ពិធីប្រណាំងកង់ដើម្បីកុមារ លើកទី១២ នៅតំបន់វប្បធម៌-ប្រវត្តិសាស្រ្ត ឧទ្យានអង្គរ នៃខេត្តសៀមរាប ដែលពួកគេចាត់ទុកថា ជាព្រឹត្តិការណ៍កីឡាមនុស្សធម៌ និង ទេសចរណ៍


ខេត្តសៀមរាប ៖ កម្មវិធីប្រណាំងទោចក្រយានដើម្បីកុមារ គឺជាព្រឹត្តិការណ៍មនុស្សធម៌ និងទេសចរណ៍ និងជាព្រឹត្តិការណ៍ប្រចាំឆ្នាំនៅខេត្តសៀមរាប ។  រយៈពេល៥ឆ្នាំចុងក្រោយនេះ កម្មវិធីនេះត្រូវបានធ្វើឡើងនៅក្នុងតំបន់នៃឧទ្យានអង្គរ ។ ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរការ នព្វស័ក ពស ២៥៦១ ត្រវនឹងថ្ងៃទី០២ ខែធ្នូ គស ២០១៧  កម្មវិធីជិះកង់ដើម្បូកុមារ ត្រូវបានដំណើរការលើកទី១២របស់ខ្លួន នៅព្រះលានជល់ដំរី ក្នុងតំបន់នៃរមណីដ្ឋានអង្គរ ដោយស្របជាមួយនឹងការប្រារព្វពិធីបុណ្យសាសនាដ៏ធំមួយនៅប្រាសាទអង្គរវត្តផងដែរ ដែលនោះគឺជាពីធីបុណ្យ ចម្រើនសុំសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ។

លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប បានបង្ហាញឲ្យដឹងយ៉ាងដូច្នេះ នៅក្នុងឱកាសបើកដំណើរការកម្មវិធីប្រណាំងកង់នោះ ក្រោមការផ្តល់កិត្តិយសចូលរួមផងដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរ និង ជាប្រធានគណកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងស្ថិតក្រោមការចូលរួមដោយកីឡាករ កីឡាការិនីជាតិនិងអន្តរជាតិ ចំនួន ៥៥៤នាក់ ។

លោកអភិបាលរងខេត្តសៀមរាបរូបនេះ បញ្ចាក់ថា  តាមរយៈនៃព្រឹត្តិការណ៍មួយនេះ គឺជាការផ្សព្វផ្សាយតំបន់ទេសចរណ៍ដ៏មានសក្តានុពលនៃកម្ពុជា និង លើកស្ទួយមុខមាត់ប្រទេសជាតិទៅកាន់ពិភពលោក ។  លោកបន្តថា កម្មវិធីជិះកង់ដើម្បីកុមារនេះផងដែរ ក៏បានរួមចំណែកលើកស្ទួយវិស័យកីឡាកម្ពុជា តាមរយៈការជិះកង់កំសាន្តជាលក្ខណៈគ្រួសារ ជាលក្ខណៈមិត្តភាព  និង ដើម្បីប្រមូលថវិកា ដែលនៅសល់ពីការចំណាយលើកម្មវិធី ជួយដល់កុមារនិងស្រ្តី ដែលរស់នៅក្នុងពន្ធនាគារ តាមរយៈអង្គការមនុស្សធម៌ដើម្បីកុមារនិងស្រ្តី ( IL NODO ) ។  ជាមួយគ្នានេះ ទោចក្រយានចំនួន ៥០គ្រឿង ត្រូវបានចែកជូនដល់សិស្សក្រីក្រ នៃសាលាបឋមសិក្សា ព្រៃទទឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ផងដែរ   ដែលនេះគឺជាផ្នែកមួយនៃការលើកកម្ពស់ និង ជម្រុញការសិក្សារបស់កុមារ ដែលមានជីវភាពខ្វះខាតក្នុងគ្រួសារ ឲ្យមានឱកាសនិងលទ្ធភាពបានបន្តការសិក្សារបស់ខ្លួន ដូចកុមាទូទៅផងដែរ ។

កម្មវិធីប្រណាំងកង់ដើម្បីកុមារ លើកទី១២ នៅអង្គរវត្ត សហការរៀបចំឡើងរវាង អង្គការមនុស្សធម៌ដើម្បីកុមារនិងស្រ្តី ( IL NODO ) និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប  គាំទ្រដោយក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀមរាប គណកម្មាធិការជាតិអូឡាំពិកកម្ពុជា អាជ្ញាធរជាតិអប្សរា និងឧបត្ថម្ភធំដោយក្រុមហ៊ុន Khmer Beverager ។  កម្មវិធីប្រណាំងកង់លើកនេះ មានកីឡាករ កីឡាការិនីជាតិនិងអន្តរជាតិបានចូលរួមសារុប ៥៥៤នាក់ ក្នុងនេះកីឡាករ កីឡាការិនីជាតិមានចំនួន ៣២៣នាក់   កីឡាករ កីឡាការិនីអន្តរជាតិ ២៣១នាក់ ដោយបែងចែកជា៣ប្រភេទចម្ងាយ  គឺ  ជិះកង់ជាលក្ខណៈគ្រួសារក្នុងចម្ងាយ ១៧ គីឡូម៉ែត្រ មានចំនួន ២១៨នាក់   ប្រណាំងកង់ជាលក្ខណៈមិត្តភាព ក្នុងចម្ងាយ ៣៧គីឡូម៉ែត្រ មានចំនួន ២១៨នាក់  និងចម្ងាយ ១១៧គីឡូម៉ែត្រ មានកីឡាករ កីឡាការិនីចូលរួម ១០៧ នាក់ ។

លោកស្រី អាណា ពិផល ប្រធានអង្គការមនុស្សធម៌ដើម្បីកុមារនិងស្រ្តី  បានប្រាប់ឲ្យដឹងថា ចំណូលដែលបានមកពីការរៀបចំជិះកង់ដើម្បីកុមារ លើកទី១២នេះ  ទាំងការលក់សំបុត្រជូនកីឡាករ និង ការឧបត្ថម្ភដោយក្រុមហ៊ុន Khmer Beverader មានចំនួនសារុប ប្រមាណជា ជាង ៣ ម៉ឺនដុល្លាអាមេរិក ។ លោកស្រីបញ្ជាក់ឲ្យដឹងដែរថា  ការលក់សំបុត្រជូនកីឡាករចូលរួម ពុំបាន១០០%នោះទេ  មួយចំណែកធំត្រូវបានអនុគ្រោះ ជូនកីឡាករស្ម័គ្រចិត្ត ដែលមានបំណងចូលរួមធ្វើឲ្យកម្មវិធីនេះ មានដំណើរការល្អ និងមានទ្រង់ទ្រាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំ ប្រចាំឆ្នាំនៅអង្គរវត្ត ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារសារព័ត៌មានខេត្តសៀមរាប

50 51 52 53 54 55 56 57 58 59 60