ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ៩ រោចខែភទ្របទ ឆ្នាំវក អដ្ឋិស័ក ពុទ្ធសករាជ ២៥៦០ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការសាលាខេត្ត បានអញ្ជើញចូលរួមដាក់បិណ្ឌវេនទី៩ ក្នុងវត្តអង្គរខាងត្បូង និងវត្តព្រះឥន្ធកោសីយ៍ ក្រុង ខេត្តសៀមរាប នារដូវកាលបុណ្យភ្ជុំបិណ្ឌនេះ ។
បន្ទាប់ពីការគោរពថ្វាយភូងផ្កាបូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសាម្ពុទ្ធរួចមក នៅក្នុងពិធីកាន់បិណ្ឌនេះឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង និងលោកជំទាវ ព្រមទាំងបងប្អូនជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ពុទ្ធបរិស័ទ បានធ្វើការវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីវត្តអង្គរខាងត្បូង និង វត្តព្រះឥន្ធកិសីយ៍ ដោយមួយវត្តរួមមាន មួយៗវត្ត រួមមាន អង្ករ ២៥០គក្រ មី ០៥កេស ទឹកក្រូច ១០កេស ទឹកត្រី ០៥យួរ ទឹកស៊ីអ៊ីវ ០៥យួរ ទឹកសុទ្ធ១០កេស ត្រីខ០៥យួរ ស្ករស ១០គក្រ និង ទឹកដោះគោ ០១កេស បច្ច័យចំនួន ២លានរៀល ។
ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា បុណ្យភ្ជុំបិណ្ឌក៏ដូចជាបុណ្យផ្សេងៗទៀតត្រូវបានប្រារព្ធឡើង វិញក្រោយថ្ងៃជ័យជំនះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំទៅក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណ មកដល់សតវត្សរ៍ទី២១នេះ ។ ឯកឧត្តមបណ្ឌិតក៏បានបញ្ជាក់ថា ដើម្បី ចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ ឯកឧត្តម និង លោកជំទាវ បានផ្ដួចផ្ដើមគំនិតដឹកនាំមន្ត្រីថ្នាក់ដឹកនាំមកចូលរួមដាក់បិណ្ឌជាមួយបងប្អូនពុទ្ធបរិស័ទ ដើម្បីឧន្ទិសកុសលផលបុណ្យជូនសាច់ញាតិ ជីដូនជីតា និង ញាតិការទាំង៧សន្តាន ព្រមទាំងកម្មាភិបាល យុទ្ធជន ដែលបានលាចាកលោកទៅហើយនោះ ។ ឯកឧត្តមបណ្ឌិត បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពុទ្ធបរិស័ទ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មីឲ្យបានគ្រប់ៗគ្នា ដើមី្បបំពេញនូវកាតព្វកិច្ចជាពលរដ្ឋមួយរូប ក្នុងការជ្រើសរើស តំណាងរបស់ខ្លួន ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ និង ចូលរួមលើកម្ពស់សុវត្ថិភាពសន្តិសុខ និង គោរព នូវច្បាប់ចរាចរណ៍ សំខាន់ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ពេលបើកបរត្រូវមានការប្រុងប្រយ័ត្ន មានការអាព្យាស្រ័យគ្នា ផងដែរ ។
ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង បងប្អូនញាតិមិត្ត ពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃដែល ឯកឧត្តម លោកជំទាវ និង ថ្នាក់ដឹកនាំ បានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ដែលជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សា កូនចៅ ឲ្យមានសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។ សូម ឲ្យអំណាចនៃអានិសង្ឃ នេះជួយទ្រទ្រង់ឲ្យវិញ្ញាណក័្ខន្តអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ។
ក្នុងនោះដែរឯកឧត្តមបណ្ឌិត និង លោកជំទាវបានជូនទ័យ្យទានដល់ សីលវ័ន្ត សីលវន្តី ម្នាក់ៗ ក្រណាត់ស ០១ដុំ បច្ច័យ ១ម៉ឺនរៀល ផងដែរ ៕ អត្ថបទ ម៉ី សុខារិទ្ធ