ខេត្តសៀមរាប ៖ លោក នាក់ ណេរ៉ុន ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុក វ៉ារិន ទៅទទួលមុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកស្រីស្នំ ជំនួសលោក ម៉ក់ សំភារ ដែលបានផ្ទេរភារកិច្ចទៅកាន់អភិបាលស្រុកប្រាសាទបាគង និង លោកស្រី គ្រឹម ស៊ាម ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ពីអភិបាលរងស្រុកក្រឡាញ់ទៅទទួលមុខតំណែងជាអភិបាលរងស្រុកស្រីស្នំ និង លោក ហ៊ន់ប្ញទ្ធិ និង លោកស្រី ចាន់ សូយ ឋានន្តរស័ក្តិ នាយក្រមការថ្នាក់លេខ៦ ទទួលមុខតំណែងជាអភិបាលរងស្រុកស្រីស្នំ និង លោក សាន គិមសេង ឋានន្តរស័ក្តិលេខាធិការ ថ្នាកលេខ៨ ឲ្យកាន់មុខតំណែងជានាយករដ្ឋបាលស្រុកស្រីស្នំ ។ ពិធីប្រកាសនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក លី សំរឹទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត នៅរដ្ឋបាលសាលាស្រីស្នំ ខេត្តសៀមរាប ដោយមានការ អញ្ជើញចូលរួមពីអស់លោក លោកស្រី ជាមេបញ្ជាការ ក្រុមប្រឹក្សា គណៈអភិបាលស្រុក អាជ្ញាធរឃុំ មន្ត្រីរាជការជុំវិញស្រុកផងដែរ ។
បន្ទាប់ពីគណៈអធិបតីប្រគល់អនុក្រឹត្យ និង សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ និងត្រា ព្រមទាំងការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកដែលទើបទទួលភារកិច្ចថ្មីរួចមក មានមតិនោះលោក លី សំរឹទ្ធ បានធ្វើការវាយតម្លៃខ្ពស់ដោយបានគូសបញ្ជាក់ថា សមទ្ធិផលដែលស្រុកវ៉ារិន សម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងបរិបទនៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ រាជរដ្ឋាភិបាល សម្រេច បាននូវសមទ្ធិផល ជាច្រើគួរជាទីមោទនភាព ។ លោកក៏បានលើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែង និង ផ្ទេរភារកិច្ចនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់ តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ។ លោក លី សំរឹទ្ធ ក៏បានលើកឡើងថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុក ត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ សំខាន់គឺច្រកចេញចូលតែមួយ ។ លោកក៏ធ្វើការក្រើនរំលឹកដល់អាជ្ញាធរស្រុក ឃុំ និង កម្លាំងសមត្ថកិច្ច ដោយបានសង្កត់ធ្ងន់ទៅលើបញ្ហាសន្តិសុខសង្គម និងចរាចរណ៍ សេវារដ្ឋបាលសាធារណៈ ដែលជាបន្លាក្នុងភ្នែកនៃសង្គម ដែលត្រូវអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានសហការលុបបំបាត់នូវ អំពើពុករលួយ និងការធ្វើចរាចរគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើស ផ្សេងៗជាដើម ។ ម៉្យាងទៀតក៏ត្រូវយកការទុកដាក់ ទៅលើរាល់ផលប៉ះពាល់ដល់ផ្លូវសាធារណៈ ក្នុងការធ្វើចរាចរណ៍ និង សណ្តាប់ធ្លាប់នៅទីប្រជុំជន ព្រមទាំងរក្សាឲ្យបាននូវអនាម័យ និង បរិស្ថាន ដោយស្រុកស្រីស្នំ ដែលជាស្រុកមួយមានភ្ញៀវជាតិ អន្តរជាតិឆ្លងកាត់ ចូលមកធ្វើទេសចរណ៍នៅខេត្តសៀមរាប ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើ លោកអភិបាលស្រុក ដែលទើបផ្ទេរភារកិច្ចត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ នឹងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និងប្រាជ្ញាស្មារតី ដើម្បីបំពេញការ ងារជូនតម្រូវការរបស់ប្រជាជនឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ។ ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ សំខាន់ចូលរួម អនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និង គោលនយោបាយចាត់តាំង នឹងដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត និង រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងជួរគណៈអភិបាល ក្រុមប្រឹក្សា និង មន្ត្រីក្រោមឱវាទរដ្ឋបាលសាលាស្រុក ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៤សម្រាប់មន្ត្រីមុខងារសាធារណៈ គឺ ឆន្ទៈ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ និង វប្បធម៌សេវាសាធា រណៈ ក្នុងការចូលរួមកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ខេត្ត ក្រុងសម្ព័ន្ធមេត្រីភាព អង្គការសង្គមស៊ីវិល ក៏ដូចជាវិស័យឯកជន ដើម្បីវឌ្ឍនៈភាព និង ការអភិវឌ្ឍន៍ស្រុករបស់ខ្លួន ឲ្យកាន់តែមាន សោភណ្ឌភាពស្រស់បម្រោង និង រីកចម្រើនថែមទៀត៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប