ការប្រឡងជ្រើសរើសបញ្ចូលក្របខណ្ឌអនុរក្សពន្ធនាគារនៃក្រសួងមហាផ្ទៃ


ខេត្តសៀមរាប ៖ កាលពីព្រឹកថ្ងៃអាទិត្យ ១៣រោ ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៨នេះ នៅវិទ្យាល័យ១០មករា ១៩៧៩  ខេត្តសៀមរាប មានធ្វើការប្រឡង ជ្រើសរើសបញ្ចូលក្របខ័ណ្ឌអនុរក្សពន្ធនាគារនៃក្រសួងមហាផ្ទៃ  ដែលមានបេក្ខជន ចំនួន៦៨៧នាក់ ស្រី២៨៧នាក់ បានដាក់ពាក្យសុំចុះឈ្មោះប្រឡងក្នុងក្របខណ្ឌ័មន្ត្រីពន្ធនាគារខេត្តសៀមរាប ដែលបានប្រព្រឹទ្ធទៅក្រោមការត្រួតពិនិត្យ និង បើកវិញ្ញាសាររបស់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃ គណៈអភិបាលខេត្ត លោក អ៊ុន សុវត្ថា អនុប្រធាន នាយក ដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ សួន សីហា អនុប្រធាន ការិយាល័យបុគ្គលិក នៃអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងអស់លោក  លោកស្រីជាតំណាងក្រសួងមហាផ្ទៃ  លោកនាយករដ្ឋបាលសាលាខេត្ត     គណៈមេប្រយោគ និង គណៈកម្មការប្រឡង ជាច្រើនរូបចូលរួមផងដែរ ។

សូមបញ្ជាក់ផងដែរថា ការប្រឡងជ្រើសរើសបញ្ចូលក្របខណ្ឌអនុរក្សពន្ធនាគារ ធ្វើទៅតាមការកំណត់របស់ក្រសួងមហាផ្ទៃ  ។

តាមការបញ្ចាក់របស់លោក   សន សេរីវុទ្ធី  នាយកទីចាត់ការស្តីទីធនធានមនុស្ស នៃរដ្ឋាបាលសាលាខេត្តសៀមរាបបានឲ្យដឹងថា  ការដាក់ពាក្យប្រឡងបញ្ចូលក្របខណ្ឌអនុរក្សពន្ធនាគារនៃក្រសួងមហាផ្ទៃ ខេត្តសៀមរាប មានចំនួនសរុប ៦៨៧នាក់ ស្រី២៨៧នាក់  ជាក់ស្តែងវត្តមានបេក្ខជនបានចូលមកប្រឡងមានចំនួន ៥៨៧ នាក់ ស្រី ២៤៦ នាក់ អវត្តមាន ១០០នាក់ ស្រី ៤១ នាក់  ហើយតាមការកំណត់របស់ក្រសួងមហាផ្ទៃ ជ្រើសរើសអនុរក្សពន្ធនាគារ ចំនួន ៣០ នាក់ ស្រី៦នាក់ ។ លោកក៏បានឲ្យដឹងផងដែរថា បេក្ខជនដាក់ពាក្យសុំធ្វើការប្រឡង​​ ជាសិស្ស និសិ្សតក្នុងខេត្តសៀមរាប  មានបន្ទប់ប្រឡងសរុប ចំនួន២៨បន្ទប់ ហើយវិញ្ញាសារ ប្រឡង ផ្តោតលើប្រធានបទ ចំណេះដឹងទូទៅ ​គណិវិទ្យា ​ការសរសេរអត្ថបទ ឬ លិខិតរដ្ឋបាល  ។

មានប្រសាសន៍នោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង  ក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗ ដែលជាបេក្ខជនទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់ នៅក្នុងពេលប្រឡង ហើយត្រូវបញ្ចេញឲ្យអស់នូវសមត្ថភាពរបស់ខ្លួន នូវចំណេះដឹងដែលបានសិក្សាកន្លងមករបស់ក្មួយៗ ព្រមទាំងត្រូវគោរពឲ្យបានល្អនូវបទបញ្ជា អង្គការវិន័យក្នុងពេលប្រឡង និង ស្តាប់នូវការណែនាំរបស់គណៈមេប្រយោគឲ្យបានខ្ជាប់ខ្ជួន ។ ម៉្យាងទៀតការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌអនុរក្សពន្ធនាគារ នៃ ក្រសួងមហាផ្ទៃនាពេលនេះ  គឺជាការបំពេញនូវក្របខ័ណ្ឌមន្ត្រីអនុរក្សពន្ធនាគារ របស់ក្រសួងមហាផ្ទៃ ហើយក៏ជាឱកាសដ៏ប្រសើរសម្រាប់ក្មួយៗ ជាបេក្ខជនទាំងអស់ ក្នុងការវាស់ស្ទង់នូវគំនិតយល់ដឹង  ចំណេះដឹង ពីសមត្ថភាពរបស់ក្មួយៗ  ដើមី្បយកទៅបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្ត្រីអនុរក្សពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្រាប់ទៅថ្ងៃអនាគត ។

ក្នុងការប្រឡងនេះ គឺបានប្រព្រឹទ្ធទៅមួយព្រឹកពេញ ប្រកបដោយភាពរលូន និង ទទួលបានជោគជ័យ ទៅតាមការកំណត់នៃកម្មវិធីរបស់ក្រសួងមហាផ្ទៃ ៕ អត្ថបទ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

12431 12432 12433 12434 12435 12436 12437 12438 12439 12440 12441 12442 12443 12444 12445 12446