារព័ត៌មាន ទៅតាមរូបភាពដែលមាន ក្នុងការ ទទួលបានចំណេះដឹង និង សភាពការថ្មីៗ សំខាន់លើការងារសុខភាព និង សេដ្ឋកិច្ច ។ ម៉្យាងទៀតត្រូវចេះថែទាំ សុខភាព អនាម័យនៅក្នុងក្រុមគ្រួសារ ពិសេសស្ត្រី និង កុមារ  ព្រមទាំងបងប្អូនដែលមិនទាន់បានចុះឈ្មោះបោះ ឆ្នោត ត្រូវទៅចុះឈ្មោះនៅតាមសាលាឃុំ ក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋមួយរូប ក្នុងការបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ខាងមុខ ដើមី្បប្តូរយកនូវកិច្ចអភិវឌ្ឍន៍ និង ការរក្សានូវសុខសន្តិភាព ជូនជាតិមាតុភូមិកម្ពុជាយើង  ។

អំណោយដែលបងប្អូនទទួលបានក្នុងមួយគ្រួសារ អង្ករ ៣០គក្រ , មុង១ , ភួយ១ , កន្ទេល១ , ទឹកត្រី ១ យួរ ,ទឹកស៊ីអ៊ីវ១យួរ និ ថវិកា ២ម៉ឺនរៀលផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភា្នក់ងារខេត្តសៀមរាប

28 29 30 31 32 33 34 35 36