សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចូលរួមពិធីដង្ហែរព្រះបរមសារីរិកធាតុ


ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃ១២កើត ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១  ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០១៧   សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ ជាតិ ចុះជួយខេត្តសៀមរាប រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកសមាជិការក្រុមការ ងារថ្នាក់ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរស្រុក ឃុំ មន្ត្រីរាជការ បាន អញ្ជើញចូលរួម ក្នុងពិធីដង្ហែរព្រះបរមសារីរិកធាតុ នៅវត្ត វិសុទ្ធិមត្ត ស្ថិតនៅក្នុងភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុក អង្គរធំ ខេត្ត សៀមរាប ។

ឆ្លងតាមការរៀបចំរបស់ព្រះគ្រូចៅអធិការវត្ត និង គណៈកម្មការវត្ត ដែលបានធ្វើទៅតាមគន្លងនៃព្រះពុទ្ធ សាសនា ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង  បានធ្វើការដង្ហែរព្រះបរមសារីរិកធាតុ ប្រទក្សិណបីជុំ ព្រះទីអសនៈ ដើមី្បយកទៅធ្វើការតំកល់ទុកសម្រាប់ជាទីសក្ការៈបូជារបស់ព្រះសង្ឃ ពុទ្ធសនិកគ្រប់រូប ។ បន្ទាប់ពីព្រះសង្ឃ និង សម្តេចពិជ័យសេនា រួមនឹងប្រតិភូអមដំណើរ បានធ្វើការថ្វាយភូងផ្កា បូជាទៀ ធូន ថ្វាយដល់ព្រះបរមសារីរិកធាតុ និង ព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និង ធ្វើពិធីអភិសេធរួចមក ព្រះសង្ឃក៏បាននិមន្ត ធ្វើមនសិកា ព្រះរតនត្រ័យ ប្រោះព្រហ្មនូវពរជ័យ  សុំនូវសេចក្តីសុខសន្តិភាពជូនដល់ជាតិមាតុភូមិកម្ពុជា និង ពរជ័យដល់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចគិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំង ថ្នាក់ដឹកនាំកំពូលៗនៃព្រះរាជាណាចក្រកម្ពុជា និង អ្នកអមដំណើរប្រតិភូទាំងអស់ ឲ្យជួបតែសេចក្តីសុខ ដើមី្បបម្រើជាតិមាតុភូមិ ក្នុងកិច្ចអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនទៅអនាគត ។

តាមការបញ្ជាក់របស់អ្នកគ្រូ ទៀង សុធម្មរិទ្ធ ដែលបានគ្រប់គ្រង និង បង្រៀនព្រះធម៌ដល់ព្រះសង្ឃ ដែល  បាននិមន្តមកពីបណ្តាវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា មកគង់ស្នាក់អាស្រ័យរៀនសូត្រនៅក្នុងទីវត្តនេះ មាន ចំនួន ១៦០អង្គ ហើយទីវត្ត វិសុទ្ធិមត្ត មានទំហំផ្ទៃ ៨០ហិចតា ប្រកបទៅដោយព្រៃស្រោង  ហើយបានកំពុង សាងសង់សាលាព្រះនព្វ  លោកុត្តរៈធម៌ ដែលមានបណ្តោយ១២៥ម៉ែត្រ ទទឹង១២៥ម៉ែត្រ ស្មើ  ១៥ពាន់៦៣៥ ម៉ែត្រក្រឡា ក្នុងគម្រោងថវិកា១០លានដុល្លា ក្នុងការសាងសង់សាលាព្រះនព្វ លោកុត្តរៈធម៌ នេះ ។  ក្នុងនោះទាំង ព្រះសង្ឃ និង គ្រហស្ប៍ ក៏បានធ្វើ ការអភិរក្សបរិស្ថានព្រៃឈើទាំងនេះ ដើមី្បឲ្យក្លាយទៅជាតំបន់រមណីយដ្ឋានធម្ម ជាតិ ដ៏ស្រស់ស្អាតនៅក្នុងស្រុក អង្គរធំ នេះផងដែរ ។

ក្នុងដំណើរទស្សនារបស់សម្តេចពិជ័យសេនា ទៀ បាញ់  ក៏បានធ្វើការកោតសរសើរ ពីការខិតខំរបស់ព្រះ គ្រូចៅអធិការវត្ត ក៏ដូចដូនជី គណៈកម្មការវត្ត ដែលបានចូលមកសំណាក់ព្រះធម៌ក្នុងទីវត្ត វិសុទ្ធិមត្ត ដែលបានធ្វើ ការថែរក្សា អភិរក្ស នូវធនធានធម្មជាតិ ព្រៃឈើទីនេះ មានភាពស្រស់ត្រកាល ។  សម្តេចពិជ័យសេនា ក៏មាន ចំណាប់អារម្មណ៍ ចំពោះការចូលមកធ្វើបដិបត្តិព្រះធម៌ នៅក្នុងទីវត្តនេះ ដែលធ្វើឲ្យព្រះសង្ឃទទួលបាននូវចំណេះ ដឹងពីព្រះធម៌ មានការគោរពវិន័យសង្ឃបានល្អទៀតផង  ។  ក្នុងនោះសម្តេចពិជ័យសេនា ក៏បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនា គឺជាស្នូលនៃស្ពានសន្តិភាព ដើម្បីផ្សាភ្ជាប់ទៅនិងវិស័យពុទ្ធចក្រ ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ  ។  ម៉្យាងទៀតទីវត្តអារាម ក៏ជាទីកន្លែងអប់រំដល់ ជនគ្រប់រូប ឲ្យបានយល់ច្បាប់តាមផ្លូវព្រះធម៌ ក៏ដូចផ្លួវអាណាចក្រ ក្នុងការរម្ងាប់អារម្មណ៍ ដើមី្បទទួលនូវផ្លូវព្រះធម៌ ប្រព្រឹត្តតែអំពើល្អ គ្មានការលោភលន់ មួសាលើអ្នកនៅជុំវិញខ្លួន ហើយក៏ជាទីកន្លែងបងប្អូនពុទ្ធបរិស័ទគោរពបូជ្ញា ផងដែរ ។ ក្នុងនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់  ក៏អញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ សាលាព្រះនព្វ លោកុត្តរៈធម៌ ដែលសាងសង់នៅក្នុងទីវត្ត វិសុទ្ធិមត្ត ដែលបច្ចុប្បន្នបានដំណើរការសាងសង់បាន ២៥% ដែលជា សាលាបណ្តុះបណ្តាលធនធានមនុស្សវិស័យព្រះពុទ្ធសាសនា ។

ក្នុងនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ រួមនឹងប្រតិភូ បានប្រគល់បច្ច័យដល់គណៈកម្មការគ្រប់គ្រងវត្ត នូវបច្ច័យសរុប ១លាន៩សែនរៀល និង ប្រាក់ដុល្លា ១ពាន់៥២៥ដុល្លា និង ថ្នាំពេទ្យចំនួន៤០០កញ្ចប់  ដើមី្បសម្រាប់ប្រើប្រាស់ក្នុងទីវត្ត វិសុទ្ធិមត្ត ព្រមទាំងបានរៀបចំចង្ហាន់ប្រគេនព្រះសង្ឃចំនួន១៦០អង្គផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប

213 214 215 216 217 218 219 220 221 222