ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅខេត្តសៀមរាប


ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅដងស្ទឹងប្រវត្តិសាស្ត្រខេត្តសៀមរាប មានធ្វើការប្រកួតប្រណាំងទូក ដើមី្បអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត  ឯកឧត្តមបណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត  ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ  អ្នកតំណាងរាស្ត្រ  គណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក អង្គការសង្គមស៊ីវិល  ភ្ញៀវជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តយ៉ាងច្រើនកុះករផងដែរ ។

តាមសេចក្តីរាយការណ៍របស់លោក ពៅ ពិសិដ្ឋ អនុប្រធានអនុគណៈកម្មការបច្ចេកទេស  បានឲ្យដឹងថា  ក្នុងឆ្នាំ ២០១៧នេះ ការប្រណាំងទូក(ង) មានទូកចូលរួមចំនួន ៣០ទូក មានទូកនារី ០៥ទូក ដែលមានចំណុះ  ២២នាក់ ហើយមានកីឡាករ កីឡាការនី សរុប ៥៥០នាក់ នារី ១១០នាក់ និង កីឡាករ កីឡាការនីបំរុង ចំនួន​១៦៨ នាក់ និង អ្នកដឹកនាំ ៦២នាក់ផងដែរ ។ ការប្រកួតទូកនេះតាមប្រភេទទូកខ្នាតអន្តរជាតិ  ដែលបានកំណត់ដោយ  គណៈកម្មាធិការជាតិកីឡាអូឡាំពិច ដើម្បីសម្រាប់ប្រគួតជាលក្ខណៈជាតិ អន្តរាជាតិ  ។ ក្នុងពិធីប្រណាំងទូក(ង)នេះ ក៏មានទូកមកពីខេត្តបន្ទាយមានជ័យ ព្រមទាំងការប្រកួតប្រណាំងនូវក្រឡោ ដែលជាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរយើងនៅខេត្តសៀមរាបទៀតផង ។

មានប្រសាសន៍បើកការប្រកួតប្រណាំងទូក(ង)នាឱកាសនោះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងថា ជារៀងរាល់ឆ្នាំ នៅថ្ងៃ ១៤-១៥កើត ខែ កត្តិក នៅក្នុងតំបន់អង្គរក្រុងសៀមរាប ហើយប្រព្រឹត្តទៅក្រោមដំបូលសន្តិភាព មានសន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាពសង្គមល្អប្រសើរ ដែលកត្តាចំបង​នេះ បាននិងកំពុងមានឥទ្ធិពលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យ​ចូលមកទស្សនាកម្សាន្តខេត្តសៀមរាប កាន់តែមានការ កើនឡើងៗ ពីមួយឆ្នាំទៅ មួយឆ្នាំ ។ លើសពីនេះទៀត ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក៏ជាការឧទ្ទិសដល់អតីតកាល នៃអធិរាជាណាចក្រខ្មែរ ក្រោមព្រះរាជកិច្ច​ដឹកនាំរបស់​ព្រះបាទសម្តេចជ័យវរ័ន្មទី៧ ព្រះមហាវីរក្សត្រជំនាន់នោះ ដែលព្រះអង្គទ្រង់​បានដឹកនាំកងទ័ពជើងទឹកដ៏ក្លាហាន ប្រកបដោយវីរៈភាពអង់អាច និង​ ពោរពេញដោយសមត្ថភាពប្រយុទ្ធ បានរំដោះជាតិមាតុភូមិ ចេញផុតពីការ​ឈ្លានពានរបស់បច្ចាមិត្ត ហើយសម្រេចបាននូវការបង្រួបបង្រួមជាតិ និង​ កសាងសង្គមជាតិឲ្យរីកចម្រើនថ្កុំថ្កើងរហូតដល់ក្លាយជាអារ្យប្រទេសដ៏កំពូលនាសម័យនោះ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានបន្តទៀតថា ម្យ៉ាងវិញទៀត យើងទាំងអស់គ្នាប្រាកដជាយល់ដឹងហើយ ថា ព្រះរាជពិធី​បុណ្យនេះ គឺជាបុណ្យប្រពៃណីជាតិដ៏ធំ ពាក់ព័ន្ធនឹងជំនឿយ៉ាង​ជ្រាលជ្រៅ  ក្នុងមនោសញ្ចេតនារបស់យើង ដែលបុព្វបុរសខែ្មរបានប្រារព្វធ្វើតាំងពីយូរយារណាស់មកហើយ  ដើម្បីជាការំលឹកដឹងគុណដល់ ព្រះគង្គារ ដែលហូរនាំដីល្បាប់ដ៏មានជីជាតិ​សម្រាប់បង្កបង្កើនផល នៃប្រជាកសិករយើង ហើយក៏ជារំលឹកដឹងគុណ​ដល់ព្រះបរមគ្រូដែលយកកំណើតជាសត្វទន្សាយព្រះពោធិសត្វ  ហើយក៏ឧទ្ទិសថ្វាយខ្លួន ដើម្បីសម្រេចនូវព្រះសម្មាសម្ពោធិញ្ញាណ ។  ជាមួយគ្នានេះដែរ ព្រះរាជពិធីបុណ្យបណ្តែតប្រទីប គឺជាការឧទ្ទិស ដល់អារុក្ខ អារក្ស អ្នកតា បារមីថែរក្សាទឹកដី ដើម្បីសុំសេចក្តីសុខ​ក្សេមក្សាន្តដល់កូនចៅ ដែលរស់នៅឲ្យទទួលបានសុខសុភមង្គលចំរើនរុង​រឿង និងដើម្បីព្យាករណ៍អាកាសធាតុសម្រាប់បង្កបង្កើនផលនៅឆ្នាំបន្ទាប់​ផងដែរ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏លើកឡើងផងដែរថា ក្នុងរយៈពេលកន្លងមករដ្ឋបាលខេត្ត ក្រុងបានយកចិត្តទុកដាក់ខ្ពស់បំផុត  ក្នុងការរៀបចំកែលម្អសោភ័ណភាព និង ប្រមូលផ្តុំធនធាន ក្នុងការរៀបចំកែសម្រួល ជួសជុល ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង គួបផ្សំជាមួយនឹងការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន និង បណ្តាខេត្ត ក្រុងជាសម្ព័ន្ធមេត្រីភាព ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍ទីក្រុងសៀមរាប ឲ្យបានសមស្របទៅនឹងស្ថានភាព ភូមិសាស្ត្រ ធម្មជាតិបៃតង ។  ក្នុងន័យនេះ យើងក៏មានមោទនភាព ដោយក្រុងសៀមរាបយើងទទួលបាននូវកិត្តិនាមដ៏ល្បីខ្ទរខ្ទារនៅលើពិភពលោក ក្លាយជាគោលដៅរបស់ភ្ញៀវទេសចរណ៍ លើពិភពលោក  ចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើការផ្តាំផ្ញើ ដល់ជនរួមជាតិទាំងអស់ ដែលចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ សូមចូលរួមថែរក្សានូវអនាម័យ បរិស្ថាន ក្នុងការលើកស្ទួយវប្បធម៌  សោភ័ណ្ឌភាពក្រុងប្រវត្តិសាស្ត្រអង្គរ ព្រមទាំងរក្សាការ ពារនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន សំខាន់កុមារតូចៗ នៅក្នុងពិធីបុណ្យផងដែរ ៕ អត្ថបទ ម៉ី  សុខារិទ្ធ  ភា្នក់ងារសារព័ត៌មានសៀមរាប

2916 2917 2918 2919 2920 2921 2922 2923 2924 2925 2926 2927 2928 2929 2930 2931 2932 2933 2934 2935 2936 2937 2938 2939 2940 2941 2942 2943 2944 2945 2946 2947 2948 2949 2950 2951 2952 2953 2954 2955 2956