ពិធីកាត់ឬសសីមា សម្ពោធសមិទ្ធផលនានា ក្នុងវត្តខ្នារក្រៅ រួមទាំងមហាស្រះទឹក


ខេត្តសៀមរាប ៖ ព្រះវិហារ និង សមិទ្ធផលនានាក្នុងវត្ត វង្សភ័ក្ត្របុរីសិរីរ័ត្ន ហៅវត្តខ្នារក្រៅ រួមនឹងមហាស្រះទឹក ស្ថិតនៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានធ្វើពិធីកាត់ឬសសីមា សម្ពោធឆ្លងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយ​រង​សេនាធិការចំរុះ កងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកង​ទ័​ព​​ជើង​គោក និងជាមេបញ្ជាការ ​នៃបញ្ជាការ​ដ្ឋានជាតិកម្លាំង​ពិសេស​ប្រឆាំងភេរវកម្ម តំណាងដ៏ខ្ពង់ខ្ពស់​សម្តេ​ច​​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេ​ច​កិត្តិព្រឹទ្ធបណ្ឌិត ។

ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប  បានគូស​ បញ្ជាក់ថា វិស័យព្រះពុទ្ធ​សាសនា ទូទាំងខេត្តសៀមរាបមានវត្តចំនួន​ ២៤២ ​និង​អាស្រមចំនួន ២៣ មានព្រះសង្ឃចំនួន ៤​ពាន់៧៨៨ អង្គ ក្នុងនោះគណមហា​និកាយចំនួន ២៣៥ វត្ត និងអាស្រម ២២ ព្រះសង្ឃ​មា​ន​ចំនួន ៤ពាន់៧០២ អង្គ វត្ត​គណៈ​ធម្ម​យុត្តិកនិកាយ មានចំនួន ៧ វត្ត និង អាស្រម ១ ព្រះសង្ឃមានចំនួន ៨៦ អង្គ និង មាន​អាចារ្យ​សរុប ៦៥៨ នាក់ គណៈកម្មការវត្ត ១​ពាន់៧០៥ នាក់។

បន្ទាប់ពីសេចក្តីរាយការណ៍របស់ឯកឧត្តម ខេង សុមេធ បានបញ្ជាក់ថា វត្តខ្នារក្រៅនេះ បានកសាងឡើងក្នុង ឆ្នាំ១៩២០ ដោយបានឆ្លងកាត់ជាច្រើនជំនាន់  ទីវត្តនេះក៏គ្មានការអភិវឌ្ឍន៍  សំខាន់ក្នុងរបបប្រល័យពូជសាសន៍   ប៉ុល ពត ត្រូវបានបំផ្លាញទីវត្តនេះទាំងស្រុង ។  ដោយផ្សាភ្ជាប់នូវប្រវត្តិជីវិតដ៏ជូរចត់រយៈពេល៣ឆ្នាំ៨ខែ ២០ថ្ងៃរបស់ឯកឧត្តម បានបាត់បង់សាច់ញាតិ ពិសេសលោកឪពុកបង្កើត ។ ដើមី្បរំលឹងដល់គុណថ្ងៃជ័យជំនះ៧មករា ១៩៧៩ ក៏ ដូចជាការឧទិ្ទសដល់ដូងវិញ្ញាណក្ខ័ន្ធរបស់លោកឪពុក និង សាច់ញាតិ ឯកឧត្តម​ និង ក្រុមគ្រួសារបានកសាងកុដ្ឋ និង ព្រះវិហារនៅក្នុងទីវត្តនេះឡើងវិញ ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ ។  ម៉្យាងទៀតព្រះវិហារនេះ បានកសាងឡើង នៅឆ្នាំ២០១៦ និង រួចរាល់នៅឆ្នាំ២០១៧  ។

