សិក្ខាសាលាបូកសរុបលទ្ធផល និង ចែករំលែកបទពិសោធន៍


ខេត្តសៀមរាប ៖ អង្គសិក្ខាសាលាដែលបានដំណើរការទៅពេញមួយថ្ងៃ ក្នុងការបូកសរុបលទ្ធផល និង ចែករំលែកបទពិសោធន៍ តាមកម្មវិធី (យុវជនគំរូ ដើមី្បសុវត្ថិភាពចរាចរណ៍) ត្រូវបានបិទក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន   នារសៀលថ្ងៃទី ២១ ខែ ធ្នូ គ.ស២០១៧ នៅរដ្ឋបាលសាលាខេត្តសៀមរាប ដោយមានការនិមន្ត អញ្ជើញ ចូលរួមពីបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ និង យុវជនគំរូ នៃនិសិ្សតសាកលវិទ្យាល័យចំនួន៣ ចូលរួមជាសិក្ខាកាម ។

ឆ្លងតាមសេចក្តីរាយការណ៍ អំពីលទ្ធផល នៃអង្គសិក្ខាសាលាបានទទួលរយៈពេលមួយថ្ងៃ ដោយផ្តោតទៅលើ បញ្ហាប្រឈម , គំនិតបន្ថែមលើគម្រោង និង លទ្ធភាព និរន្តរភាពគម្រោង ព្រមទាំងលើកនូវសំណូមពរក្នុងការបន្ត កម្មវិធីយុវជនគំរូដើមី្បសុវត្ថិភាពចរាចរណ៍ , ការឧបត្ថម្ភនូវធនធាន សម្ភារៈ ថវិកា ការបង្កើននូវការយល់ដឹង និង ស្មើទៅដល់ស្ថាប័នឯកជន ឲ្យមានបទបញ្ជាផ្ទៃក្នុង និង បន្ថែមសកម្មភាពនៅតាមអនុវិទ្យាល័យ និង វិទ្យាល័យ រួមទាំង សាកលវិទ្យាល័យផងដែរ ។

ក្នុងនោះដែរឯកឧត្តម ប៉ែន បូរាណ ក៏បានផ្តោតសំខាន់ទៅលើការកើនឡើង នៃគ្រោះថ្នាក់ចរាចរណ៍នៅប្រចាំថ្ងៃ ដែលបណ្តាឲ្យមានការបាត់បង់ជីវិត និង របួស ពិការ ព្រមទាំងខូចខាតនូវទ្រព្យសម្បត្តិទៀតផង ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា បញ្ហាទាំងនេះបង្កឡើងពីការមិនគោរពច្បាប់ចរាចរណ៍ និង បើកបរដោយមានឥទ្ធពលជាតិ ស្រវឹង និង គ្រឿងញៀន ព្រមទាំងគ្មានការអធ្យាស្រ័យគ្នា និង ខ្វះនូវសីលធម៌ក្នុងការបើកបរ មិនពាក់មួក និង ដាក់ខ្សែក្រវ៉ាតសុវត្ថិភាពជាដើម ។

មានប្រសាសន៍នោះ លោក ពិន ប្រាកដ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះអង្គការមូលនិធិបង្ការរបួសអាស៊ី ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារ ក្នុងកិច្ចសហការជាមួយខេត្តសៀមរាប ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកលើកកម្ពស់ការងារសុវត្ថិភាពចរាចរណ៍ តាមរយៈការអនុវត្តគម្រោង និង កម្មវិធីដ៏មានប្រសិទ្ធភាព ។  លោកក៏បាន ថ្លែងអំណរគុណចំពោះអង្គការមូលនិធិបង្ការរបួសអាស៊ី និង ស្ថានទូតអូសាស្ត្រលី ដែលបានរួមកម្លាំងជាមួយលេខា ធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង ដៃគូរពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិ ភាពចរាចរណ៍ សំខាន់ឥរិយាបថសុវត្ថិភាព ក្នុងការធ្វើដំណើរលើដងផ្លូវ  ក្នុងការទប់ស្កាត់កាត់បន្ថយចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាប ។ លោក ពិន ប្រាកដ បានឲ្យដឹងផងដែរថា គ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យមនុស្សស្លាប់ របួស និង ពិការមានការកើនឡើង ដោយបានបន្សល់ទុកនូវសោកនាកម្ម ដែលជាផល ប៉ះពាល់ដោយផ្ទាល់ចំពោះប្រជាពលរដ្ឋ និង បង្កឲ្យរងនូវការនិរាសព្រាត់ប្រាស់ ព្រមទាំងខាតបង់ទ្រព្យសម្បត្តិរដ្ឋ ឯកជន រាប់ពាន់លានរៀលក្នុងមួយឆ្នាំៗ ហើយនិងដាក់ចេញវិធានការ ដើមី្បកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យថយចុះ មកកម្រិតទាបបំផុត ។    តាមរបាយការណ៍ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅកម្ពុជា ឆ្នាំ២០១៤ មានចំនួន១៥ពាន់៣១៥នាក់ មានចំនួន៤ពាន់៦៤៥ករណី  មានជនរងគ្រោះ ២ពាន់២២៦ នាក់ បានបាត់បង់ជីវិត និង ៦ពាន់៥នាក់រងរបួសធ្ងន់ បើគិតជាមធ្យមក្នុងមួយថ្ងៃស្លាប់៦នាក់ របួសធ្ងន់ ១៧នាក់  ក្នុង ចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានជាង៧០% អ្នកធ្វើដំណើរតាមទោចក្រយានយន្ត និង មាន ១២%  តែប៉ុណ្ណោះដែលពាក់មួកសុវត្ថិភាព ។ ​ទាំងនេះជាការឆ្លុះបញ្ចាំង ដល់អ្នកប្រើប្រាស់ទោចក្រយាន្តឲ្យមានការយល់ដឹង ពីសុវត្ថិភាពចរាចរណ៍ និង កត្តាហានិភ័យពីគ្រោះថ្នាក់ចរាចរណ៍ ក្នុងការបើកបរធ្វេសប្រហែស មិនពាក់មួកសុវត្ថិភាព ជាដើម ។ ដូច្នេះគ្រប់អ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ និង ត្រូវពាក់មួកសុវត្ថិភាព នូវ រាលពេលធ្វើការបើកបរម៉ូតូ និង យានយន្ត ដោយគ្មានជាតិស្រវឹង និង ត្រូវមានការអធ្យាស្រែយ មានសុជីវធម៌ក្នុង ការបើកបរ សំខាន់យុវជន ជាគំរូដើមី្បសុវត្ថិភាពចរាចរណ៍ តាមសាកលវិទ្យាល័យ ក្នុងការយកចំណេះដឹងស្តីពីច្បាប់ ចរាចរណ៍ និងវិធានការសុវត្ថិភាពចរាចរណ៍ ទៅធ្វើការផ្សព្វផ្សាយដល់មិត្តភ័ក្តរបស់ខ្លួន និង សហគមន៍  ព្រមទាំងដើរ តួនាទីជាគំរូ ក្នុងការគោរពច្បាប់ចរាចរណ៍ និង ចូលរួមទប់ស្កាត់ កាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ឲ្យនៅកម្រិតទាប ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំ និង អំពាវនាវដល់គ្រប់អ្នកប្រើប្រាស់ផ្លូវសាធារណៈ ត្រូវគោរពច្បាប់ចរាចរណ៍គ្រប់ពេលបើកបរ និងត្រូវពាក់មួកសុវត្ថិភាព (គឺមួកមួយជីវិតមួយ ) ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប

137 138 139 140 141 142 143 144 145 146 147 148