មានប្រសាសន៍សំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានធ្វើការអបអរសាទរនូវសមិទ្ធផលទាំងនេះ  ដែលកើតចេញឡើងពីទឹកចិត្តដ៏សប្បុរសធម៌ របស់ ក្រុមគ្រួសារឯកឧត្តម ខេង សុមេធ រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងការកសាងនូវសមិទ្ធផលក្នុងទីវត្តខ្នារក្រៅនេះ ក្នុងការបម្រើដល់វិស័យព្រះពុទ្ធសាសនា ។ ឯកឧត្តមបានគូសបញ្ជាក់ថា ផ្តើមចេញពីការ អនុវត្តគោលនយោបាយឈ្នះៗ​​ក្រោម​ការ​ដឹកនាំដ៏​ត្រឹមត្រូវរបស់​រាជរដ្ឋាភិបាល​កម្ពុជា  ដែល​មាន​សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ​ដឹក​នាំ​ប្រក​ប​ដោយគតិបណ្ឌិត បាននាំមកនូវសន្តិភាព ស្ថិរភាព និង ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័​យ​​ទូទាំ​ង​ប្រទេស ទាំងពុទ្ធចក្រ និងអាណាចក្រ ។  ​ក្រោ​​យ​​​ពី​របប​កម្ពុជាប្រជាធិបតេយ្យបានផុតរលត់ទៅ វិស័យព្រះពុទ្ធ​​សាស​​នា​ត្រូវបាន​រស់​រាន​មានជីវិត និង ​ត្រូវបានរដ្ឋយកចិត្តទុកដាក់​ធ្វើ​ឲ្យមាន​ការអភិវឌ្ឍន​រីក​ចម្រើន​ឡើង​វិញ​ ទាំងវិស័យធនធានមនុស្ស សម្ភារ​រូបវន្តក្នុ​ង​​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស ដូចវិស័យនានាផងដែរ ។ ឯកឧត្តមក៏បានលើកផងដែរថា តាមសេចក្តីរាយការណ៍ ទីតាំងឃុំកន្ទួតនេះ គឺជាសមរភូមិក្តៅ រវាងកម្លាំងឧទាមខ្មែរក្រហម និង ទាហានរដ្ឋាភិបាលកម្ពុជា  តែក្រោយប្រទេសជាតិមានសុខសន្តិភាព បានធ្វើឲ្យតំបន់សមរភូមិបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ និង ធ្វើឲ្យប្រជាពលរដ្ឋ កាន់តែមានការប្រែមុខមាត់ថ្មីលើវិស័យសេដ្ឋកិច្ចក្នុងក្រុមគ្រួសារ  ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានបន្តទៀតថា ការរៀបចំប្រារព្វពិធីបុណ្យកាត់ឫសសីមា និងឆ្លងសមិទ្ទផលនា​នា ក្នុ​ង​ឱកាសនេះ ក៏ជាការបញ្ជាក់កាន់តែច្បាស់ថា រាជ​រដ្ឋា​ភិបាល​បាន​ផ្ត​ល់​​​តួនាទីយ៉ាងសំខាន់​ដល់​ព្រះពុ​ទ្ធ​​សាសនា​ក្នុងសង្គមខ្មែរតាំង​ពី​អតី​ត​កា​​ល ​​​រហូតមក​ដល់​បច្ចុប្ប​ន្ន​ និងទៅអនាគតហើយបានចារិកទុកក្នុង​រដ្ឋធម្ម​នុ​ញ្ញថា « ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ​មា​ន​សិទ្ធពេញទីខាងជំនឿសាសនា ។ ម៉្យាងសេរីភាពខាងជំនឿ និងការប្រតិបត្តិខាង​ផ្លូ​វ​សាសនា ត្រូវបានរដ្ឋត្រូវបានរដ្ឋធានាក្នុងល័ក្ខខ័ណ្ឌ ដែលមិនប៉ះពា​ល់​ដ​ល់​ជំនឿ ឬសាសនាដទៃទៀតដល់សណ្តាប់ធ្នាប់ និង  សន្តិសុខសាធា រ​ណៈ  ព្រះពុទ្ធសាសនា ជា​សា​ស​នា​​​​របស់រដ្ឋ » ។​ ជាមួយគ្នានោះដែរ រដ្ឋ​មាន​បេសកកម្មផ្តល់ការគាំទ្រ និង​លើ​ក​​តម្កើង​វិស័យ​​ព្រះ​ពុទ្ឋ​សាសនា​ឲ្យ​រីក​ច​ម្រើ​ន ថ្កុំថ្កើង រុងរឿង ស័ក្តិ​ស​ម​​​ជា​សាស​នា​​របស់រដ្ឋ។ ក្នុងបេសកក​ម្ម​​ដ៏ឧត្តុង្គឧត្តមនេះ រដ្ឋមានតួនាទី​ផ្សព្វ​​ផ្សាយ លើកតម្កើង​គ្រឹះស្ថាន​អប់រំ​ផ្នែកព្រះពុទ្ធសាសនា រួមមាន សា​លា​​​​បាលី និងពុទ្ធិក​សិក្សា​នៅគ្រប់​កម្រិ​ត ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកផងដែរ អំពីស្ថានភាពនយោបាយក្នុង និង ក្រៅ ប្រទេស សំខាន់ចំពោះការធ្វើបដិវត្តពណ៌ របស់ក្រុមជនក្បត់ជាតិមួយចំនួន ដែលមានការប៉ង់ប៉ងផ្តួលរំលំរាជរដ្ឋា ភិបាលស្របច្បាប់នៅកម្ពុជា ដែលកើតចេញពីការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិតក៏បានធ្វើ ការផ្តាំផ្ញើដល់បងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តខ្នារក្រៅ ត្រូវចូលរួមថែរក្សាសមិទ្ធផលទាំងនេះ សំខាន់សមិទ្ធ ផលមហាស្រះទឹក ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់ជូនបងប្អូន បានប្រើប្រាស់ក្នុងភូមិនេះទាំងមូល ។

ក្នុងការឆ្លើយតបទៅនឹងសំណើរបស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរឃុំ និងប្រជាពលរដ្ឋក្នុងឃុំ កន្ទួតនេះ សម្តេចទាំងពីរបានផ្តល់នូវអគារ១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់ និង ទីចាត់ការ១ខ្នង ៣បន្ទប់ រួម ទាំងចូលរួមបច្ច័យក្នុងពិធីបុណ្យឆ្លងនេះផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

232 233 234 235 236 237 238 239 240 241 242 243 244 245 246 247 248 249 250 251 252 253 254 255 256 257 258 259 260